ឥណ្ឌូនេស៊ីគ្រោងនឹងចាប់ផ្តើមសាងសង់ស្ពានលើសមុទ្រប្រវែង៧គីឡូម៉ែត្រភ្ជាប់មកកោះពីរក្បែរសិង្ហបុរីដើម្បីចាប់យកឱកាសពីជម្លោះពាណិជ្ជកម្មរវាងចិននិងអាមេរិក

ឥណ្ឌូណេស៊ីគ្រោងនឹងចាប់ផ្តើមសាងសង់ស្ពានលើសមុទ្រវែងជាងគេនៅឆ្នាំក្រោយដើម្បីភ្ជាប់កោះពីរនៅជិតសិង្ហបុរីនិងជំរុញការលូតលាស់សេដ្ឋកិច្ចនិងពាណិជ្ជកម្មជាមួយមជ្ឈមណ្ឌលសេដ្ឋកិច្ចដែលនៅជិតខាងខ្លួន។

លេខាខុទ្ទកាល័យរបស់ឥណ្ឌូនេស៊ីបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃព្រហស្បតិ៍ទី១១កក្កដាថា ស្ពានប្រវែង៧គីឡូម៉ែត្រ ដែលតភ្ជាប់ទៅកោះ Batam និងកោះ Bintan របស់ឥណ្ឌូនេស៊ី (ស្ថិតនៅកៀកបំផុតនឹងសិង្ហបុរី) នឹងត្រូវចំណាយអស់ទឹកប្រាក់ចំនួន ៤ លានលាន Rupiah (២៨៤ លានដុល្លារអាមេរិក) ហើយការសាងសង់គ្រោងនឹងចំណាយពេល ៣ ទៅ ៤ ឆ្នាំ។

ប្រធានាធិបតីឥណ្ឌូនេស៊ីលោក Joko Widodo ដែលជាប់ឆ្នោតប្រធានាធិបតីអាណត្តិទី២ កំពុងចាប់ផ្ដើមនូវការជំរុញផ្នែកហេដ្ឋារចនាសម្ព័ន្ធតម្លៃសរុបជាង ៤០០ ពាន់លានដុល្លារអាមេរិក។

រដ្ឋាភិបាលឥណ្ឌូនេស៊ីចង់ដាក់ទីតាំងកោះ Batam ទៅជាមជ្ឈមណ្ឌលដឹកជញ្ជូននិងផលិតកម្មជំនួសមួយទៅកាន់សិង្ហបុរី ដែលអាចទាក់ទាញការវិនិយោគថ្មីតម្លៃ ៦០ ពាន់លានដុល្លារ។

យោងតាមសេចក្តីថ្លែងការណ៍ខាងលើបានឱ្យដឹងថា ក្រសួងដែលទទួលបន្ទុកកិច្ចការសាធារណៈកំពុងរៀបចំការសិក្សាលទ្ធភាពនិងវិភាគរចនាសម្ព័ន្ធវិស្វកម្មហើយមានគោលបំណងបញ្ចប់ទាំងស្រុងនូវការសិក្សានេះនៅចុងឆ្នាំនេះតែម្តង។

លោក Edy Putra Irawady ប្រធានក្រុមអភិវឌ្ឍកោះ Batam បាននិយាយថា ប្រទេសឥណ្ឌូណេស៊ីកំពុងអភិវឌ្ឍកោះ Batam ដើម្បីទាញយកឱកាសដែលអាចកើតឡើងពីភាពតានតឹងពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិកនិងចិន។

ស្ពាននេះក៏នឹងបំពេញបន្ថែមកិច្ចខិតខំប្រឹងប្រែងរបស់សិង្ហបុរីក្នុងការបង្កើនចរាចររបស់អ្នកដំណើរតាមផ្លូវអាកាសផងដែរ ដោយសាងសង់ចំណតទី៥ សម្រាប់ព្រលានយន្តហោះចាងជីរបស់ខ្លួន៕ 

adverise with khmeread

អ្នកនឹងចូលចិត្ត