យោងតាមវេបសាយដេលីមែលកាលពីថ្ងៃអង្គារបានឱ្យដឹងថា ក្រុមចម្រៀងប៉ុបចិនមួយដែលបង្កើតឡើងចេញពីក្មេងស្រីតូចៗមួយក្រុមបានរងការរិះគន់ពេញបណ្តាញសង្គមក្នុងប្រទេសរបស់ពួកនាង ដោយមនុស្សរាប់ពាន់នាក់បាននិយាយរិះគន់ថា ពួកនាងផាត់មុខច្រើនពេកហើយនៅអាយុប៉ុននឹង។
តាមវេបសាយ People's Daily Online ក្រុមចម្រៀងក្មេងជាងគេបំផុត Mini Girls ដែលបង្ហាញការថតរូបជាសាធារណៈជាមួយម៉ូតសក់អាជីព និងផាត់ម៉ាស្ការ៉ាពេញមុខ គឺមានអាយុត្រឹមតែ ៤ ឆ្នាំកន្លះប៉ុណ្ណោះ។
ក្រុមចម្រៀងសមាជិក ៥ នាក់ដែលបង្កើតឡើងក្នុងឆ្នាំ ២០១៥នេះ ត្រូវបានបង្កើតចេញពីក្មេងស្រីតូចៗមកពីខេត្តហេណាន ភាគកណ្តាលប្រទេសចិន និងបានធ្វើឱ្យបណ្តាញព័ត៌មានចិនជាច្រើននាំគ្នាកោតសរសើរចំពោះភាពស្រស់ស្អាតគួរឱ្យស្រឡាញ់របស់ពួកនាង។
ជូ ជុនយ៉ាវ គឺជាប្រធានក្រុមចម្រៀង ដែលមានអាយុមធ្យមទើបតែ ៥ ឆ្នាំប៉ុណ្ណោះ ជាមួយនឹងក្មេងស្រីតូចៗបួននាក់ទៀតឈ្មោះ ចាងគី ហាន, យ៉ាន យូស៊ី, លី យីឡេ និង សៀវ ហ្ស៊ីយ៉ាន។
ហើយថ្មីៗនេះពួកនាងត្រូវបានអញ្ជើញឱ្យចូលរួមកម្មវិធីកម្សាន្តរបស់ទូរទស្សន៍ CCTV សម្រាប់ការសម្តែង និងថតរូបជាច្រើន៕
