លោក ម៉ែន​ ច័ន្ទរិទ្ធី​ ត្រៀមប្តឹងបកទៅតុលាការវិញ បើសិនមានជនណាម្នាក់នៅតែបង្ខូចកិត្តិយសរបស់លោក

​ភ្នំពេញ​ ៖​ បន្ទាប់ពីសារព័ត៌មាន និងបុគ្គលមួយចំនួនតូចក្នុងបណ្តាញសង្គមហ្វេសប៊ុក ចុះផ្សាយលាបពណ៌នូវព័ត៌មានមិនពិតជុំវិញករណីជ្រើសរើសទ័ពដោយខុសច្បាប់​កាលពីថ្មីៗនេះរួចមក​ លោកលោក ម៉ែន​ ច័ន្ទរិទ្ធី​ បានធ្វើសន្និសិទកាសែតមួយកាលពីព្រឹកថ្ងៃទី១២ កក្កដា ឆ្នាំ២០១៩​ ដោយបានស្រាយបំភ្លឺបញ្ហា៣ចំណុចសំខាន់ៗ ដែលជាហេតុធ្វើឱ្យប៉ះពាល់កិត្តិយសធ្ងន់ធ្ងររបស់លោកពិសេសដល់ក្រសួងការពារជាតិ។

​លោក ម៉ែន​ ច័ន្ទរិទ្ធី​ បានបញ្ជាក់ថា​ ចំណុចទីមួយលោកសូមឱនកាយគោរពដល់ថ្នាក់ដឹកនាំប្រមុខរាជរដ្ឋាភិបាល​ ជាពិសេសសម្តេចពិជ័យសេនា​ ទៀ​ បាញ់​ ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងការពារជាតិ​ ជុំវិញការលាបពណ៌និងចុះផ្សាយព័ត៌មានមិនពិតពាក់ព័ន្ធការងារកងទ័ព​ ដែលធ្វើឱ្យប៉ះពាល់ដល់រូបលោកពិសេសដល់ថ្នាក់ដឹកនាំក្រសួងការពារជាតិ​។

​លោក ម៉ែន​ ច័ន្ទរិទ្ធី​ បានបន្តថា​ កាលពីម្សិលមិញលោកបានទទួលព័ត៌មានថា​ មានជនខិលខូចបានផ្សាយលាបពណ៌ជុំវិញការរើសទ័ព​ តាមបណ្តាញសង្គមហ្វេសប៊ុកនិងគេហទំព័រមួយចំនួនតូច។ លោកសូមបដិសេធនិងច្រាលចោលទាំងស្រុង​ ព្រោះវាជាព័ត៌មានមិនពិតនិងជាព័ត៌មានក្លែងក្លាយ។ លោកមិនទទួលយកការលាបពណ៌ ដែលធ្វើឱ្យខូចដល់កិត្តិយសដល់រូបលោកផ្ទាល់ និងថ្នាក់ដឹកនាំក្រសួងការពារជាតិនោះឡើយ។ ប្រសិនរូបលោកបានប្រព្រឹត្តប្រាកដមែន​ លោកសូមទទួលខុសត្រូវទាំងស្រុងចំពោះមុខច្បាប់។

​ចំពោះចំណុចទី២លោក ម៉ែន​ ច័ន្ទរិទ្ធី​ បានបញ្ជាក់ថា​ ជុំវិញការសរសេរថារូបលោកជាកូនរបស់លោកឧកញ៉ា ម៉ែន​ សារុន​នោះលោកសូមបដិសេធទាំងស្រុង។ លោកមិនមានជាប់សាច់សារលោហិតជាមួយលោកឧកញ៉ាម៉ែន​ សារុន​នោះទេ​ គ្រាន់តែមានត្រកូលដូចគ្នាប៉ុណ្ណោះ​ ហើយអ្នកសរសេរមួយចំនួនគិតដោយខ្លួនឯង​ ខុសពីការពិត។ លោកក៏សូមខន្តីអភ័យទោសដល់ក្រុមគ្រួសារលោកឧកញ៉ាម៉ែន​ សារុនប្រសិនមិនពេញចិត្តឬប្រតិកម្មលើរឿងនេះ​ សូមទំនាក់ទំនងទៅអ្នកសរសេរដោយផ្ទាល់ដើម្បីសួរអំពីការពិត​ លោកមិនទទួលខុសត្រូវឡើយ​។

​លោក ម៉ែន​ ច័ន្ទរិទ្ធី​ បានបញ្ជាក់នៅចំណុចទី៣ថា​ ចាប់ពីថ្ងៃនេះទៅប្រសិនមានបុគ្គលណាឬសារព័ត៌មានណាចុះផ្សាយខុសពីការពិត​ អំពីករណីខាងលើនេះ​ លោកនឹងចាត់វិធានការ​តាមរយៈប្រព័ន្ធតុលាការចាត់ការតាមនីតិវិធីច្បាប់​តែម្តង៕

adverise with khmeread
tiger
Loading ad ...