ទិញថ្នាំញៀនម្តងៗអស់៥០០ដុល្លារមកលក់បន្ត ត្រូវប៉ូលិសស្រុកខ្សាច់កណ្តាលវ៉ៃខ្នោះបានម្នាក់, រត់រួចម្នាក់

កណ្តាល ៖ មុខសញ្ញាជួញដូរ​​គ្រឿងញៀនម្នាក់ក្នុងចំណោមបក្ខពួក២នាក់ ត្រូវបានប៉ូលិសឃាត់ខ្លួន​ រួមជាមួយទាំងវត្ថុតាងមួយចំនួននៅវេលាម៉ោង៦កន្លះល្ងាចថ្ងៃទី ២០ ខែកក្កដា ឆ្នាំ២០១៩ ចំណុច​​ភូមិស្វាយអាត់ក្រោម ឃុំព្រែកតាមាក់​​ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។ 

​ប៉ូលិសនិយាយថា​ ជនសង្ស័យ២នាក់​ រួមមាន​ ទី១-ឈ្មោះ​ វ៉ាន់​ សុខម៉ាញ​​​ ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរ​ លក់ថ្នាំញៀន​​​​​ ជនជាតិខ្មែរ​មានទីលំនៅភូមិអញ្ជែងលើ ឃុំពុកឬស្សី​​​​ ស្រុកខ្សាច់កណ្តាល​ ខេត្តកណ្តាល​ (ឃាត់ខ្លួន) និងទី២-ឈ្មោះ​ ឡោះ​ ហៅឪ ភេទប្រុស​ អាយុ​ប្រហែល​៣០ឆ្នាំ​ជនជាតិ​ខ្មែរ​មុខរបរ​លក់ថ្នាំញៀន​មានទីលំនៅភូមិស្វាយអាត់ក្រោម​ ឃុំព្រែកតាមាក់​ ស្រុកខ្សាច់កណ្តាល​ ខេត្តកណ្តាល​ (គេចខ្លួន)។ 

​វត្ថុតាងចាប់យកបាន​ ១-ម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀនចំនួន០៩កញ្ចប់តូច (០១កញ្ចប់ធំ, ០៤កញ្ចប់មធ្យម​, ០៤កញ្ចប់តូច​ទម្ងន់សរុប​​១៨.៥៩ក្រាម, ២-ថង់​សម្រាប់វេចខ្ចប់ថ្នាំ​ញៀន​មួយចំនួន​​, ៣-ម៉ូតូម៉ាកMSX (តៃវ៉ាន់) ពណ៌ខ្មៅ​ពាក់ស្លាកលេខ​ ព្រៃវែង​​​ 1K-8324 ចំនួន​ ០១គ្រឿង​, ៤-ជញ្ជីងសម្រាប់ថ្លឹងថ្នាំញៀនចំនួន​០១គ្រឿង ​និង៥-ទូរស័ព្ទ​ម៉ាកណូគា​ សេរី​១០៥​ ពណ៌ខ្មៅ​ ចំនួន​០១គ្រឿង​។

​ប៉ូលិសបន្តថា កន្លងមកឈ្មោះ​ វ៉ាន់​ សុខម៉ាញ​ ជាមុខសញ្ញាជួញដូរថ្នាំញៀន​យ៉ាងសកម្មនៅក្នុងមូលដ្ឋាន​ ហើយនៅពេលកើតហេតុ​មានប្រជាពលរដ្ឋបានរាយការណ៍ប្រាប់ប៉ូលិសថា​  ឈ្មោះ​ វ៉ាន់​ សុខម៉ាញ​កំពុងជួញដូរថ្នាំញៀននៅចំណុចកើតហេតុ​។ ភ្លាមៗនោះកម្លាំងប៉ូលិសជំនាញស្រុកបានចុះបង្រ្កាបហើយឃាត់ឈ្មោះ​ វ៉ាន់​ សុខម៉ាញ​ និងធ្វើការឆែរឆេររកឃើញថ្នាំញៀន​ចំនួន​០៩កញ្ចប់​​។ 
      
​បន្ទាប់មកប៉ូលិស​បានបញ្ជូនជនសង្ស័យ ព្រមទាំងវត្ថុតាងមកកាន់អធិការដ្ឋានប៉ូលិសស្រុកខ្សាច់កណ្តាល ដើម្បីបន្តអនុវត្តតាមនីតិវិធី​។

​ក្រោយពីធ្វើការសាកសួរឈ្មោះ​ វ៉ាន់​ សុខម៉ាញ​បានឆ្លើយសារភាពថាចំពោះថ្នាំញៀនខ្លួនបានទៅទិញពីឈ្មោះ​ ឡោះ​ ហៅឪ​ ដោយទិញម្តងៗតម្លៃ​ ៥០០$​ ដើម្បីយកមករំលែកលក់បន្ត​ ប្រាកដមែន​​៕


 

adverise with khmeread
tiger
Loading ad ...