រថយន្តកុងតឺន័រវ៉ាជែងរថយន្តខាងមុខ ជ្រុលមកបុកម៉ូតូបណ្ដាលឱ្យបុរសម្នាក់ស្លាប់ភ្លាម

ភ្នំពេញ ៖ បុរសម្នាក់បានបាត់បង់ជីវិតភ្លាមៗ ខណៈកំពុងជិះម៉ូតូត្រូវរថយន្តកុងតឺន័របុក កាលពីវេលាម៉ោង១០ និង១០នាទីយប់ ថ្ងៃពុធ ទី១៤ ខែសីហា ឆ្នាំ២០១៩ នៅត្រង់ចំណុចខាងកើតរង្វង់មូល នាងបីគួរស្រូវ ចម្ងាយប្រហែល២០០ម៉ែត្រ តាមបណ្ដោយផ្លូវជាតិលេខ២ ស្ថិតក្នុងភូមិក្រាំងស្វាយ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

ប៉ូលិសនិយាយថា​ សពជនរងគ្រោះឈ្មោះ ប៉ែន តុលា អាយុ ២៥ឆ្នាំ មុខរបរជាងប៉ះកង់ឡាន ស្នាក់នៅសង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្ដាល និងមានស្រុកកំណេីត ខេត្តស្វាយរៀង  ជិះម៉ូតូ ម៉ាកហុងដាគុបជ្រុង ពណ៌ទឹកប៊ិច ពាក់ស្លាកលេខស្វាយរៀង 1F-1790 ។ ឯរថយន្តបង្កម៉ាកហុីយ៉ាន់ដាយ ប្រភេទដឹកទូកុងតឺន័រ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 3E-0247 តៃកុងរត់បាត់ ។ 

ប្រភពព័ត៌មានពីប្រជាពលរដ្ឋបានឱ្យដឹងថា ដំបូងគេឃើញបុរសរងគ្រោះជិះម៉ូតូម្នាក់ឯង ធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ២ ទិសដៅពីកើតមកលិចក្នុងល្បឿនល្មម ។ ខណៈមកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តបង្កធ្វើដំណើរបញ្ច្រាស់ទិសគ្នាក្នុងល្បឿនយ៉ាងលឿន និងបានវ៉ាជែងរថយន្តមួយគ្រឿងផ្សេងទៀតជ្រុលមកបុកម៉ូតូចំពីមុខពេញទំហឹងតែម្ដង ។ 

ក្រោយកើតហេតុ សមត្ថកិច្ចវាស់វែងយករថយន្តបង្ក និងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញរង់ចាំដោះស្រាយតាមផ្លូវច្បាប់នាពេលក្រោយ ។ ចំណែកសព ត្រូវបានសាច់ញាតិដឹកយកទៅស្រុកកំណើតធ្វើបុណ្យតាមប្រពៃណី ៕

adverise with khmeread
tiger
Loading ad ...