ភ្នំពេញ ៖ របាំងថ្មពុះចែកទ្រូងផ្លូវចំនួន៤កង់បានរងការខូចខាតដោយសារតែរថយន្តកូរ៉ូឡាបើកក្នុងល្បឿនលឿនជែងជាមួយនឹងរថយន្តមួយគ្រឿង ទៀត បានជ្រុលបុកពេញទំហឹង កាលពីវេលាម៉ោង៧និង១០នាទីយប់ថ្ងៃទី១៤ខែមីនា ឆ្នាំ២០១៦ ក្បែរស្តុបវត្តមហាមន្ត្រីតាមបណ្តោយផ្លូវព្រះសីហនុ ស្ថិតក្នុងសង្កាត់វាល់វង់ ខណ្ឌ៧មករា។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញរថយន្តកូរ៉ូឡា ពណ៍ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2C-5585 បើកបរដោយបុរសម្នាក់តាមបណ្តោយផ្លូវព្រះសីហនុ ទិសដៅពីកើតទៅលិចក្នុងល្បឿនយ៉ាងលឿន និងបានវ៉ារថយន្តមួយគ្រឿងមិនចាំម៉ាក។
ពេលមកដល់ចំណុចកើតហេតុបានជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹង បណ្តាលឱ្យបាក់អស់៤កង់។ ចំណែករថយន្តបានរងការខូច ខាតផ្នែកខាងមុខសំណាងល្អមិនមានអ្នករងរបួសនោះទេ។
ក្រោយកើតហេតុសមត្ថកិច្ចជំនាញបានមកធ្វើការវាស់វែង និងស្ទូចយករថយន្តបង្កទៅរក្សទុកនៅការិយាល័យចរាចរណ៍ជើងគោករាជធានី ភ្នំពេញរង់ចាំដោះស្រាយតាមនីតិវិធី៕
