បន្លំខ្លួនជាមួយនឹងកូនស្រីដើម្បីរត់ចេញពីគុក តែពេលដើរទៅមិនដូចស្រី ស្រាប់តែបើកម៉ាស់មកញាក់សាច់

ផែនការដ៏ល្អិតល្អន់របស់ស្តេចត្រាញ់គ្រឿងញៀនប្រេស៊ីលដើម្បីរត់ចេញពីគុក ដោយពាក់ម៉ាសមុខស៊ីលីកូនដូចស្រី សក់ពាក់វែងនិងស្លៀកពាក់ជាស្រី បានបរាជ័យ នៅពេលដែលមន្រ្តីពន្ធនាគារភ្នែកមុត បានបញ្ឈប់គាត់ មុនពេលគាត់ទៅដល់ច្រកចេញ។

ទណ្ឌិតឈ្មោះ Clauvino da Silva អាយុ ៤២ ឆ្នាំបានព្យាយាមរត់គេចពីអង្គភាពឈ្មោះ Gabriel Ferreira Castilho នៅក្នុងពន្ធនាគារការពារសន្តិសុខខ្ពស់ឈ្មោះ Gericinó នៅតំបន់ខាងលិចទីក្រុង Rio de Janeiro កាលពីរសៀលថ្ងៃសៅរ៍ទី៣សីហា ដោយស្លៀកពាក់តែងខ្លួនជាកូនស្រីរបស់គាត់ ប៉ុន្តែភាពភ័យខ្លាចនិងភាពឆ្គាំឆ្គងរបស់គាត់ក្នុងដំណើរជាមនុស្សស្រី ធ្វើឱ្យបែកការណ៍។

មេគ្រឿងញៀន ដែលគេស្គាល់ផងដែរថា Baixinho មានន័យថា "អាតឿ"  ដោយសារតែកម្ពស់របស់គាត់ ត្រូវបាននាំទៅបន្ទប់ពិនិត្យមួយ ហើយឱ្យគាត់ដោះសម្លៀកបំពាក់ចេញ។

អ្នកនាំពាក្យរបស់រដ្ឋលេខាធិការរដ្ឋបាលពន្ធនាគារនៃទីក្រុង Rio បាននិយាយថា "Clauvino ពាក់អាវយឺតពណ៌ផ្កាឈូកជាមួយអាវទ្រនាប់ពណ៌ខ្មៅនៅពីក្រោម មានសក់ពាក់វែង ខោខូវប៊យរឹប ស្បែកជើងប៉ាតាពណ៌ស អាវក្រៅ និងវ៉ែនតា ប៉ុន្តែទោះបីជាគាត់មានមុខមាត់ជាក្មេងស្រីក៏ដោយ ក៏គាត់មិនមានដំណើរដូចស្រីនោះទេ។ ក្រុមមន្រ្តីមានការងឿងឆ្ងល់ចំពោះមុខមាត់របស់គាត់ ជាពិសេសនៅពេលគាត់ស្ថិតក្នុងចំណោមភ្ញៀវស្រី ៧ នាក់ផ្សេងទៀត ដែលកំពុងចេញពីពន្ធនាគារ និងដែលហាក់ដូចជាមានចេតនាឱ្យស្រីៗទាំងនោះបាំងរូបខ្លួនដើម្បីកុំឱ្យមន្ត្រីយើងមើលឃើញច្បាស់"។

រដ្ឋបាលពន្ធនាគារនៃទីក្រុង Rio បានឱ្យដឹងថា da Silva បានកេងចំណេញម៉ោងសួរសុខទុក្ខដ៏មមាញឹកដើម្បីប្តូរសម្លៀកបំពាក់ជាមួយកូនស្រីឈ្មោះ Ana Gabriele ដែលសម្ងំលាក់ខ្លួននៅក្នុងពន្ធនាគារ។ 

ភ្ញៀវស្រីទាំង៧នាក់ដែលមកសួរសុខទុក្ខ ក្នុងនោះមានស្ត្រីពរពោះម្នាក់ ក៏ត្រូវបានសង្ស័យជួយដល់ផែនការរត់គេចនេះដែរ។ ពួកគេត្រូវបាននាំខ្លួនទៅស្ថានីយប៉ូលិសមួយកន្លែងដើម្បីសាកសួររួមទាំងកូនស្រីរបស់ដាស៊ីលវ៉ាផងដែរ៕ 

 

adverise with khmeread

អ្នកនឹងចូលចិត្ត

tiger
Loading ad ...