ឪពុកទើបនឹងលក់រថយន្តបានលុយយ៉ាងច្រើន ស្រាប់តែប៉ុន្មានថ្ងៃក្រោយមកកូនប្រុសសំណព្វចាប់ជំរិតខ្លួនឯងដើម្បីទារលុយឪ ដល់ពេលប៉ូលិសចាប់បាន ទទួលបានចម្លើយហួសចិត្ត

ក្មេងប្រុសនេហ្សេរីយ៉ាវ័យ ១៥ ឆ្នាំម្នាក់ឈ្មោះ Jerry Vichi ត្រូវបានចាប់ខ្លួនពីបទបង្គាប់ឱ្យឪពុកមកបង់លុយលោះខ្លួន បន្ទាប់ពីចាប់ជំរិតខ្លួនឯងជាមួយនឹងមិត្តភក្តិនៅទីក្រុង Jos ។ នេះបើយោងតាមវេបសាយ channelnewsasia.com ផ្សាយកាលពីថ្ងៃសុក្រម្សិលមិញ។

កូនប្រុស និងដៃគូ ៤ នាក់ទៀតមានអាយុពី ១៥ ទៅ ២២ ឆ្នាំ ត្រូវបានចាប់ខ្លួនដោយប៉ូលិសកាលពីសប្ដាហ៍មុន បន្ទាប់ពីបញ្ជាឱ្យលោះខ្លួនជាមួយនឹងប្រាក់ ៥០ ម៉ឺនណៃរ៉ា (១.៣៧០ ដុល្លារ) ពីឪពុកខ្លួន។

មេប៉ុស្ដិ៍ប៉ូលិសរដ្ឋ Plateau លោក Terna Tyopev និយាយប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFP ថា "វាគឺជាការរៀបចំបានយ៉ាងល្អឥតខ្ចោះ។ យើងបានឃាត់ខ្លួនពួកគេដើម្បីសួរចម្លើយថាហេតុអ្វីបានជាពួកគេធ្វើបែបនេះ ហើយថាតើពួកគេនៅពីក្រោយការចាប់ជំរិតផ្សេងទៀត ដែលបានកើតឡើងក្នុងតំបន់នេះឬយ៉ាងណា"។

នៅពេលកូនប្រុសនោះត្រូវបានគេសួរថាហេតុអ្វីបានជារៀបចំការសម្ដែងបែបនេះ ពួកគេបានអះអាងថា ពួកគេចង់បានខោអាវថ្មី។

ច្រើនថ្ងៃមុនពេលឧបទ្ទវហេតុកើតឡើង ឪពុកក្មេងប្រុសអាយុ ១៥ ឆ្នាំនោះបានលក់រថយន្តរបស់គាត់ ដើម្បីផ្គត់ផ្គង់លុយសម្រាប់សាលារៀនកូ​ន និងដើម្បីបង់ប្រាក់សម្រាប់ថ្លៃផ្ទះឈ្នួល។

ពីការលក់រថយន្តនោះឪពុករូបនោះទទួលបានប្រាក់ច្រើនក្រៃ ហើយក្រោយមកកូនប្រុសក៏បានទារលុយពីឪ។

លោក Tyopev បាននិយាយថា "ពួកគេបានទូរស័ព្ទទៅឪពុក ហើយបានប្រាប់គាត់ថាកូនប្រុសរបស់គាត់ត្រូវបានគេនាំទៅក្រៅរដ្ឋហើយ ប្រសិនបើគាត់ទូរស័ព្ទទៅប៉ូលិសពួកគេនឹងសម្លាប់កូនប្រុសនោះហើយ"។

ប៉ុន្តែឪពុកនៅតែជូនដំណឹងដល់ប៉ូលិស បន្ទាប់ពីកូនប្រុសរបស់គាត់ត្រូវបាន "ឃុំឃាំង" អស់រយៈពេលជាច្រើនថ្ងៃ។

ប៉ូលិសបាននិយាយថា ពួកគេបានប្រើលេខទូរស័ព្ទរបស់អ្នកចាប់ពង្រត់ ដើម្បីតាមដានទីតាំង។

ការចាប់ពង្រត់សម្រាប់ការលោះគឺជារឿងធម្មតានៅក្នុងប្រទេសនីហ្សេរីយ៉ាជាពិសេសនៅភាគខាងត្បូង និងភាគពាយព្យដែលសម្បូរប្រេង។

ប៉ូលិសក្នុងតំបន់និយាយថា ការចាប់ជំរិតនៅកណ្តាលប្រទេសនីហ្សេរីយ៉ាកំពុងតែកើនឡើង ហើយភ្នាក់ងារសន្តិសុខកំពុងបង្កើនកិច្ចខិតខំប្រឹងប្រែងរួមគ្នា ដើម្បីដោះស្រាយបញ្ហាដ៏ស្មុគស្មាញនេះ៕

adverise with khmeread

អ្នកនឹងចូលចិត្ត

tiger
Loading ad ...