កំពង់ឆ្នាំង ៖ ក្នុងវ័យទើបតែ៣៣ឆ្នាំ ស្ត្រីមេម៉ាយឈ្មោះញ៉ឹក ចំរើន រស់នៅភូមិព្រះរាមរង្សី ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង បានរៀបរាប់ថា គាត់មានបងប្អូន៦នាក់ រូបគាត់ជាកូនបងគេបង្អស់ ត្រូវម្តាយស្លាប់ចោល ឪពុកនៅរស់ តែបែកទៅរស់នៅជាមួយប្រពន្ធចុង។កាលដែលឪពុកនៅជាមួយ គាត់ជាអ្នកឡើងត្នោត យូរៗម្តង ឪពុកបានប្រើគាត់ឱ្យឡើងត្នោតជំនួសម្តងម្កាល។ លុះឪពុកបែកទៅមានប្រពន្ធ គាត់គ្មានមុខរបរអ្វីធ្វើ ក៏ឡើងត្នោត ដើម្បីចិញ្ចឹមជិវិតនិងកូនៗ ហើយការចាប់មុខរបរនេះ ទើបតែមួយឆ្នាំនេះទេ។
ស្ត្រីញឹក ចំរើនបន្តថា ចំពោះជីវភាពប្រចាំថ្ងៃនេះ គឺខ្វះខាតខ្លាំងណាស់ ព្រោះត្នោតធ្វើមិនសូវចេញបានស្ករក្នុង១ថ្ងៃ តែ២គីឡូក្រាមទេ បានប្រាក់ត្រឹមតែ៥ពាន់រៀលប៉ុណ្ណោះ ហើយបើខែវស្សា អស់ផ្កាត្នោត គាត់បានទៅស៊ីឈ្នួលភ្ជួររាស់ឱ្យគេមួយព្រឹកបាន៥ពាន់រៀល តែបើដកស្ទួងវិញបាន១.៥០០០រៀលដែរ ។ នៅខែច្រូត ក៏ដូចគ្នាដែរ គឺ១.៥០០០រៀលក្នុង១ថ្ងៃ។
ស្ត្រីមេម៉ាយទុរគតរូបនោះ និយាយមិនលាក់លៀមថា តាមពិត គាត់មានប្តី២នាក់ទៅហើយ តែកម្មអកុសលរបស់គាត់ ប្តីមួយណាដូចមួយណា ឱ្យតែគាត់មានផ្ទៃពោះ ប្តីនោះចុះចោលគាត់តែម្តង៕ (អត្ថបទ៖ណារិទ្ធ)
