ស្ត្រីម្នាក់យកមឹកដាក់លើមុខ ចុងបញ្ចប់ត្រូវដេកពេទ្យ

រូបថតរបស់ស្រ្តីម្នាក់មកពីរដ្ឋវ៉ាស៊ីនតោន ជាមួយនឹងមឹកមួយក្បាលគឺពិតមិនត្រឹមតែមានភាពល្បីល្បាញនោះទេ ប៉ុន្តែវាក៏បណ្តាលឱ្យមានការឆ្លងមេរោគមួយដ៏អាក្រក់ផងដែរ បន្ទាប់សត្វសមុទ្រមួយក្បាលនេះបានខាំចង្ការរបស់នាង។

នាង Jamie Bisceglia បានកំពុងចូលរួមក្នុងកម្មវិធីប្រកួតស្ទូចត្រី និងថតរូបត្រីសាល់ម៉ុងនៅស្ពាន Tacoma Narrows កាលពីថ្ងៃសៅរ៍សប្តាហ៍មុន ពេលដែលនាងដឹងខ្លួនថា នាងប្រហែលជាមិនអាចឈ្នះក្នុងកម្មវិធីនេះទេ។

ទោះជាយ៉ាងណាក្តីនាងបានឃើញឱកាសដទៃទៀតដើម្បីទទួលជ័យលាភី ពេលដែលនាងបានឃើញមឹកមួយក្បាលដែលមិត្តរបស់នាងចាប់បាន។ នាង Bisceglia បាននិយាយប្រាប់ទៅវេបសាយ HuffPost ថា "ខ្ញុំបានចាប់វាចេញពីផ្លែសន្ទូច ហើយថតរូបមួយសន្លឹកសម្រាប់ប្រកួតប្រជែង"។

នាងបានដាក់មឹកមួយក្បាលនេះនៅលើមុខនាង ហើយបាននិយាយថា ដៃរបស់វាបានគ្របទៅត្រចៀក និងច្រមុះរបស់នាង។ វាជាការផ្តិតរូបភាពដ៏រីករាយមួយសម្រាប់នាង រហូតដល់ពេលដែលមឹកមួយក្បាលនេះបានខាំចង្ការរបស់នាង។

នាងបាននិយាយថា "មិត្តរបស់ខ្ញុំបានសម្គាល់ឃើញមុខខ្ញុំបានផ្លាស់ប្តូរ។ យើងមិនអាចយកមឹកចេញពីមុខបានទេ វាប្រៀបបីដូចជាស្នរចាក់ដោតជាប់ដកមិនរួចយ៉ាងអ៊ីចឹង"។

ទោះបីជានាង Bisceglia ទីបំផុតអាចយកមឹកចេញពីមុខនាងក្តី នាងបានហូរឈាមយ៉ាងខ្លាំងសម្រាប់រយៈពេល ៣០នាទីបន្ទាប់ពីនោះ។ នាងបាននិយាយថា "នៅតែមានខ្ទុះហូរ ហើយវាគឺនៅខាងក្រោមចង្ការរបស់ខ្ញុំ"។

នាង Bisceglia បានរង់ចាំរយៈពេលពីរថ្ងៃរហូតដល់កម្មវិធីស្ទូចត្រីបានបញ្ចប់ ដើម្បីស្វែងរកការព្យាបាល។ ហើយនោះប្រហែលជាមិនមែនវិធីដ៏ល្អនោះទេ ខណៈដែលមុខផ្នែកខាងឆ្វេងរបស់នាងបានខ្វិន និងមានចំណុចហើមជាច្រើនកន្លែង។ 

បច្ចុប្បន្ននាងបានទទួលការព្យាបាលដោយថ្នាំផ្សះកម្ចាត់មេរោគ។

នាង Bisceglia បានសងសឹកនឹងមឹកនេះវិញ ដោយនាងបានស្រុះវា និងដុតវា ហើយខ្ចប់វាលើសាឡាត់ដើម្បីទទួលទាន។

រូបថតរបស់នាងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ប៉ុន្តែនាង Bisceglia មិនអាចដឹងថាតើវានឹងឈ្នះឬយ៉ាងណាទេសម្រាប់ប្រាក់រង្វាន់ ១០០ដុល្លារ រហូតដល់ចុងសប្តាហ៍នេះ៕

 

adverise with khmeread
tiger
Loading ad ...