មន្ត្រីយោធាជើងទឹកសក្តិ៤កន្លះម្នាក់ បានបាត់ជីវិតដោយសារដើរឆ្លងផ្លូវត្រូវម៉ូតូធំបុក

ភ្នំពេញ ៖ មន្ត្រី យោធាកងទ័ពជើងទឹកម្នាក់ បានបាត់បង់ជីវិតដោយសារដើរឆ្លងផ្លូវ ត្រូវម៉ូតូធំបុកពេញទំហឹង កាលពីវេលាម៉ោង១២ និង១០នាទីយប់ រំលងអធ្រាត្រឈានចូលថ្ងៃសុក្រ ទី១២ ខែកក្កដា ឆ្នាំ២០១៩ ត្រង់ចំណុចជាប់របងកំពង់ផែភ្នំពេញ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ។ 

សមត្ថកិច្ចនិយាយថា​ ជនរងគ្រោះមានឈ្មោះ ហែម នៅ ភេទប្រុស អាយុ៦០ឆ្នាំ ជាកងទ័ពជើងទឹក អគ្គបញ្ជាដ្ឋាន ឋានន្តរសក្តិ វរនាវីទោ សព្វថ្ងៃរស់នៅក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ត្រូវម៉ូតូបុកម៉ាក ភូរស្រា ពណ៌ខ្មៅ លាយស ពាក់ស្លាកលេខ ភ្នំពេញ1CT-9933 បើកបរដោយបុរសម្នាក់រងរបួសធ្ងន់។ 

ប្រភពពីកន្លែងកើតហេតុបានឱ្យដឹងថា គេឃើញជនរងគ្រោះដើរឆ្លងផ្លូវលេខ៨៤ (វិថីនារីក្លាហាន) ទិសដៅពីលិចទៅកើត ខណៈកំពុងតែដើរឆ្លងផ្លូវ ក៏ស្រាប់តែមានម៉ូតូធំមួយគ្រឿងបើកបរយ៉ាងលឿន តាមបណ្តោយផ្លូវព្រះស៊ីសុវត្ថិ ទិសដៅពីត្បូងទៅជើង បុកពេញទំហឹងបណ្តាលឱ្យអ្នកដើរ និងអ្នកជិះម៉ូតូរងរបួសធ្ងន់ទាំងសង្ខាង។ ភ្លាមៗក៏មានរថយន្តសង្រ្គោះមកដឹក យកទៅមន្ទីរពេទ្យ តែកម្មអកុសល បានពាក់កណ្តាលផ្លូវ អ្នកដើរឆ្លងផ្លូវបានផុតដង្ហើម។ 

ក្រោយមក សមត្ថកិច្ចវាស់វែង យកម៉ូតូទៅរក្សាទុកនៅស្នងការដ្ឋាននគរបាលចរាចរណ៍រាជធានីភ្នំពេញ រង់ចាំដោះស្រាយគ្នានៅពេលក្រោយ។ ចំណែកសពប្រគល់ឱ្យទៅសាច់ញាតិ យកទៅធ្វើបុណ្យតាមប្រពៃណី៕ 

adverise with khmeread