adverise with khmeread Maxresdefault

សម្រង់​ពាក្យ​ដ៏​មាន​អត្ថន័យ​របស់​សព​លោក​លី​ក្វាន់​យូ​បិតា​ស្ថាបនិក​សិង្ហ​បុរី​

    ​លោក លី​ក្វាន់​យូ (​កើត​ថ្ងៃទី ១៦ កុម្ភៈ ១៩២៣-​ស្លាប់ ២៣ មីនា ២០១៥) គឺជា​នាយករដ្ឋមន្ត្រី​ទីមួយ​របស់​សិង្ហ​បុរី ដោយ​គ្រប់គ្រង​ប្រទេស​ជាង ៣ ទសវត្សរ៍​ចាប់ពី​ឆ្នាំ ១៩៥៩ ដល់ ១៩៩០ ក្នុងនោះ​រាប់បញ្ចូល​ទាំង​ការទទួលបាន​ឯករាជ្យ​របស់​សិង្ហ​បុរី​ពី​ម៉ាឡេស៊ី​ក្នុង​ឆ្នាំ ១៩៦៥ ផងដែរ​។ បន្ទាប់ពី​លោក​លី​សម្រេចចិត្ត​ចុះចេញ​ពី​តំណែង​នាយករដ្ឋមន្ត្រី​ក្នុង​ឆ្នាំ ១៩៩០ អ្នក​ស្នង​តំណែង​បន្ត គឺ​លោក ហ្គោ ចុក​តុង បានតែងតាំង​លោក​លី​ក្វាន់​យូ​ជា​រដ្ឋមន្ត្រី​ជាន់ខ្ពស់ រហូតដល់​ឆ្នាំ ២០០៤ នៅពេល​កូនប្រុស លី​សៀន​ឡុង របស់គាត់​ក្លាយជា​នាយករដ្ឋមន្ត្រី​ទី​បី​របស់​សិង្ហ​បុរី​។

​    ​លោក​លី​ក្វាន់​យូ​បាន​រៀន​ចប់​ផ្នែក​ច្បាប់​ពី​សាកលវិទ្យាល័យ  Fitzwilliam College និង Cambridge University​។ ហើយ​ក្នុង​ឆ្នាំ ១៩៥០ លោក​បាន​ក្លាយជា​មេធាវី​នៅ Middle Temple និង​បាន​អនុវត្ត​ផ្នែក​ច្បាប់​រហូតដល់​ឆ្នាំ ១៩៥៩​។ លោក​លី គឺជា​សហ​ស្ថាបនិក​នៃ​គណបក្ស​សកម្មភាព​ប្រជាជន (PAP) ក្នុង​ឆ្នាំ ១៩៥៤ និង​បាន​ដឹកនាំ​គណបក្ស​នេះ​ឱ្យ​ឈ្នះឆ្នោត​រហូតដល់​ទៅ ៨ ដង​ជាប់​គ្នា​រហូតដល់​ឆ្នាំ ១៩៩២​។​

​    ​ក្រោម​ការដឹកនាំ​របស់​លោក​លី​ក្វាន់​យូ ប្រទេស​កោះ​សោះកក្រោះ​សិង្ហ​បុរី​បាន​ប្រែក្លាយជា​ប្រទេស​សេដ្ឋកិច្ច​ខ្លា​អាស៊ី​មួយ​យ៉ាង​រីកចម្រើន​ថ្កុំថ្កើង​។ លោក​លី​ដែលមាន​ទស្សនៈវិស័យ​វែងឆ្ងាយ​បានដាក់​ចេញ​គោលនយោបាយ​សេដ្ឋកិច្ច និង​សង្គម​រយៈពេល​វែង ដោយ​ផ្អែកលើ​គោលការណ៍​ប្រព័ន្ធ​រដ្ឋាភិបាល​ដែល​ប្រជាជនមាន​សិ​ទិ្ធ​ធំ និង​គោលការណ៍​សង្គម​ចម្រុះ​ជាតិ​សាសន៍​។ លោក​បានធ្វើឱ្យ​ភាសា​អង់គ្លេស​ក្លាយជា​ភាសា​ទូទៅ​ដើម្បី​រួមបញ្ចូល​សង្គម​ជនអន្តោប្រវេសន៍​ឱ្យ​រួមគ្នា​ជា​ធ្លុង​មួយ ដើម្បី​សម្រួល​ដល់​ការធ្វើ​ពាណិជ្ជកម្ម​ជាមួយ​ប្រទេស​លោកខាងលិច​។

​    ​ការគ្រប់គ្រង​ផ្តាច់ការ​របស់លោក​ក៏​ទទួលរង​ការរិះគន់​ពី​សំណាក់​ប្រទេស​លោកខាងលិច​ផងដែរ ក្នុងនោះ​មានការ​រឹតត្បិត​សេរីភាព​ស៊ីវិល (​ការតវ៉ា​ជា​សាធារណៈ​, ការគ្រប់គ្រង​ប្រព័ន្ធ​ព័ត៌មាន​) និង ការ​បង្កាច់បង្ខូច​គូប្រជែង​នយោបាយ​។ លោក​បានចេញ​ការពារ​ជំហរ​របស់គាត់​ថា វិធានការ​វិន័យ​នេះ​ចាំបាច់​ត្រូវតែមាន​ដើម្បី​រក្សា​ស្ថេរភាព​នយោបាយ និង​ការអភិវឌ្ឍ​សេដ្ឋកិច្ច​។​

​    ​លោក​លី​ក្វាន់​យូ​បានទទួល​មរណភាព នៅ​ថ្ងៃទី ២៣ មីនា ២០១៥ ប៉ុន្តែ​ស្នាដៃ​របស់គាត់​នៅតែ​ស្ថិតក្នុង​ដួងចិត្ត​របស់​ប្រជាជន​សិង្ហ​បុរី និង​ប្រជាជន​ចិន​មួយចំនួន​ដែល​ស្រឡាញ់​រូបគាត់​។

​    ​ខាងក្រោម​នេះ​គឺជា​សម្រង់​ពាក្យ​ដ៏​មាន​អត្ថន័យ​មួយចំនួន ដែល​លោក​បាន​បន្សល់​ឱ្យ​សិង្ហ​បុរី​ដ៏​រីកចម្រើន​របស់លោក​៖

​    ​១. "​ខ្ញុំ​បាន​ចំណាយពេល​មួយជីវិត​របស់ខ្ញុំ​កសាង​ប្រទេស​នេះ​។ គ្មាន​អ្វីដែល​ខ្ញុំ​ចង់​ធ្វើ​លើសពីនេះ​ទៀត​នោះឡើយ​។ ចុងបញ្ចប់​ខ្ញុំ​នឹង​ទទួលបាន​អ្វី​? គឺ​សិង្ហ​បុរី​ដ៏​ជោគជ័យ​មួយ​។ អ្វី​ទៅ​ដែល​ខ្ញុំ​សុខចិត្ត​បាត់បង់​? គឺ​ជីវិត​របស់ខ្ញុំ​"​។

​    ​២. "​ខ្ញុំ​មិនទាន់​ស្គាល់​នរណាម្នាក់​ដែល​រៀន​ចប់​ផ្នែក​ដឹកនាំ​ក្លាយជា​មេដឹកនាំ​នៅឡើយ​ទេ​"​។

​    ​៣. "​អ្វីដែល​ខ្ញុំ​ខ្លាច​បំផុត​គឺ​ការ​ជិះសេះ​ប្រលែង​ដៃ​។ នៅពេល​អ្វីៗ​តែងតែ​ល្អប្រសើរ​ជានិច្ច មនុស្ស​នឹង​ទោរទន់​ទៅរក​ភាព​ខ្ជិលច្រអូស​"​។

​    ​៤. "​ទោះបី​ខ្ញុំ​ដេក​ឈឺ ទោះបី​ខ្ញុំ​ដេក​រណ្តៅ ក៏​ខ្ញុំ​នឹង​ក្រើ​ក​ឡើងវិញ​បានដែរ ប្រសិនបើ​ខ្ញុំ​មាន​អារម្មណ៍​ថា​មានរឿង​អ្វីមួយ​មិន​ស្រួល​កើតឡើង (​ចំពោះ​សិង្ហ​បុរី​)"​។

​    ​៥. "​ប្រជាជន​សិង្ហ​បុរី​នឹង​រឹត​តែមាន​សុខភាព​ល្អ និង​រឹតតែ​រីករាយ ប្រសិនបើ​ពួកគេ​ធ្វើការ​បានយូរ​តាម​ដែល​អាច​ធ្វើបាន​។ ពុំគួរ​មាន​អាយុ​ចូលនិវត្តន៍​សម្រាប់​និយោជិត​នោះទេ​"​។

​    ​៦. "​មិន​ថា​នរណា​គ្រប់គ្រង​សិង្ហ​បុរី​នោះទេ គឺ​ត្រូវតែមាន​កណ្តាប់ដៃ​ដែក​ជានិច្ច​។ បើ​មិន​ដូច្នេះ​ទេ​ត្រូវ​ចុះ​ចេញទៅ​។ ការដឹកនាំ​ប្រទេស​មិនមែនជា​ល្បែង​បៀរ​នោះទេ​។ វា​ជា​ជីវិត​របស់​អ្នក​និង​ជីវិត​របស់ខ្ញុំ​។ ខ្ញុំ​ចំណាយពេល​អស់​មួយ​ជិវិត​កសាង​ប្រទេស​នេះ ហើយ​ដរាបណា​ខ្ញុំ​នៅ​ដឹកនាំ គ្មាន​នរណាម្នាក់​អាច​ផ្តួល​ប្រទេស​នេះ​បានទេ​"​។​

​    ​៧. "​ជាមួយ​ករណី​លើកលែង​មួយចំនួន លទ្ធិប្រជាធិបតេយ្យ​មិនអាច​នាំមក​នូវ​រដ្ឋាភិបាល​ល្អ​ចំពោះ​បណ្តា​ប្រទេស​កំពុងអភិវឌ្ឍន៍​នោះទេ​។ អ្វីដែល​អាស៊ី​ឱ្យ​តម្លៃ​មិន​ដូច​អ្វីដែល​អាមេរិក ឬ​អឺរ៉ុប​ឱ្យ​តម្លៃ​នោះទេ​។ ប្រជាជន​លោកខាងលិច​ឱ្យ​តម្លៃ​លើ​សិទ្ធិ និង​សេរីភាព​របស់​បុគ្គល​"៕  

adverise with khmeread
ប្រភព៖ វី​គី​ភេ​ឌា​

អ្នកនឹងចូលចិត្ត

មតិយោបល់