ចិនបញ្ចុះតម្លៃរូបិយវត្ថុរបស់ខ្លូនដើម្បីបង្កើនការនាំចេញទំនិញលើពិភពលោក ធ្វើលោកត្រាំខឹងយ៉ាងខ្លាំង

ចិនបានសម្រេចចិត្តឆ្លើយតបនឹងការគំរាមដំឡើងពន្ធថ្មីចុងក្រោយរបស់ប្រធានាធិបតីដូណាល់ ត្រាំជាមួយនឹងការបង្ហាញភាពរឹងត្អឹង ដោយបណ្តោយឱ្យរូបិយវត្ថុរបស់ខ្លួនធ្លាក់ថ្លៃដល់កម្រិតទាបបំផុតក្នុងរយៈពេល ១១ ឆ្នាំ និង បញ្ឈប់ការទិញផលិតផលកសិកម្មរបស់អាមេរិកថែមទៀត។

បន្ទាប់ពីលោកត្រាំគំរាមដំឡើងពន្ធបន្ថែមទៀតលើការនាំចូលរបស់ចិននោះ ឥឡូវការបញ្ចុះតម្លៃលុយយ័នចិនបានធ្វើឱ្យទីផ្សារភាគហ៊ុននៅទូទាំងពិភពលោកដាំក្បាលចុះខ្លាំង។ នៅសង្កាត់ហិរញ្ញវត្ថុ Wall Street ផ្សារហ៊ុន Dow Jones Industrial Average បានធ្លាក់ចុះជាង ៨៥០ ពិន្ទុនៅត្រឹមពាក់កណ្តាលរសៀលថ្ងៃចន្ទ។

មុននេះ ភាគហ៊ុនបានធ្លាក់ចុះពីទីក្រុងសៀងហៃរហូតដល់ទីក្រុងឡុងដ៍ ដោយបារម្ភថា ការកើនឡើងនៃភាពតានតឹងពាណិជ្ជកម្មរវាងអាមេរិកនិងចិននឹងទាញទម្លាក់សេដ្ឋកិច្ចពិភពលោក ដែលកំពុងចុះខ្សោយរួចជាស្រេច។

ខណៈកំពុងមានក្តីបារម្ភថាចិននឹងប្រើប្រាស់រូបិយវត្ថុរបស់ខ្លួនធ្វើជាអាវុធនៅក្នុងសង្រ្គាមពាណិជ្ជកម្មនោះ រដ្ឋាភិបាលក្រុងប៉េកាំងឥឡូវបានបណ្តែតបណ្តោយឱ្យលុយយ័នធ្លាក់ថ្លៃដល់កម្រិតរសើបខាងនយោបាយ គឺ ៧ យ័នដូរបានតែ១ដុល្លារ ជាលើកដំបូងចាប់តាំងពីខែកុម្ភៈឆ្នាំ ២០០៨។

បន្ទាប់ពីទីផ្សារហិរញ្ញវត្ថុបានបិទទ្វារកាលពីថ្ងៃចន្ទ ក្រសួងរតនាគារអាមេរិកបានប្រកាសថា ខ្លួនចាត់ទុកចិនជា "អ្នករៀបចំកំណត់តម្លៃរូបិយវត្ថុខុសច្បាប់" ជាលើកដំបូងចាប់តាំងពីឆ្នាំ ១៩៩៤ ។

កាលពីថ្ងៃចន្ទដដែល ទីភ្នាក់ងារសារព័ត៌មានស៊ីនហួផ្លូវការរបស់ចិនបានរាយការណ៍ថា ក្រុមហ៊ុនចិនបានបញ្ឈប់ការទិញផលិតផលកសិកម្មរបស់អាមេរិក ដែលជាការបាញ់ចំៗទៅលើអ្នកគាំទ្ររបស់លោកត្រាំនៅតំបន់ជនបទ។

ទន្ទឹមនេះដែរ ការបញ្ចុះតម្លៃរូបិយវត្ថុនិងការផ្អាកទិញកសិផលរបស់អាមេរិកបង្ហាញថា ចិនបានសម្រេចចិត្តប្រកាន់ជំហរតឹងរ៉ឹង ជាជាងឱនក្បាលចុះចាញ់តាមការគំរាមកំហែងរបស់លោកត្រាំ។

លោក Hu Xijin និពន្ធនាយកកាសែត Global Times របស់ចិនបានសរសេរនៅលើ Twitter ថា "ភាគីចិននឹងមិនចុះចាញ់អាមេរិកឡើយ"។

ប្រាក់យ័នចុះខ្សោយធ្វើឱ្យការនាំចេញរបស់ចិនមិនសូវមានតម្លៃថ្លៃលើទីផ្សារបរទេស។ វាក៏ជួយបន្ថយផលប៉ះពាល់នៃការដំឡើងពន្ធរបស់អាមេរិកទៅលើផលិតផលរបស់ចិនផងដែរ។

លុយចិនឡើងដល់ ៧,០៣៩១ យ័នក្នុង១ដុល្លារអាមេរិកកាលពីរសៀលថ្ងៃចន្ទ។

ភ្លាមៗនោះលោកត្រាំបានសរសេរនៅលើ Twitter ដើម្បីថ្កោលទោសចំណាត់ការរបស់ចិនថាជា "ការរៀបចំកំណត់តម្លៃរូបិយវត្ថុខុសច្បាប់"។ លោកបានបន្ថែមថា "នេះគឺជាការរំលោភបំពានដ៏ធំសម្បើម ដែលនឹងធ្វើឱ្យចិនចុះខ្សោយយូរអង្វែង"។

ធនាគារកណ្តាលចិនបានស្តីបន្ទោសការធ្លាក់ថ្លៃប្រាក់យ័នទៅលើ "ការគាំពារនិយមខាងពាណិជ្ជកម្ម" ដែលទំនងសំដៅទៅលើការគំរាមកំហែងរបស់លោកត្រាំកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុនដើម្បីដំឡើងពន្ធនៅថ្ងៃទី១ កញ្ញាលើការនាំចូលរបស់ចិនតម្លៃ ៣០០ ពាន់លានដុល្លារទៅកាន់សហរដ្ឋអាម៉េរិក បន្ថែមពីលើទំនិញតម្លៃ ២៥០ ពាន់លានដុល្លារ ដែលលោកត្រាំបានដំឡើងពន្ធរួចទៅហើយនោះ៕

adverise with khmeread

អ្នកនឹងចូលចិត្ត

Tiger underlay 0cc51ce78ea42075c828d110dce2083d23804c4c9a1bb917ebea151827aebf16