9bc19ef8 c6ab 4f43 8b1b b128547c8fcc

ឆេះ​ហាង​លក់​សម្លៀកបំពាក់​ឌី​យ៉ា​ម៉​ង់​ទាំងយប់​ខាតបង់​៧​មឺុន​ដុល្លារ​

      ភ្នំពេញ ៖ ទុស្សេ​ខ្សែភ្លើង​បាន​បង្ក​ជា​អណ្តាតភ្លើង​ឆាបឆេះ​ឡើង​ចេញពី​ក្នុង​ហាង​លក់​សម្លៀកបំពាក់​យីហោ​ឌី​យ៉ា​ម៉​ង់ បង្ក​ការភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ និង​សមត្ថកិច្ច​ហៅ​រថយន្ត​អគ្គីភ័យ​ជាច្រើន​គ្រឿង​មក​បាញ់​ពន្លត់ ហើយ​ហេតុការណ៍​នេះ​បាន​បំផ្លាញ​ទ្រព្យសម្បត្តិ​អស់​ប្រមាណ​៧​មឺុន​​ដុល្លារ។​

      ហេតុការណ៍​ភ្ញាក់ផ្អើល​ខាងលើនេះ​បានកើត​ឡើង​កាលពី​វេលា​ម៉ោង​៣​និង​៣៥​នាទី រំលង​អា​ធ្រា​ត​ឈានចូល​ថ្ងៃទី​១៥ ខែមីនា ឆ្នាំ​២០១៦ នៅ​ចំណុច​ហាង​លក់​សម្លៀកបំពាក់​យីហោ ឌី​យ៉ា​ម៉​ង់ ខាងកើត​ផ្សារ​ធំថ្មី ផ្ទះ​លេខ​៤០​អឺ​០​តាម​បណ្តោយ​ផ្លូវ​លេខ​១៣៦ ស្ថិតក្នុង​សង្កាត់​ផ្សារ​ថ្មី​ទី​៣ ខណ្ឌដូនពេញ ដែល​ផ្ទះ​នេះ​មាន​ទំហំ​៤x១៦​ម៉ែត្រ​។​

     ប៉ូ​លិ​សបាន​ឲ្យ​ដឹងថា  ដំបូង​គេ​បានឮ​សម្លេង​ផ្ទុះ​ខ្លាំង​ដូច​គ្រាប់បែក ហើយ​មួយសន្ទុះ​ក្រោយមក​ក៏​ចេញ​ជា​ផ្សែងហុយ​ចេញពីផ្ទះ​កើតហេតុ​ខាងលើ ហើយ​បន្តិចក្រោយមក​ក៏មាន​ភ្លើង​ឆាបឆេះ​ឡើង បង្ក​ការភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​ដែល​នៅក្បែរនោះ​ភ័យ​ស្លន់ស្លោ​រើ​ឥ​វ៉ាន់​ចេញពីផ្ទះ និង​សមត្ថកិច្ច​ចុះមក​អន្តរាគមន៍​ដល់​កន្លែងកើតហេតុ។​

      ភ្លាមៗ​នោះ​រថយន្ត​អគ្គីភ័យ​ជាច្រើន​គ្រឿង​បានមក​អន្តរាគមន៍​ធ្វើ​ការបាញ់​ពន្លត់ ហើយ​សមត្ថកិច្ច​និង​ប្រជាពលរដ្ឋ​ក្បែរ​នោះបាន​នាំគ្នា​ជួយ​វាយ​ទ្វារផ្ទះ ដើម្បី​ជួយសង្គ្រោះ​យុវជន​ម្នាក់​ដែល​ជាប់​នៅក្នុង​ផ្ទះ​ទាន់ពេលវេលា ដោយ​មិនមាន​រងរបួស​អ្វី​នោះឡើយ និង​បាន​ជួយ​ជញ្ជូន​ឥ​វ៉ាន់​ចេញពី​ក្នុង​ហាង​ថែម​ទៀតផង។​

       អគ្គីភ័យ​បាន​រលត់​ទាំងស្រុង​ទៅវិញ ដោយសារតែ​រថយន្ត​អគ្គីភ័យ​៧​គ្រឿង​ធ្វើការ​អន្តរាគមន៍ បាញ់​ទឹក​ពន្លត់​អស់​១៥​រថយន្ត ប្រើ​រយះពេល​ជិត​១​ម៉ោង ដោយ​មិន​បង្ក​គ្រោះថ្នាក់​ឬ​របួស​ដល់​នរណាម្នាក់​នោះទេ ដោយ​គ្រាន់តែ​ខូចខាត​ទ្រព្យសម្បត្តិ​អស់​ប្រមាណ​៧​ម៊ឺ​ន​ដុល្លារ​អាមេរិក​។​

       បើតាម​ការសន្និដ្ឋាន របស់​សមត្ថកិច្ច​នៅ​ជំហាន​ដំបូង គឺ​អគ្គីភ័យ​ខាងលើនេះ​ឆាប់ឆេះ​ឡើង​ដោយសារតែ​ឆ្លង​ចរន្ត​អគ្គីសនី ទុស្សេ​ខ្សែភ្លើង ទើប​បង្កឱ្យមាន​អគ្គីភ័យ​ដូច្នេះ៕​

អ្នកនឹងចូលចិត្ត

មតិយោបល់