ពួកអ្នកវិទ្យាសាស្ត្រនឹងពិសោធន៍របៀបបង្កើតមេឃសិប្បនិម្មិតនៅទ្វីបអង់តាក់ទិក ដើម្បីបង្កើតផ្ទៃមេឃខ្នាតតូចល្មមនៅភពអង្គារឱ្យមនុស្សរស់នៅបាន

ពួកអ្នកវិទ្យាសាស្ដ្រអាមេរិកនិងអង់គ្លេសបានលើកឡើងនូវគំនិតមួយដើម្បីធ្វើឱ្យបរិយាកាសភពអង្គារអាចរស់នៅបានសម្រាប់មនុស្ស ដោយប្រើវត្ថុធាតុមួយយកតម្រាប់តាមឥទ្ធិពលនៃឧស្ម័នផ្ទះកញ្ចក់ក្នុងបរិយាកាសផែនដី។

ការសិក្សាចេញផ្សាយកាលពីថ្ងៃចន្ទទី១៥កក្កដានៅក្នុងទស្សនាវដ្ដី Nature Astronomy បានបង្ហាញថា ទ្រនាប់ការពារខ្យល់អាកាសស៊ីលីកាទន់ៗ (Silica Aerogel) កម្រាស់ពី២ទៅ៣សង់ទីម៉ែត្រអាចជួយបង្កើនសីតុណ្ហភាពនៅលើផ្ទៃភពអង្គារឱ្យក្តៅល្មមជាអចិន្ត្រៃយ៍ ខណៈបង្ខាំងសារធាតុវិទ្យុសកម្មនៃកាំរស្មីអ៊ុលត្រាវីយូដ៏គ្រោះថ្នាក់។ សីតុណ្ហភាពនៅភពអង្គារជាមធ្យមគឺ ដក ៥៥ អង្សា។ 

លោកស្រី Laura Kerber មកពីមន្ទីរពិសោធន៍ម៉ាស៊ីនយន្តហោះរបស់អង្គការណាសាបាននិយាយថា "ប្រព័ន្ធមួយសម្រាប់បង្កើតកូនកោះតូចៗដែលអាចរស់នៅបាន នឹងអនុញ្ញាតឱ្យយើងប្រែក្លាយភពអង្គារតាមរបៀបដែលអាចគ្រប់គ្រងបាននិងក្នុងទំហំដែលចង់បាន"។

ស៊ីលីកាទន់ៗនេះគឺអាចស្រូបជាតិទឹកនិងអុកស៊ីសែន ៩៧ ភាគរយ ដែលអាចបន្ថយល្បឿនហោះចូលនៃកម្តៅបានយ៉ាងច្រើនសម្បើម។ យោងតាមលោកស្រី Laura Kerber បានឱ្យដឹងថា វាមិនតម្រូវឱ្យមានបរិមាណថាមពលច្រើននោះទេដើម្បីរក្សាកន្លែងមួយឱ្យមានភាពកក់ក្តៅល្មមក្នុងរយៈពេលវែង។

ក្រុមអ្នកស្រាវជ្រាវបានបង្ហាញថា ស្រទាប់ស្តើងនៃវត្ថុធាតុមួយនេះអាចបង្កើនសីតុណ្ហភាពមធ្យមនៅត្រង់រយៈទទឹងចំកណ្តាលភពអង្គារឱ្យស្រដៀងទៅនឹងសីតុណ្ហភាពលើផែនដីដែរ។

យោងតាមការសិក្សាដោយសាកលវិទ្យាល័យ Harvard University មន្ទីរពិសោធន៍ម៉ាស៊ីនយន្តហោះរបស់ណាសា និងសាកលវិទ្យាល័យ University of Edinburgh នេះ ស៊ីលីកាទន់ៗនេះអាចត្រូវបានប្រើដើម្បីសាងសង់ជាដំបូលហ៊ុមវិញផ្ទះឬសូម្បីកូនផែនដីផ្ទាល់ខ្លួននៅលើភពអង្គារដោយរក្សាទឹកជាអចិន្ត្រៃយ៍នៅពីក្រោមស៊ីលីកានេះ។

ក្រុមអ្នកស្រាវជ្រាវនឹងធ្វើតេស្តវត្ថុធាតុនេះនៅតំបន់ដែលមានបរិយាកាសស្រដៀងភពអង្គារ ដូចជាជ្រលងស្ងួតនៃតំបន់អង់តាក់ទិកឬប្រទេសស៊ីលី៕

adverise with khmeread

អ្នកនឹងចូលចិត្ត

tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab