លោកពូទីនជិះម៉ូតូធំលំហែកាយយ៉ាងរំភើយនៅតំបន់គ្រីមេ ខណៈផ្ទុះបាតុកម្មធំនៅមូស្គូ

ខណៈដែលមានការផ្ទុះបាតុកម្មដ៏ធំក្នុងទីក្រុងមូស្គូកាលពីថ្ងៃសៅរ៍ ប្រធានាធិបតីរុស្ស៊ីលោក វ៉្លាឌីមៀរ ពូទីន ត្រូវបានគេប្រទះឃើញជិះម៉ូតូលំហែកាយយ៉ាងរំភើយជាមួយនឹងក្រុមក្លឹបអ្នកជិះម៉ូតូធំដ៏មានឥទ្ធិពរបស់រុស្ស៊ី Night Wolves ក្នុងតំបន់គ្រីមេ។

ប្រធានាធិបតីរូបនេះ បានចូលរួមជិះម៉ូតូដែលជាផ្នែកមួយនៃកម្មវិធីប្រចាំឆ្នាំរៀបចំដោយក្លឹបអ្នកជិះម៉ូតូ Night Wolves ដែលមានសម្ព័ន្ធមិត្តយ៉ាងជិតស្និទ្ធជាមួយនឹងលោកពូទីន និងគឺជាអ្នកគាំទ្រការបញ្ចូលតំបន់គ្រីមេជារបស់រុស្ស៊ី។

គាត់បានជិះម៉ូតូ Ural រួមជាមួយនឹងមេក្រុមនៃក្រុមម៉ូតូជាតិនិយមរុស្ស៊ីលោក Aleksander Zaldostanov ដែលត្រូវបានស្គាល់ផងដែរជាមួយរហស្សនាម "The Surgeon" (ពេទ្យវះកាត់)។

ដោយនិយាយទៅកាន់ហ្វូងអ្នកគាំទ្រការជិះម៉ូតូក្នុងទីក្រុង Sevastopol នៃតំបន់គ្រីមេ ប្រធានាធិបតីរុស្ស៊ីរូបនេះបានកោតសរសើរក្រុម Night Wolves ដែលធ្វើជាគំរូល្អដល់យុវជនរបស់ប្រទេស។

ទន្ទឹមនឹងនោះ មនុស្សរាប់ម៉ឺននាក់នៅទីក្រុងមូស្គូ និងទីក្រុងដទៃទៀត បានធ្វើការតវ៉ាប្រឆាំងនឹងរដ្ឋាភិបាលរបស់ពូទីន ក្រោយផ្ទុះអំពើហិង្សាក្នុងការបោះឆ្នោតក្នុងស្រុក។ មនុស្សប្រមាណជា ២៧៥នាក់ត្រូវបានចាប់ខ្លួននៅជុំវិញពិភពលោក។ នេះបើយោងតាមក្រុមឃ្លាំមើលការចាប់ខ្លួនមួយនេះឈ្មោះ OVD-Info៕

adverise with khmeread
tiger
Loading ad ...