0

ជើង​ទីមួយ ០-០ តើ​ជើង​ទី​ពីរ ATM បំបាក់ PSV បាន​អត់​?

​    ​យើង​ដឹង​ហើយ​ថា Atletico Madrid នឹងមិន​ឈ្នះ​ពាន La Liga រដូវ​កាល​នេះ​ទេ ដូច្នេះ​មានតែ​ពាន Champions League ប៉ុណ្ណោះ​គឺជា​គោលដៅ​ចម្បង​របស់​ពួកគេ​។ ពួកគេ​បាន​ឡើងទៅ​វគ្គ​ផ្តាច់ព្រ័ត្រ​ក្នុង​ក្របខ័ណ្ឌ​នេះ​កាលពី​ប៉ុន្មាន​រដូវ​កាល​មុន​ហើយ​ពួកគេ​ក៏​អាច​នឹង​ឡើងទៅ​វគ្គ​ប្រាំបី​ក្រុម​ចុងក្រោយ​ក្នុង​យប់​នេះ​ផងដែរ​។ កាលពី​ជើង​ទីមួយ លទ្ធផល​បានបញ្ចប់​ត្រឹម ០-០ ប៉ុណ្ណោះ ដូច្នេះ​ពួកគេ​ត្រូវតែ​ប្រុងប្រយ័ត្ន​ចំពោះ​គ្រាប់​បាល់​ក្រៅ​ផ្ទះ​របស់​ក្រុម​ភ្ញៀវ PSV​។ ពួកគេ​ពិតជា​បាន​ចាញ់​កាល​ប្រកួត​ក្នុងផ្ទះ​កាលពី​វគ្គ​ជម្រុះ​តាម​ពូ​ល​ក្រោម​ថ្វី​ជើង Benfica ប៉ុន្តែ​ជាទូទៅ​បរាជ័យ​ក្នុងផ្ទះ​ក្នុង​តំបន់​អឺរ៉ុប​ពិតជា​កម្រ​សម្រាប់ ATM​។ បរាជ័យ​ក្រោម​ថ្វី​ជើង​ក្រុម Benfica ដែល​ពួកគេ​បាន​ឡើងទៅ​វគ្គ​ប្រាំបី​ក្រុម​ចុងក្រោយ​ហើយ​នោះ ជា​បរាជ័យ​ក្នុងផ្ទះ​ដំបូង​បំផុត​ក្នុង​តំបន់​អឺរ៉ុប​គិត​ចាប់តាំងពី​ឆ្នាំ ២០០៣ មក​។ រីឯ​ទម្រង់​លេង​ក្នុង​ក្របខ័ណ្ឌ La Liga ក៏​ល្អ​ផងដែរ​សម្រាប់ Atletico ជាមួយ​ជ័យជម្នះ​ដល់ ១០ ក្នុងផ្ទះ​របស់​ពួកគេ​ក្នុងចំណោម ១៤ ប្រកួត​កន្លងមក ប៉ុន្តែ​មានតែ​ក្រុម Barcelona ដែល​បាន​បំបាក់​ពួកគេ​។​

​    ​រីឯ PSV Eindhoven វិញ អាច​នឹង​ភ្លាត់​គ្រាប់​បាល់​ទៅឱ្យ​ក្រុម ATM ព្រោះ​ទម្រង់​លេង​ក្រៅ​ផ្ទះ​ក្នុង​តំបន់​អឺរ៉ុប​របស់​ពួកគេ​ពិតជា​ខ្សោយ​។ ពួកគេ​រកបាន​តែមួយ​ពិន្ទុ​តែប៉ុណ្ណោះ​ក្នុងចំណោម​ការប្រកួត​បី​លើក​ក្រៅ​ផ្ទះ​ក្នុង​វគ្គ​ជម្រុះ​តាម​ពូ​ល​ក្នុង​ក្របខ័ណ្ឌ Champions League រដូវ​កាល​នេះ ជាមួយ​លទ្ធផល ០-០ នៅ​ទឹកដី​របស់​បិសាច​ក្រហម Manchester United និង​បរាជ័យ​ក្រោម​ស្នាដៃ​ក្រុម Wolfsburg និង CSKA Moscow​។ PSV បានធ្វើការ​ប្រកួត​ចំនួន ១៣ ដង​ហើយ​ក្នុងប្រទេស​អេ​ស្ប៉ា​ញ ហើយ​មិនដែល​ឈ្នះ​សូម្បី​តែមួយ​ប្រកួត​។​

​    ​PSV ធ្លាប់​ចាញ់ ATM ពីរដង​មកហើយ​ក្នុងជំនួប​បី​លើកចុងក្រោយ ហើយ​ការប្រកួត​នេះ​អាចជា​បរាជ័យ​លើក​ទី​បី​របស់​ពួកគេ ព្រោះ​ទម្រង់​លេង​ក្នុងផ្ទះ​របស់ Atletico ពិតជា​ឥតខ្ចោះ​ដោយ ១៥ ប្រកួត​ចុងក្រោយ​ចាញ់​តែមួយ​ប្រកួត​ប៉ុណ្ណោះ ខណៈ PSV វិញ​ក៏​ល្អ​ផងដែរ​ប៉ុន្តែ​នៅ​តំបន់​អឺរ៉ុប​ពួកគេ​ធ្វើ​មិនបាន​ល្អ​សោះ​។ ដូច្នេះ​ការប្រកួត​នេះ​យើង​រំពឹងថា ATM នឹង​ធ្វើបាន​យ៉ាងតិចណាស់​ពីរ​គ្រាប់​៕

មតិយោបល់