ឃាតករជនជាតិថៃត្រូវកាត់ទោសប្រហារជីវិតពីបទរំលោភសម្លាប់អ្នកទេសចរស្រីអាល្លឺម៉ង់

បុរសថៃម្នាក់ដែលបានរំលោភ និងសម្លាប់អ្នកដំណើរត្រាច់ចរជនជាតិអាល្លឺម៉ង់មួយរូប ត្រូវបានតុលាកាត់ទោសប្រហារជីវិត។

Ronnakorn Romruen វ័យ ២៤ឆ្នាំ បានវាយប្រហារទៅលើនាង Miriam Beelte វ័យ ២៦ឆ្នាំ ខណៈដែលនាងបានទៅទស្សនាវិមានថ្មប្រវត្តិសាស្ត្រមួយនៅលើកោះ Si Chang ស្ថិតក្នុងតំបន់ខាងកើតប្រទេសថៃ កាលពីថ្ងៃទី៧ ខែមេសា។

ជនល្មើសរូបនេះបន្ទាប់មកបានរំលោភនាង មុននឹងវាយសំពងក្បាលនារីរងគ្រោះជាមួយដុំថ្មដើម្បីសម្លាប់នាង និងបញ្ឈប់នាងពីការរាយការណ៍ចំពោះការវាយប្រហារនេះ។ Ronnakorn បន្ទាប់មកបានលាក់សាកសពនារីរងគ្រោះនៅក្រោមស្លឹកឈើនៅឯភ្នំដាច់ស្រយាលមួយ។ ប្រជាជនក្នុងតំបន់បានរកឃើញសាកសពរបស់នាងនៅថ្ងៃដដែលនោះ។

នៅថ្ងៃបន្ទាប់កើតហេតុប៉ូលិសបានចាប់ខ្លួនជនល្មើសជាអ្នកសំអាតឆ្នេរក្នុងតំបន់រូបនេះ ហើយគាត់បានសារភាពជាបន្តបន្ទាប់ថាបានរំលោភ និងសម្លាប់ស្រ្តីរងគ្រោះមកពីទីក្រុង Hildesheim ប្រទេសអាល្លឺម៉ង់រូបនេះពិតមែន។

Ronnakorn ត្រូវបានឃុំឃាំងចាប់តាំងពីឃាតកម្មនេះកើតឡើងកាលពីបីខែមុន។ គាត់បានសារភាពកំហុសចំពោះការចោទប្រកាន់ទាំងអស់ និងត្រូវបានកាត់ទោសប្រហារជីវិតកាលពីថ្ងៃពុធ ដោយសារតែ "បទឧក្រិដ្ឋធ្ងន់ធ្ងរបំផុតដែលការកាត់បន្ថយស្ថានទោសមិនអាចធ្វើទៅរួចបាន"។

សាលក្រមដែលបានចេញពីសាលាក្តីខេត្តចន្ទបុរីបានបញ្ជាក់ថា "Ronnakorn Romruen មានពិរុទ្ធពីបទចាប់រំលោភ (ជាប់គុក ១៤ឆ្នាំ) ឃាតកម្មដោយមានលាក់បាំងឧក្រិដ្ឋកម្ម (ទោសប្រហារជីវិត) សេពគ្រឿងញៀន និងបើកបរទាំងស្រវឹង (ជាប់គុកប្រាំបីខែ) លាក់បាំងសាកសពមនុស្ស (ជាប់គុកមួយឆ្នាំ)"។

គួរបញ្ជាក់ផងដែរ Ronnakorn ត្រូវចាប់ខ្លួនបានភ្លាមៗដោយមានភស្តុតាងច្បាស់លាស់ពីកាមេរ៉ាសុវត្ថិភាពនៅតំបន់ទេសចរកើតហេតុ ដោយបង្ហាញឱ្យឃើញថា បុរសរូបនេះបានដើរតាមនាង Beelte ទៅលើកំពូលភ្នំនៃវិមានថ្មបុរាណមួយ ខណៈដែលតាមឆាឆៅនាងឱ្យដេកជាមួយខ្លួន។ ពេលដែលនាងបដិសេធ ឃាតករញៀនថ្នាំរូបនេះបានច្រាននាងទៅដី និងបានរំលោភនាង។

បន្ទាប់មកគាត់បានប្រាប់ប៉ូលិសថា បន្ទាប់ពីនារីរងគ្រោះអាចរត់គេចខ្លួនបាន គាត់បានដេញតាមពីក្រោយ និងវាយមុខរបស់នាងជាមួយនឹងដុំថ្ម រហូតដល់នាងស្លាប់ ដោយសារតែខ្លួនមិនចង់ឱ្យនាងរាយការណ៍ពីការវាយប្រហារមួយនេះ។ បន្ទាប់មក Ronnakorn បានលាក់សាកសពជនគ្រោះនៅក្រោយថ្ម និងគ្របជាមួយនឹងស្លឹកឈើ៕

adverise with khmeread