បាត់ដំបង ៖ ដើមកញ្ឆាស្រស់ចំនួន៧៣០ដើមត្រូវបានប៉ូលិសស្រុកសំឡូតកាប់បំផ្លាញចោលក្នុងដីចម្ការមួយកន្លែងស្ថិតនៅឃុំកំពង់ល្ពៅស្រុកសំឡូត ខេត្តបាត់ដំបងនៅថ្ងៃអង្គារទី១៣ ខែ សីហា ឆ្នាំ២០១៩ វេលាម៉ោង៣រសៀល ។
លោកវរសេនីយ៍ឯក កៅ ស៊ុនកាំង អធិការប៉ូលិសស្រុកសំឡូត បានដឹកនាំកម្លាំងប៉ូលិសផ្នែកជំនាញនិងកម្លាំងប៉ូលិសអន្តាគមន៍ស្រុកសំឡូតសហការជាមួយកម្លាំងប៉ូលិសប៉ុស្តិ៍រដ្ឋបាលកំពង់ល្ពៅ ចុះបង្រ្កាបការដាំដុះកញ្ឆាមួយកន្លែងស្ថិតនៅលើដីចម្ការក្នុងភូមិព្រៃធំ ឃុំកំពង់ល្ពៅ ស្រុកសំឡូត ខេត្តបាត់ដំបង ដែលដាំលាយឡំជាមួយនឹងដំណាំដំឡូង ដោយបានកាប់និងដុតបំផ្លាញចោលនូវកញ្ឆាចំនួន៧៣០ដើម ដែលប្រជាពលរដ្ឋឈ្មោះយឿន រើន ភេទ ប្រុស អាយុ ៣២ ឆ្នាំរស់នៅភូមិឃុំខាងលើជាអ្នកលួចលាក់ដាំដោយគ្មានការអនុញ្ញាត។
បន្ទាប់មកប៉ូលិសបាននាំអ្នកដាំកញ្ឆាឈ្មោះ យឿន រើន ត្រូវបាននាំមកកាន់អធិការដ្ឋានប៉ូលិសស្រុកធ្វើការសាកសួរជុំវិញករណីដាំដុះកញ្ឆាដែលមានចំនួនដ៏ច្រើន៕
