អ្នកដំណើរនាំគ្នាផ្ញើសារផ្តែផ្តាំទៅមនុស្សជាទីស្រឡាញ់ បន្ទាប់ពីយន្តហោះមួយគ្រឿងខូចម៉ាស៊ីន ខណៈហោះក្នុងកម្ពស់ជាង ៣០០០ម៉ែត្រលើមេឃ

អ្នកដំណើរបានបង្ហាញឱ្យឃើញពីហេតុផលដែលពួកគេបានចាប់ផ្តើម "ព្រឺរសម្បុររងាញ័រញាក់" បន្ទាប់ពីផ្នែកនៃម៉ាស៊ីនយន្តហោះមួយ ត្រូវបានគេឃើញដាច់ធ្លាក់តោងជាប់ដោយខ្សែភ្លើងកំពុងលោតចុះឡើងនៅក្នុងម៉ាស៊ីននៅលើស្លាបយន្តហោះ Delta Airlines។

ជើងហោះហើរពីទីក្រុង Atlanta ទៅកាន់ទីក្រុង Baltimore ក្នុងសហរដ្ឋអាមេរិកមួយនេះ ត្រូវបានបង្ខំឱ្យចុះចតបន្ទាន់នៅក្នុងរដ្ឋ North Carolina បន្ទាប់ពីមានការខូចមេកានិចមួយ ខណៈដែលអ្នកដំណើរដ៏តក់ស្លុតបានបង្ហើបពីរបៀបដែលកាប៊ីនម៉ាស៊ីនមួយនេះ ពោរពេញទៅដោយផ្សែង។

វីដេអូដ៏រំខានអារម្មណ៍នេះបានបង្ហាញពីអ្វីដែលទំនងដូចជាផ្នែកម៉ាស៊ីយន្តហោះកំពុងបញ្ចេញពន្លឺក្រហមឆ្អិនឆ្អៅក្តៅគគុក ខណៈដែលយន្តហោះកំពុងហោះហើរក្នុងកម្ពស់ជាង ៣០០០ម៉ែត្រនៅលើមេឃ។

យន្តហោះ MD-88 មួយគ្រឿងនេះ ជាមួយនឹងអ្នកដំណើរ ១៤៨នាក់ និងបុគ្គលិកយន្តហោះប្រាំមួយនាក់ទីបំផុតបានចុះចតដោយសុវត្ថិភាពនៅឯអាកាសយានដ្ឋាន Raleigh-Durham ហើយមនុស្សទាំងអស់នៅលើយន្តហោះសុទ្ធតែមានសុវត្ថិភាព។

អ្នកដំណើរមួយរូបឈ្មោះ Avery Porch បាននិយាយថា "បន្ទាប់ពីឮសំឡេងផ្ទុះ យើងបានឃើញផ្សែងហុយចេញពីកាប៊ីនម៉ាស៊ីននៅស្លាបយន្តហោះ ហើយនោះហើយគឺជាពេលដែលយើងចាប់ផ្តើមភ័យញ័រខ្លួន។ ម៉ាស៊ីនបានចាប់ផ្តើមថយល្បឿនបន្តិច ហើយខ្យល់ក៏លែងចេញពីវាដែរ។ ខ្ញុំអាចនឹងជាមនុស្សដំបូងគេដែលត្រូវលោតចេញពីយន្តហោះ"។

មិត្តប្រុសរបស់នាង លោក Tyler Krueger បាននិយាយថា "ខ្ញុំបានដកទូរស័ព្ទខ្ញុំចេញមក ហើយខ្ញុំដឹងទូរស័ព្ទខ្ញុំមិនមានសេវាទេ។ ខ្ញុំគ្រាន់តែផ្ញើសារទៅម៉ាក់ខ្ញុំថា ខ្ញុំស្រឡាញ់ម៉ាក់ ខ្ញុំផ្ញើសារទៅប៉ាខ្ញុំថា ខ្ញុំស្រឡាញ់ប៉ា"។

អ្នកដំណើរផ្សេងទៀតបានកោតសរសើទៅដល់ពីឡុតយន្តហោះ ដោយនិយាយថា "ខ្ញុំមិនដឹងពីរបៀបដែលពួកគេនៅតែធ្វើអារម្មណ៍ស្ងប់បានរបៀបម៉េចនោះទេ ប៉ុន្តែខ្ញុំអរគុណពួកគេខ្លាំងណាស់"៕

adverise with khmeread