ស្រ្តីជាប្រពន្ធស្លាប់ និងបុរសជាប្តីរបួសធ្ងន់ បន្ទាប់ពីជិះម៉ូតូធ្លាក់សម្បុកមាន់រេចង្កូតចូលឡានចិន

ព្រះសីហនុ ៖​ ស្ត្រីជាប្រពន្ធបានស្លាប់ និងបុរសជាប្តីរបួសធ្ងន់ ដោយគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ បើកបុកគ្នា​ កាលពីម៉ោងជិត១រសៀលថ្ងៃថ្ងៃទី១៧ សីហា ឆ្នាំ២០១៩ នៅលើផ្លូវជាតិលេខ៤ ចន្លោះបង្គោលគីឡូម៉ែត្រលេខ ១៩៩-២០០ ស្ថិតនៅភូមិអូរតាសេក ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ 

​សមត្ថកិច្ចបញ្ជាក់ថា​ ជនរងគ្រោះជាភាគីខាងម៉ូតូ១គ្រឿង ម៉ាក HONDA-DREAM ពណ៌ខ្មៅ ពាក់ផ្លាកលេខព្រះសីហនុ 1B-9802 មានទិសដៅភ្នំពេញ-ព្រះសីហនុ អ្នកបើកបរឈ្មោះ ហេម ហ៊ាន ភេទប្រុស អាយុ៥០ឆ្នាំ ត្រូវជាប្តី និងអ្នករួមដំណើរឈ្មោះឆែម ខុម ភេទស្រី អាយុ ៤៩ឆ្នាំ ជាប្រពន្ធ មានទីលំនៅភូមិស្មាច់ដែង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ 

​លុះពេលមកដល់ចំណុចកើតហេតុ ម៉ូតូបានធ្លាក់ជង្ហុកមួយដែលគេមិនជួសជុល​ ហើយរេចង្កូតមកខាងឆ្វេងដៃ ស្របពេលដែលរថយន្ត១គ្រឿង ម៉ាក TUNDRA ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 2AJ-5008 (ទិសដៅផ្ទុយគ្នា) មកដល់ចំណុចនោះរថយន្តនិងម៉ូតូក៏បុកប៉ះគ្នាតែម្តង។ គ្រោះថ្នាក់នេះបណ្តាលឱ្យឈ្មោះ ហេម ហ៊ា អ្នកបើកបរម៉ូតូ របួសធ្ងន់ និងស្ត្រីជាប្រពន្ធឈ្មោះ ឆែម ខុម អ្នករួមដំណើរជាមួយគ្នា បានស្លាប់នៅនឹងកន្លែង។

​ភាគីខាងរថយន្តបើកបរដោយឈ្មោះ CHEN JUN ភេទប្រុស អាយុ២៩ឆ្នាំ មានទីលំនៅផ្ទះ៧៧៨ ផ្លូវបេតុង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ និងអ្នករួមដំណើរឈ្មោះ GUHAINAN ភេទប្រុស អាយុ៣៨ឆ្នាំ (អ្នកទាំងពីរជាជនជាតិចិន)។

បច្ចុប្បន្ន ជនរងគ្រោះ បានបញ្ជូនមកសង្រ្គោះនៅគ្លីនិកឯកជន ឃុំអូរឧកញ៉ាហេង។ ឯវត្ថុតាងរថយន្ត និងម៉ូតូ យកមករក្សាទុកជាបណ្តោះអាសន្ននៅអធិការដ្ឋានស្រុកព្រៃនប់។ ដោយឡែកអ្នកបើកបរ និងអ្នករួមដំណើរលើរថយន្ត បាននាំខ្លួនមកសាកសួរនៅអធិការដ្ឋានប៉ូលិសស្រុកព្រៃនប់តាមនីតិវិធី៕


 

adverise with khmeread
tiger
Loading ad ...