ត្រាំសង្កត់សំឡេងបែបអាស៊ីដើម្បីចម្អកឱ្យមេដឹកនាំកូរ៉េខាងត្បូងនិងជប៉ុនរឿងចេញថ្លៃការពារប្រទេសរបស់ពួកគេ

ប្រធានាធិបតីដូណាល់ ត្រាំបានសង្កត់សំឡេងបែបអាស៊ីដើម្បីចម្អកឱ្យសម្ព័ន្ធមិត្តអាមេរិកនៅឯកម្មវិធីរៃអង្គាសលុយនៅតំបន់ Hamptons នៃទីក្រុងញូវយ៉ក។ នេះបើយោងតាមកាសែត Daily Mail សរសេរកាលពីថ្ងៃចន្ទទី១២សីហា។

លោកត្រាំបានចូលរួមនៅតំបន់ Hamptons កាលពីថ្ងៃសុក្រ និង បានទទួលប្រាក់ចំនួន ១២ លានដុល្លារសម្រាប់យុទ្ធនាការបោះឆ្នោតរបស់លោកនិងគណបក្សសាធារណរដ្ឋ។

លោកប្រធានាធិបតីបានថ្លែងនៅក្នុងកម្មវិធីរៃអង្គាសលុយចំនួនពីរ គឺ មួយរៀបចំដោយលោក Stephen Ross ដែលក្រុមហ៊ុនរបស់គាត់ជាម្ចាស់  Equinox and Soul Cycle និង មួយទៀតរៀបចំនៅឯផ្ទះរបស់លោក Joe Farrell នៅតំបន់ Bridgehampton។

លោកត្រាំបានកំពុងថ្លែងទៅកាន់ហ្វូងមនុស្សប្រមាណ ៥០០ នាក់នៅឯផ្ទះរបស់លោក Joe Farrell នៅពេលដែលលោកបានចម្អកដាក់សម្ព័ន្ធមិត្តអាមេរិក គឺ កូរ៉េខាងត្បូងនិងជប៉ុន។

នៅពេលនិយាយអំពីប្រទេសកូរ៉េខាងត្បូង លោកត្រាំនិយាយថាប្រទេសនេះបង្កើតទូរទស្សន៍អស្ចារ្យ និង មានសេដ្ឋកិច្ចរីកចម្រើនណាស់ "ចុះហេតុអីយើងត្រូវចេញលុយថ្លៃការពារប្រទេសពួកគេទៀត?"។

លោកបានមានប្រសាសន៍ថា "ពួកគេត្រូវតែចេញលុយ"។ យោងតាមកាសែត New York Post បន្ទាប់មកលោកត្រាំបានធ្វើត្រាប់តាមប្រធានាធិបតីកូរ៉េខាងត្បូងលោកមូន ជេអ៊ីន។

បន្ទាប់មកទៀតគឺជប៉ុន។ តាមសេចក្តីរាយការណ៍ លោកត្រាំបានសង្កត់សំឡេងបែបអាស៊ីដើម្បីធ្វើត្រាប់តាមនាយករដ្ឋមន្រ្តីជប៉ុនលោកស៊ីនហ្សូ អាបេ នៅពេលដែលលោកបានរំលឹកឡើងវិញនូវការសន្ទនាពីមុនរបស់ពួកគេអំពីការចរចាពន្ធគយពាណិជ្ជកម្ម។

យោងតាមកាសែត New York Post លោកត្រាំបានរំលឹករឿងគួរឱ្យអារម្មណ៍ទាក់ទិននឹងឪពុករបស់លោកអាបេ ដែលធ្លាប់ជាអ្នកបើកយន្តហោះចម្បាំងសម័យសង្គ្រាមលោកលើកទី២។

ប្រធានាធិបតីត្រាំបានសួរទៅលោកអាបេថាតើអ្នកបើកយន្តហោះចម្បាំងសម័យសង្គ្រាមលោកលើកទី២ស្រវឹងឬបែកថ្នាំ ដោយលោកអាបេឆ្លើយតបវិញថា អត់បានស្រវឹងហើយក៏អត់បានបែកថ្នាំដែរ ពួកគេគ្រាន់តែស្រឡាញ់ប្រទេសរបស់ពួកគេប៉ុណ្ណោះ។

ត្រាបាននិយាយថា "សាកស្រមៃមើល ពួកគេឡើងយន្តហោះមានសាំងតែពាក់កណ្តាល រួចហោះទៅបំបុកនាវាដែកថែប គ្រាន់តែដើម្បីស្រឡាញ់ប្រទេសពួកគេ!"។ 

បន្ទាប់មកគាត់បានអួតអំពីរបៀបដែលសហរដ្ឋអាមេរិកមានភាពល្អប្រសើរជាងមុន ដោយហេតុថាគាត់បានជាប់ឆ្នោតជាប្រធានាធិបតី។

លោកត្រាំនិយាយថា "ប្រសិនបើខ្ញុំមិនបានជាប់ឆ្នោតជាប្រធានាធិបតីទេ យើងប្រហែលកំពុងស្ថិតក្នុងសង្គ្រាមដ៏ធំធេងជាមួយកូរ៉េខាងជើងបាត់ហើយ"។ លោកបានបន្ថែមថា លោកមានមិត្តភាពដ៏អស្ចារ្យជាមួយមេដឹកនាំកូរ៉េខាងជើងលោកគីម ជុងអ៊ុន៕

adverise with khmeread

អ្នកនឹងចូលចិត្ត

tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab