រុស្ស៊ីបើកភ្លើងខៀវឱ្យចិនសង់ផ្លូវហាយវ៉េឆ្លងកាត់ទឹកដីខ្លួនប្រវែងជាង២ពាន់គីឡូម៉ែត្រដើម្បីតភ្ជាប់អឺរ៉ុបនិងចិន

រុស្ស៊ីបានផ្តល់ភ្លើងខៀវសម្រាប់ការស្ថាបនាផ្លូវប្រវែង ២.០១២ គីឡូម៉ែត្រឆ្លងកាត់ដែនដីរបស់ខ្លួន ចំពេលចិនប៉ុនប៉ងធ្វើឱ្យរស់ឡើងវិញនូវផ្លូវជំនួញសូត្របុរាណ។

ផ្លូវហាយវ៉េ ឈ្មោះ Meridian Highway ដែលផ្តល់លុយសាងសង់ដោយឯកជន នឹងរត់ឆ្លងកាត់ពីព្រំដែនរបស់ប្រទេសរុស្ស៊ីជាមួយប្រទេសបេឡារុសទៅព្រំដែនកាហ្សាក់ស្ថាន ហើយនឹងបង្កើតជាបណ្តាញផ្លូវដ៏ធំទូលាយមួយលាតសន្ធឹងពីទីក្រុង Hamburg របស់អាល្លឺម៉ង់រហូតដល់ទីក្រុងសៀងហៃ។

ផ្លូវនេះគឺជាផ្នែកមួយនៃគំនិតផ្តួចផ្តើមអំពី "ក្រវាត់និងផ្លូវ" ដែលជាមហិច្ឆតារបស់ប្រធានាធិបតីចិនលោក Xi Jinping ដែលឃើញមហាអំណាចអាស៊ីចុងបូព៌ាមួយនេះវិនិយោគយ៉ាងច្រើនសម្បើមទៅលើបណ្តាញផ្លូវថ្នល់របស់ប្រទេសដទៃទៀតនៅក្នុងកិច្ចប្រឹងប្រែងដើម្បីគ្របដណ្ដប់លើពាណិជ្ជកម្មពិភពលោក។ នៅពេលសាងសង់រួច ផ្លូវនេះនឹងក្លាយជាផ្លូវកាត់ដ៏ខ្លីបំផុតដើម្បីដឹកជញ្ជូនទំនិញរវាងអឺរ៉ុបនិងចិន។

ការសាងសង់បានចាប់ផ្តើមជាស្រេចនៅចុងផ្លូវហាយ Meridian Highway ក្នុងប្រទេសរុស្ស៊ី និងត្រូវគេរំពឹងថានឹងចំណាយពេលប្រហែល ១២ ទៅ ១៤ ឆ្នាំដើម្បីបញ្ចប់ការសាងសង់ផ្លូវទាំងមូល ដែលនឹងចំណាយប្រហែល ៩,៣៤ ពាន់លានដុល្លារ។

នៅឯចុងភាគខាងលិចវិញ ផ្លូវហាយវ៉េមាន៤គន្លងនេះនឹងចូលទៅប្រទេសបេឡារុសកៀកនឹងទីក្រុង Smolensk របស់រុស្ស៊ី ដែលស្ថិតនៅចន្លោះកណ្តាលរវាងរដ្ឋធានីមូស្គូនិងរដ្ឋធានីមីន។ ខណៈនៅចុងភាគខាងកើតវិញ ផ្លូវនេះនឹងចូលកៀកទីក្រុង Sagarchin នៅព្រំដែនកាហ្សាក់ស្ថាន។

គេសង្ឃឹមថា ផ្លូវហាយវ៉េ Meridian Highway នឹងកាត់បន្ថយចំណាយដឹកជញ្ជូនរវាងមណ្ឌលលក់ទំនិញនៅចិនភាគខាងលិច និង អឺរ៉ុបភាគកណ្តាល និងផ្តល់នូវជម្រើសលឿនជាងផ្លូវដឹកជញ្ជូនដែលមានស្រាប់ចំនួន៣ ដែលរួមមានទាំងផ្លូវរថភ្លើងឆ្លងកាត់តំបន់ស៊ីបេរី និង ព្រែកជីកស៊ុយអេ៕

adverise with khmeread
tiger
Loading ad ...