ម្ដាយទិញម៉ូតូឱ្យជិះ បែរជាយុវជនសិស្សអនុវិទ្យាល័យនាំមិត្តភ័ក្តិទៅឆក់ទូរស័ព្ទដៃទៅវិញ

ភ្នំពេញ​ ៖​ ជនសង្ស័យជាសិស្សាលាវ័យ​ក្មេង​ពីរ​នាក់​ ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួនបន្ទាប់​ពី​​ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទ​ដៃ​ពីនារី​ម្នាក់ មិនបាន​សម្រេច​ កាលពី​វេលាម៉ោង​១០យប់​ ថ្ងៃ​ពុធ ទី​១០​ខែកក្កដា​ ឆ្នាំ​២០១៩​ នៅ​ត្រង់​ចំណុច​ខាងមុខ​ក្លោង​ទ្វារ​វត្ត​សំរោង​អណ្ដែត​ ស្ថិតតាម​បណ្ដោយ​ផ្លូវ​ភ្នំពេញ-ហាណូយ​ ​សង្កាត់​គោកឃ្លាង​ ខណ្ឌសែនសុខ​ រាជធានីភ្នំពេញ ។ 

ប៉ូលិសនិយាយថា​ ជនសង្ស័យ​ទី​១-ឈ្មោះ​ ផូ​ វិរៈ​បុត្រ​ ភេទប្រុស​ អាយុ​១៥ឆ្នាំ (​អ្នកបើក​បរម៉ូតូ) ជាសិស្ស​ថ្នាក់​ទី​៧ ស្នាក់នៅ​បឹងកក់​ទី​១​ ខណ្ឌទួលគោក​ និងជនសង្ស័យទី​២ -ឈ្មោះ​ នូ ឧត្តម​ ភេទ​ប្រុស​ អាយុ​១៥ឆ្នាំ​ ( អ្នក​អង្គុយ​ខាងក្រោយ​ធ្វើ​សកម្មភាពឆក់ )  ជាសិស្ស​ថ្នាក់​ទី​៧ ស្នាក់នៅ​ក្នុង​សង្កាត់​បឹងកក់​ទី​១​ ខណ្ឌទួលគោក ​។ ជនសង្ស័យបានជិះម៉ូតូ​ម៉ាក​ ហុងដាឃ្លីក​ ពណ៌ក្រហម​ ពាក់ស្លាកលេខ​ ភ្នំពេញ​1GB-5966​ ដើម្បីធ្វើសកម្មភាព ។

ប៉ូលិស​ប៉ុស្តិ៍​​ភ្នំពេញថ្មី​បានឱ្យដឹងថា ​ដំបូងកម្លាំង​សមត្ថកិច្ច​បាន​ធ្វើការ​ជិះ​ល្បាត​ក្នុង​មូល​ដ្ឋាន​ ដេីម្បី​បង្ការទប់ស្កាត់​បទល្មើស​ រក្សា​សន្តិសុខ​ជូន​ប្រជាពលរដ្ឋ​។ លុះពេលជិះមកដល់ចំណុច​កើតហេតុ ​ ក៏ស្រាប់​តែ​ប្រទះ​ឃើញ​ ជនសង្ស័យ​ទាំង​ពីរ​នាក់​​ជិះ​ម៉ូតូ​ ឌុបគ្នាតាម​បណ្ដោយ​ផ្លូវ​ភ្នំពេញ-ហាណូយ​ ក្នុង​ទិសដៅ​ពី​ជើង​ទៅ​ត្បូង​បាន​ធ្វើសកម្ម​ភាព​ឆក់ទូរ​ស័ព្ទ​ដៃ​មួយគ្រឿងមិន​ចាំ​ម៉ាកពីនារី​ម្នាក់​ដែល​កំពុង​ជិះ​ម៉ូតូ​​ម៉ាក​ធូដេ​ មិន​ចាំស្លាកលេខ​ ក្នុងទិស​ដៅស្របទិសគ្នា​តែមិនបានសម្រេច។  

ប៉ូលិសបន្តថា ភ្លាមៗនោះ​នារី​រងគ្រោះ​ ក៏​បាន​ស្រែក​ចោរ​ៗ​ បង្ក​ឱ្យជនសង្ស័យ​ភ័យ​ស្លន់ស្លោ​ រួចក៏​បន្ថែម​ល្បឿន​បេីក​រត់គេចខ្លួន​។ សមត្ថកិច្ច​ក៏បាន​ជិះ​ម៉ូតូ​ដេញ​តាម​ដល់​ចំណុច​ខាងក្រោម​ស្ពានអាកាស​៥មករា​ ដោយជនសង្ស័យ​ភ័យ​ស្លន់ស្លោក៏​បាន​ដួល​ម៉ូតូ​ រួច​ក៏​ត្រូវបាន​សមត្ថកិច្ច​ធ្វើការ​ឃាត់ខ្លួន​​ រួចនាំ​​យក​ទៅ​សាកសួរ​នៅ​អធិការ​ដ្ឋាន​​ខណ្ឌ​សែនសុខ​ ដើម្បី​កសាង​សំណុំ​រឿង ​ចាត់​ការ​ទៅ​តាម​នីតិវិធី​ច្បាប់​ ​៕

adverise with khmeread