ស្រីៗបើធាត់ហើយគឺមិនងាយស្គមវិញបានទេ ដោយសារហេតុផល ៦ យ៉ាង

បុរសៗមានទំនោរស្រកទម្ងន់លឿនជាងស្ត្រី។ ជាការពិត រឿងមួយដែលធ្វើឱ្យបុរសស្រកទម្ងន់បានលឿនជាងស្ត្រី គឺដោយសាររាងកាយស្ត្រីខុសគ្នាពីបុរស ពីព្រោះរាងកាយបុរសអាចរក្សាទុកខ្លាញ់តែមួយចំនួនជាក់លាក់ប៉ុណ្ណោះ ខណៈរាងកាយស្ត្រីវិញអាចរក្សាទុកជាតិខ្លាញ់ច្រើនប្រភេទ។ ទោះយ៉ាងណាក្តី នេះមិនមែនជាមូលហេតុតែមួយគត់ ដែលស្ត្រីពិបាកក្នុងការស្រកទម្ងន់នោះទេ។ ទម្លាប់និងបែបផែនរស់នៅរបស់ស្ត្រីក៏ទទួលខុសត្រូវចំពោះការពិបាកសម្រកទម្ងន់ផងដែរ។ 

ខាងក្រោមនេះជាមូលហេតុ ៦ យ៉ាងដែលធ្វើឱ្យស្ត្រីពិបាកក្នុងការសម្រកទម្ងន់ ៖ 

១. ទម្លាប់ញ៉ាំច្រើនឃាត់មាត់ខ្លួនឯងមិនបាន ៖ ស្ត្រីភាគច្រើននៅពេលស្ត្រេសខ្លាំងឬនឿយហត់ខ្លាំង គ្មានគិតអ្វីក្រៅតែពីបើកឆ្នាំងបាយនោះឡើយ ដើម្បីជួយសម្រាលអារម្មណ៍តប់ប្រមល់របស់ពួកនាង។ ហើយអាហារដែលស្ត្រីចូលចិត្តញ៉ាំនៅពេលស្ត្រេស ភាគច្រើនជាអាហារផ្អែម ដែលរឹតបន្ថែមជាតិកាល់ឡូរី បង្កើនទម្ងន់។ ញ៉ាំបាយច្រើនក៏ជួយជំរុញការឡើងទម្ងន់ដែរ។ 

២. គិតខ្លាំងពេកអំពីការហាត់ប្រាណ ៖ នៅពេលស្ត្រីគិតច្រើនពេកអំពីផែនការហាត់ប្រាណ ពួកនាងនឹងបន្ថែមអាហារប៉ូវកម្លាំងដើម្បីជំរុញថាមពលនៅពេលហាត់ប្រាណ។ ការណ៍នេះនាំឱ្យស្ត្រីញ៉ាំច្រើនជាងការហាត់ប្រាណជាក់ស្តែង ដូច្នេះចៀសមិនរួចឡើយពីការឡើងទម្ងន់។ 

៣. ផលប៉ះពាល់នៃថ្នាំពេទ្យ ៖ ការលេបថ្នាំពេទ្យមួយចំនួនក៏ធ្វើឱ្យពិបាកសម្រកទម្ងន់ដែរ ដូចជាថ្នាំ Steroids និង ប្រភេទថ្នាំបំបាត់ស្ត្រេស ដែលជាកត្តាបង្កឱ្យឡើងទម្ងន់រឹតតែឆាប់ជាងមុន។ ប្រសិនបើលោកអ្នកលេបថ្នាំទាំងនេះដើម្បីបំបាត់ស្ត្រេស គួរសុំយោបល់គ្រូពេទ្យលេបថ្នាំផ្សេងក្រៅពីថ្នាំទាំងពីរប្រភេទនេះ។ 

៤. គេងមិនលក់ ៖ ស្ត្រីនៅពេលមានគ្រួសារមានកូនរួច គឺមានទំនោរញ៉ាំអាហារច្រើនជាងមុន ពោលគឺមិនគ្រាន់តែញ៉ាំអាហារនៅកន្លែងធ្វើការប៉ុណ្ណោះទេ ថែមទាំងញ៉ាំច្រើននៅផ្ទះទៀតផង រហូតដល់ជួនកាលយប់ជ្រៅក៏ញ៉ាំដែរ ជាហេតុធ្វើឱ្យគេងមិនលក់។ នៅពេលគេងមិនលក់ ក្រពះក៏ចាប់ផ្តើមកូរផងដែរ និងជាហេតុនាំឱ្យងើបទាំងយប់រកអាហារញ៉ាំបន្ថែមទៀត ញ៉ាំឥតស្បើយ។ 

៥. មិនដែលញ៉ាំអាហារពេលព្រឹកសោះ ៖ ការគេចវេសអាហារពេលព្រឹកត្រូវស្ត្រីភាគច្រើនយល់ច្រឡំថាជាជម្រើសល្អក្នុងការសម្រកទម្ងន់។ តែតាមប្រសាសន៍របស់វេជ្ជបណ្ឌិត ការគេចអាហារពេលព្រឹក គឺមិនល្អដល់សុខភាពនោះទេ ព្រោះវាធ្វើឱ្យប្រព័ន្ធរំលាយអាហារដំណើរការខុសប្រក្រតី នាំឱ្យមនុស្សឡើងទម្ងន់ដោយមិនដឹងខ្លួន។ ប្រសិនបើលោកអ្នកមិនចង់ញ៉ាំអាហារពេលព្រឹក លោកអ្នកក៏គួរមានអ្វីទ្រាប់ក្រពះនៅពេលព្រឹកខ្លះដែរ ដូចជា ញ៉ាំផ្លែឈើ ឬ បបរខ្លះក៏បានដែរ។ 

៦. ញ៉ាំអាហារកញ្ចប់ឬអាហារកំប៉ុងឬអាហារកែច្នៃ ៖ តើនរណាមិនចូលចិត្តញ៉ាំហត់ដក (Hot-dog) នំខេក និងអាហារកញ្ចប់កែច្នៃផ្សេងទៀតនោះ? អាហារទាំងនេះងាយស្រួលរកមកញ៉ាំណាស់ មិនបាច់ចំណាយពេលចម្អិនយូរនោះទេ ប៉ុន្តែពពួកអាហារបែបនេះផ្ទុកទៅដោយកាល់ឡូរី ហើយកាល់ឡូរីនេះហើយដែលធ្វើឱ្យលោកអ្នកឡើងទម្ងន់លឿន៕

adverise with khmeread
tiger
Loading ad ...