អ្នកជំនាញមើលនាឡិកាប្រណីតជនជាតិកូរ៉េខាងត្បូងនិយាយថា គីម ជុងអ៊ុន ពាក់នាឡិកាប្រណីតតម្លៃជាង១២.០០០ដុល្លារ ដែលជាប់ទណ្ឌកម្មនាំចូលកូរ៉េខាងជើងពីសំណាក់អង្គការសហប្រជាជាតិ

លោកគីមជុងអ៊ុនត្រូវបានគេថតជាប់ពាក់នាឡិកាតម្លៃថ្លៃរហូតដល់ទៅ ១០.០០០ ផោន (ជាង១២.០០០ ដុល្លារ) ដែលផ្គើនទៅនឹងការដាក់ទណ្ឌកម្មប្រឆាំងនឹងរបបរបស់គាត់។ នេះបើយោងតាមកាសែត Daily Mail សរសេរកាលពីថ្ងៃអង្គារទី១៣សីហា។

អង្គការសហប្រជាជាតិបានហាមឃាត់ទំនិញប្រណីតមិនឱ្យចូលប្រទេសកូរ៉េខាងជើងទេ ដើម្បីដាក់ទណ្ឌកម្មដល់រដ្ឋឯកោនេះសម្រាប់ការធ្វើតេស្តអាវុធនុយក្លេអ៊ែររបស់ខ្លួន ជាមួយនាឡិកាប្រណីតក៏ស្ថិតក្នុងចំណោមមុខទំនិញជាប់ទណ្ឌកម្មដែរ។

ប៉ុន្តែឥឡូវនេះអ្នកជំនាញខាងនាឡិកាប្រណីតនៅប្រទេសជិតខាង គឺកូរ៉េខាងត្បូង បានកំណត់អត្តសញ្ញាណនាឡិការប្រណីតដ៏កម្រនៅលើ.កដៃរបស់លោកគីម ជុងអ៊ុន ដែលមានតម្លៃដល់ទៅជាង ១២.០០០​ ដុល្លារ។

លោក Kim Chang-kyu អ្នកជំនាញខាងនាឡិកាប្រណីត បានប្រាប់កាសែតកូរ៉េមួយថា មេដឹកនាំកូរ៉េខាងជើងហាក់ពាក់នាឡិកាម៉ាក IWC Portofino Automatic ខណៈកំពុងមើលការធ្វើតេស្តសព្វាវុធបញ្ជាទិសប្រភេទថ្មីកាលពីថ្ងៃទី២៥កក្កដា។ 

ខណៈការសាកល្បងមីស៊ីលធ្វើឡើងកាលពីខែមុន អត្តសញ្ញាណរបស់នាឡិកាប្រណីតនេះទើបតែត្រូវបានលាតត្រដាងនៅសប្តាហ៍នេះប៉ុណ្ណោះ។ 

ការលាតត្រដាងនេះកើតឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីរូបថតជាច្រើនបានបង្ហាញផ្សារទំនើបឈ្មោះ Daesong Department Store ក្នុងទីក្រុងព្យុងយ៉ាង ហាក់កំពុងដាក់លក់នាឡិកាប្រណីតៗជាច្រើនម៉ាក ដូចជា Rolex, Tissot និង Omega ព្រមទាំងម៉ាកជាច្រើនទៀតផងដែរ។ 

នរណាៗក៏ដឹងដែរថា លោកគីម ជុងអ៊ុន ចូលចិត្តពាក់នាឡិកាស្វីស ពីព្រោះគាត់បានទទួលការអប់រំនៅប្រទេសស្វីសកាលពីនៅកុមារនៅសាលានានាក្នុងទីក្រុង Gümligen និងទីក្រុង Köniz៕ 

adverise with khmeread

អ្នកនឹងចូលចិត្ត

tiger
Loading ad ...