adverise with khmeread Pigcorneatransplant

ក្មេង​ជំទង់​ចិន​មើលឃើញ​វិញ​ម្តងទៀត​បន្ទាប់ពី​វះកាត់​ប្តូរ​កញ្ចក់ភ្នែក​ជ្រូក​

    ​ភ្នែក​របស់​ក្មេង​ជំទង់​ចិន​ម្នាក់​បាន​មើលឃើញ​ឡើងវិញ​បន្ទាប់ពី​ទទួល​ការ​វះ​ប្តូរ​កញ្ចក់ភ្នែក​ជ្រូក​។ នេះ​បើតាម​វេ​ប​សាយ​អេ​ស៊ា​វ័ន​ចេញផ្សាយ​ថ្ងៃទី ១៤ ខែមីនា​។

​     វេ​ប​សាយ South China Morning Post បាន​រាយការណ៍​ថា ក្មេងប្រុស​អាយុ ១៤ ឆ្នាំ​បាន​ប្រឈម​ហានិភ័យ​បាត់បង់​កញ្ចក់ភ្នែក​រប​ស់​គាត់​បន្ទាប់ពី​រងរ​បួស​ក្នុង​ឧបទ្ទវហេតុ​ផ្ទុះ​ផាវ​កាលពីដើម​ឆ្នាំនេះ​។

​    ​កាលពី​ចុងខែ​កុម្ភៈ គាត់​បានទទួល​ការវះកាត់​ប្តូរ​កញ្ចក់ភ្នែក​ដ៏​ជោគជ័យ​មួយ​នៅ​សាកលវិទ្យាល័យ Zhongshan University ក្នុង​ខេត្ត​ក្វាវ​ចូ​វ​។

​    ​ក្រុម​វេជ្ជបណ្ឌិត​បាន​ប្រាប់​វេ​ប​សាយ South China Morning Post ថា ក្មេងប្រុស​ម្នាក់​នោះបាន​មើលឃើញ​ឡើងវិញ​បន្ទាប់ពី​ការវះកាត់​បាន​មួយ​សប្តាហ៍ ហើយ​កែវភ្នែក​របស់គាត់​នឹង​កាន់តែ​ល្អប្រសើរ​ថែមទៀត​ជាមួយនឹង​ការព្យាបាល​បាន​បន្ថែម​។

​    ​ការវះកាត់​ជោគជ័យ​នេះ​ធ្វើឡើង​បន្ទាប់ពី​ការវះកាត់​ប្តូរ​កញ្ចក់ភ្នែក​ជីវវិស្វកម្ម​យក​ចេញពី​ជ្រូក​ឱ្យទៅ​បុរស​ចំណាស់​អាយុ ៦០ ឆ្នាំ​ម្នា​ក់នៅ​វិទ្យាស្ថាន Shandong Eye Institute កាលពី​ខែកញ្ញា​ឆ្នាំមុន​។

​    ​យោងតាម​វេ​ប​សាយ​ស៊ិន​ហួរ លោកតា​អាយុ ៦០ ឆ្នាំ​នោះ​អាច​មើលឃើញ​ត្រឹម​ប្រវែង ១០ សង់ទីម៉ែត្រ​ប៉ុណ្ណោះ ដោយសារតែ​កញ្ចក់ភ្នែក​របស់គាត់​ខូច​ធ្ងន់ធ្ងរ​ពេក​។

​    ​កែវភ្នែក​របស់​លោកតា​បានល្អ​ប្រសើរ​ឡើងជា​បន្ត​បន្ទាប់ ក្រោយ​ជាសះស្បើយ​ទាំងស្រុង​នៅ​រយៈពេល ៣ ខែក្រោយ នេះ​បើតាម​សម្តី​លោក Zhai Hualei នាយក​ផ្នែក​កញ្ចក់ភ្នែក​នៃ​វិទ្យា​សា្ថ​ន Shandong Eye Institute​។

​    ​វេ​ប​សាយ China Daily បាន​រាយការណ៍​ថា មនុស្ស​ប្រហែល ៤ លាន​នាក់​ក្នុងប្រទេស​ចិន​បានកើត​ជំងឺ​លើ​កញ្ចក់ភ្នែក ហើយ​ការវះកាត់​ប្តូរ​កញ្ចក់ភ្នែក​របស់​ម​នុស្ស​គឺជា​រឿង​កម្រ​ណាស់ ដោយសារតែ​តម្រូវការ​កញ្ចក់​ភ្នែកមាន​ខ្ពស់​ខ្លាំងពេក​។

​    ​ជាមួយនឹង​កញ្ចក់ភ្នែក​ជីវវិស្វកម្ម​យក​ចេញពី​ជ្រូក ក្តីសង្ឃឹម​ចាប់ផ្តើម​មាន​ឡើងវិញ​ចំពោះ​អ្នកជំងឺ ដែល​ប្រឈម​ហានិភ័យ​ពិការភ្នែក​៕ 

adverise with khmeread
ប្រភព៖ អេ​ស៊ា​វ័ន​

អ្នកនឹងចូលចិត្ត

មតិយោបល់