ក្រុមហ៊ុន Huawei បង្ហាញប្រព័ន្ធប្រតិបត្តិការផ្ទាល់ខ្លួន HarmonyOS ដើម្បីប្រជែងជាមួយ Android

ក្រុមហ៊ុន Huawei បានបង្ហាញប្រព័ន្ធប្រតិបត្តិការផ្ទាល់ខ្លួនកាលពីថ្ងៃសុក្រម្សិលមិញ ខណៈដែលក្រុមហ៊ុនប្រឈមនឹងការគំរាមកំហែងនៃការបាត់បង់សិទ្ធិប្រើប្រាស់ប្រព័ន្ធ Android និងទណ្ឌកម្មជាច្រើនរបស់អាមេរិក។

លោក Richard Yu ប្រធានផ្នែកអាជីវកម្មផលិតផលនិងសេវាកម្មរបស់ក្រុមហ៊ុន Huawei បានប្រាប់សន្និសីទសារព័ត៌មាននៅទីក្រុង Dongguan  ភាគខាងត្បូងប្រទេសចិនថា ប្រព័ន្ធថ្មីឈ្មោះ HarmonyOS នឹងនាំមកនូវភាពសុខដុមរមនាដល់ពិភពលោក។

សូហ្វវែ ដែលគេទន្ទឹងរង់ចាំមើលបំផុតនេះ ត្រូវបានចាត់ទុកថាមានសារៈសំខាន់ខ្លាំងសម្រាប់ការរស់រានរបស់ក្រុមបច្ចេកវិជ្ជាយក្សនេះ ខណៈដែលក្រុមហ៊ុនកំពុងប្រឈមនឹងបម្រាមរបស់សេតវិមានលើក្រុមហ៊ុនអាមេរិក កុំឱ្យលក់ផលិតផលបច្ចេកវិជ្ជាឱ្យទៅក្រុមហ៊ុន Huawei ដែលអាចនឹងដក Huawei ពីការប្រើប្រព័ន្ធប្រតិបត្តិការ Android របស់ Google ។

លោក Richard Yu បាននិយាយថា ប្រព័ន្ធថ្មីនេះគឺជា "ប្រព័ន្ធប្រតិបត្តិការដែលផ្តោតលើអនាគត" ដែលមានភាពរលូននិងមានសុវត្ថិភាពជាងមុន ដែលលោកបាននិយាយថាខុសគ្នាទាំងស្រុងពីប្រព័ន្ធប្រតិបត្តិការ Android និង iOS។

ក្រុមហ៊ុន Huawei បាននិយាយថា ជំនាន់ដំបូងនៃប្រព័ន្ធប្រតិបត្តិការនេះនឹងបង្ហាញខ្លួននៅចុងឆ្នាំនេះនៅក្នុងផលិតផលអេក្រង់ឆ្លាតរបស់ខ្លួន។ ក្នុងរយៈពេលបីឆ្នាំខាងមុខ ប្រព័ន្ធនេះនឹងត្រូវអភិវឌ្ឍសម្រាប់ឧបករណ៍ឆ្លាតវៃជាច្រើនប្រភេទ រួមទាំង បច្ចេកវិជ្ជាពាក់នឹងដៃ៕

adverise with khmeread
tiger
Loading ad ...