Arsenal តែងតាំងអតីតខ្សែបម្រើលោក Edu ជាប្រធានបច្ចេកទេស

ក្លឹបកាំភ្លើងធំ Arsenal បានបញ្ជាក់ថា​ អតីត​ខ្សែបម្រើ Edu បាន​វិលត្រឡប់​មក​ក្លឹប​វិញក្នុងឋានៈជា​ប្រធាន​បច្ចេកទេស។​ Edu បានចូល​មក​ជំនួស​តំណែងលោក Sven Mislintat ដែល​បាន​ចាកចេញពីក្លឹប Arsenal ទៅចូល​រួម​ជាមួយ​ក្លឹប Stuttgart នៅ​ក្របខណ្ឌ​ Bundesliga ។

Edu ធ្លាប់លេង​ឲ្យ​ក្លឹប​ Arsenal ចន្លោះឆ្នាំ​២០០១ដល់​២០០៥ ហើយ​ជា​ផ្នែក​នៃ​ក្រុម​ខ្លាំង​របស់​ Arsenal នៅរដូវកាល​ឆ្នាំ​២០០៣​-២០០៤។ Edu បាន​និយាយថា “​ក្លឹប Arsenal តែងតែមាន​កន្លែងពិសេសក្នុងចិត្ត​របស់ខ្ញុំ។ ខ្ញុំរំភើបមែន​ទែន​​ដោយវិលត្រឡប់​មក​ក្លឹបនេះវិញ​ជាមួយតួនាទីថ្មី។

Edu ធ្លាប់បំពេញការងារ​ជាមួយសហព័ន្ធបាល់ទាត់​ប្រេស៊ីលជា​អ្នក​សម្របសម្រួល​ទូទៅ​ ប៉ុន្តែ​ត្រូវ​បាន​ជំនួស​ដោយអតីត​ខ្សែបម្រើ Juninho របស់​ក្លឹប Middlesbrough បន្ទាប់ពី​ក្រុម​ប្រេស៊ីល​យក​ឈ្នះ​ក្រុមប៉េរូ​នៅក្របខណ្ឌ Copa America ។

សហព័ន្ធ​បាល់ទាត់​ប្រេស៊ីល​បានបញ្ជាក់ក្នុង​សេចក្តី​ថ្លែង​ការណ៍​កាលពីថ្ងៃច័ន្ទ​ថា លោក Juninho នឹងចូល​ជំនួស​តំណែង​របស់​លោក Edu៕

adverise with khmeread