ភ្នំពេញ ៖ នាយកដ្ឋានអន្តោប្រវេសន៍ ដឹកនាំដោយឧត្តមសេនីយ៍ទោ អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋានស៊ើបអង្គេត និងអនុវត្តនីតិវិធី នៅវេលាម៉ោង ៣រសៀលថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៦បានចុះត្រួតពិនិត្យការ រស់នៅខុសច្បាប់ របស់ជនជាតិវៀតណាម នៅចំណុចទីតាំងការដ្ឋាន សំណង់ធនាគារមួយកន្លែង ស្ថិតខាងក្រោយវត្តវាលស្បូវ ក្នុងភូមិស្វាយតាអុក សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
ប្រតិបត្តិការខាងលើនេះ ធ្វើឡើងដោយមានការ សម្របសម្រួលពី ព្រះរាជអាជ្ញាររង អមសាលាដំបូង រាជធានីភ្នំពេញ លោកមាស ច័ន្ទពិសិដ្ឋ ហើយសមត្ថកិច្ច បានរកឃើញ ជនជាតិវៀតណាមចំនួន ១០៩នាក់ ស្រី០៨នាក់។ ក្នុងនោះ ១៨នាក់មានលិខិតឆ្លងដែន និងឯកសារពាក់ព័ន្ធត្រឹមត្រូវ ដោយឡែកសេសសល់មាន ១៦នាក់មានលិខិតឆ្លងដែនជាអក្សរ E ( មានសៀភៅការងារ) លិខិតឆ្លងដែនអក្សរ T ចំនួន១៣នាក់ (គ្មានលិខិតការងារ) ខ្មែរកម្ពុជាក្រោម ៦នាក់ ស្រី០៤នាក់ ដោយឡែក ៥៦នាក់ផ្សេងទៀត គ្មានលិខិតឯកសារអ្វីទាំងអស់។
សូមបញ្ជាក់ថា អ្នកដែលមានឯកសារត្រឹមត្រូវ ១៨នាក់ មានលិខិតឆ្លងដែនអក្សរ E ១៦នាក់ ខ្មែរកម្ពុជាក្រោម ៦នាក់ ពុំត្រូវបានឃាត់ខ្លួននោះទេ។ ក្រៅពីនោះនឹងត្រូវ ឃាត់ខ្លួនទាំងអស់យក ទៅកាន់អគ្គនាយកដ្ឋាន អន្តោប្រវេសន៍ រងចាំចាត់ការទៅតាមផ្លូវច្បាប់ នៅពេលក្រោយ។
ជាមួយគ្នានេះ លោកឧត្តមសេនីយ៍អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋានស៊ើបអង្គេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានបញ្ជាក់ថា ទីតាំងដែលសមត្ថកិច្ច ចុះត្រួតពិនិត្យនេះ គឺជាការចុះលើទី០២ហើយ ដែលលើកទី០១ សមត្ថកិច្ចចុះត្រួតពិនិត្យក្នុងចុងឆ្នាំ២០១៥ កន្លងទៅ ដោយបានធ្វើការឃាត់ខ្លួន ជនជាតិវៀតណាម ប្រុសស្រីមករស់នៅ និងធ្វើការដោយខុសច្បាប់ បានចំនួន ៣៨នាក់។
លោកឧត្តមសេនីយ៍បញ្ជាក់ថា ចំពោះជន ដែលមានលិខិតឆ្លងដែនជាអក្សរ E តែគ្មានលិខិតការងារ នឹងត្រូវផាកពិនិយ ៥០ម៉ឺនរៀល ចូលរដ្ឋ រួចធ្វើការអប់រំណែនាំ ឲ្យទៅធ្វើសៀភៅការងារឲ្យបានត្រឹមត្រូវតាមច្បាប់។ ចំពោះជនដែលមាន លិខិតឆ្លងដែនជាអក្សរ T (ទេសចរណ៍) វិញ ពួកគេត្រូវអប់រំណែនាំ និងទុកពេលឲ្យ១សប្តាហ៍ ដើម្បីឲ្យពួកគេ ត្រឡប់ទៅប្រទេសដើមខ្លួន ហើយបំពេញលិខិតបែបបទឲ្យបានត្រឹមត្រូវ មុនចូលមកធ្វើការ និងរស់នៅក្នុងប្រទេសកម្ពុជា។
ដោយឡែកចំពោះជនដែល គ្មានលិខិតស្នាមអ្វីទាំង អស់នោះ នឹងកសាងសំណុំបែបបទ ស្នើទៅកាន់ក្រសួងមហាផ្ទៃ ធ្វើការបណ្តេញចេញ ពីកម្ពុជាតែម្តង៕
