វាយប្រពន្ធកូនជាប់គុកអស់៨ខែ, ចេញមកវិញវាយប្រពន្ធកូនទៀតត្រូវប៉ូលិសវ៉ៃខ្នោះ

កណ្តាល ៖​  បុរសម្នាក់ធ្លាប់ដៃវាយប្រពន្ធកូនជាប់គុកអស់៨ខែ  ចេញមកវិញវាយប្រពន្ធកូនទៀត
ត្រូវបានប៉ូលិសស្រុកខ្សាច់កណ្តាលឃាត់ខ្លួន​ កាលពីថ្ងៃទី២១កក្កដាឆ្នាំ២០១៩វេលាម៉ោង ២និង៣០នាទីរសៀលនៅចំណុចភូមិពុកឫស្សីកណ្តាល ឃុំពុកឫស្សី ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល​ ហេីយបានបញ្ជូនទៅតុលាការនៅថ្ងៃបន្ទាប់​ ។ 

ប៉ូលិសនិយាយថា​ ជនរងគ្រោះ ២ នាក់រួមមាន​ ១.ឈ្មោះ ផាត់ ចាន់ធឿន ភេទ ស្រី អាយុ ៣៨ ឆ្នាំ ជនជាតិខ្មែរ មុខរបរ ត្បាញអំបោស មានទីលំនៅភូមិ-ឃុំ-កើតហេតុ ជាប្រពន្ធនិង២.ឈ្មោះ សើ សុខតាក់ ភេទ ស្រី អាយុ ០៦ ឆ្នាំ ជនជាតិខ្មែរ មុខរបរ ក្នុងបន្ទុក មានទីលំនៅភូមិ-ឃុំ-កើតហេតុជាកូន (របួសស្នាមហើមជាំកំភួនជើងខាងឆ្វេង ២កន្លែង និងកកិតជង្គង់ខាងឆ្វេង១កន្លែង) ។

ចំណែកជនសង្ស័យឈ្មោះ សើ ស៊ាន់ ភេទ ប្រុស អាយុ ៣៩ ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករសំណង់ មានទីលំនៅភូមិ-ឃុំ-កើតហេតុ ជាប្តីនិងជាឪពុកត្រូវបានឃាត់ខ្លួន។ជនសង្ស័យធ្លាប់ជាប់ពន្ធនាគារខេត្តកណ្តាលរយៈពេល ០៨ខែ ពីបទ អំពើហិង្សាក្នុងគ្រួសារ ។ ក្រោយពីចេញពីពន្ធនាគារវិញ ជនសង្ស័យមិនកែប្រែឡើយនៅតែប្រព្រឹត្តហិង្សាវាយប្រពន្ធកូន និងវាយទ្រព្យសម្បត្តិនៅក្នុងផ្ទះជាញឹកញាប់។

ប៉ូលិសបន្តថា នៅថ្ងៃទី ២១កក្កដា២០១៩ ម៉ោង២និង៣០នាទីរសៀល ជនសង្ស័យបានផឹកស្រាស្រវឹង ជនសង្ស័យបាននិយាយសំឡុតជនរងគ្រោះឈ្មោះ សើ សុខតាក់ ភេទស្រី ជាកូនឱ្យទៅដេក ។ ពេលនោះជនរងគ្រោះភ័យហើយរត់ទៅផ្ទះឈ្មោះ ផុន សុខហ័ង ភេទស្រី ។ ភ្លាមនោះជនសង្ស័យបានដើរទៅតាមជនរងគ្រោះឱ្យត្រឡប់មកផ្ទះវិញ ។ 

ពេលដើរត្រឡប់មកវិញដល់ក្រោយផ្ទះខ្លួនជាប់ព្រំដីឈ្មោះ ផុន សុខហ័ង ជនសង្ស័យបានកាច់មែកឈើត្រងែនមកវាយជនរងគ្រោះត្រូវចំកំភួនជើងខាងឆ្វេង ០២កន្លែង ហើយយកជើងធាក់ជនរងគ្រោះចំកណ្តាលមុខបណ្តាលឱ្យដួលរងរបួសកកិតជង្គង់ខាងឆ្វេង ០១កន្លែង ។ ឃើញដូច្នេះឈ្មោះ ផាត់ ចាន់ធឿន ជាប្រពន្ធ បានសួរថា «ម៉េចបានវាយកូន» ជនសង្ស័យបាននិយាយគំរាមថា «ប្រយ័ត្នអញវាយក្បាលង៉ែងឱ្យបែកទាំងម៉ែទាំងកូន»។ 

បន្ទាប់មកឈ្មោះ ផាត់ ចាន់ធឿន បានរត់ទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍រដ្ឋបាលពុកឬស្សី ហេីយកម្លាំងប៉ូលិសប៉ុស្តិ៍ចុះអន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យបញ្ជូនមក អធិការដ្ឋានស្រុក ដើម្បីចាត់ការតាមនីតិវិធី៕

adverise with khmeread
tiger
Loading ad ...