អ្នកគាំទ្របាល់ទាត់វាយកាប់ចាក់គ្នាស្លាប់ ៣ របួស ៧ នៅហុងឌូរ៉ាស

អតីតតារាបាល់ទាត់ក្រុម Celtic ឈ្មោះ Emilio Izaguirre ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗបន្ទាប់ពីគាត់បានរងរបួសនៅក្នុងកុបកម្មរវាងអ្នកគាំទ្រនៅប្រទេសហុងឌូរ៉ាស ដែលបណ្តាលឱ្យស្លាប់អ្នកគាំទ្រ ៣ នាក់ និងរបួស ៧ នាក់។ នេះបើយោងតាមកាសែត Daily Mail សរសេរកាលពីថ្ងៃអាទិត្យ ទី១៨សីហា។ 

ខ្សែការពាររូបនេះទើបតែបានយល់ព្រមចុះកុងត្រាជាមួយក្លឹបទីមួយរបស់គាត់នៅក្នុងប្រទេសកំណើតរបស់គាត់គឺក្លឹប Motagua កាលពីសប្តាហ៍មុនបន្ទាប់ពីបានចាកចេញពីក្រុម Celtic ជាលើកទីពីរក្នុងរដូវក្តៅនេះ បន្ទាប់ពីជួយ Celtic លើកពាន ១៣ ដង។

ប៉ុន្តែនៅក្នុងការប្រកួតលើកទីពីររបស់គាត់ឱ្យក្លឹបរបស់គាត់នៅក្នុងជំនួបរវាងក្រុមក្បែរខាងគឺក្រុម Motagua និងក្រុម Olimpia ឈុតឆាកវាយកាប់ចាក់គ្នាក៏បានផ្ទុះឡើងនៅមុនការប្រកួត នៅពេលរថយន្តក្រុងរបស់ក្រុមគាត់ត្រូវបានវាយប្រហារ។

Izaguirre ត្រូវបានដឹកទៅមន្ទីរពេទ្យបន្ទាប់ពីអំបែងកញ្ចក់ហោះចូលភ្នែករបស់គាត់។ គាត់គឺស្ថិតក្នុងចំណោមកីឡាករបីនាក់ដែលរងរបួសរួមជាមួយមិត្តរួមក្រុមឈ្មោះ Roberto Moreira និង Jonathan Rougier។ 

កាសែត Mundo Deportivo អះអាងថា អ្នកគាំទ្រគូប្រជែងទាំងពីរបានគប់ដុំថ្មនិងដបដាក់រថយន្តក្រុង។ ការវាយកាប់ចាក់គ្នាបានផ្ទុះឡើងកាន់តែខ្លាំង បន្ទាប់ពីការវាយប្រហារលើរថយន្តក្រុងនោះ មុនពេលហិង្សារីករាលដាលទៅក្រៅទីលាន ដែលមានអ្នកគាំទ្រ ១០.០០០ នាក់មកដល់រួចជាស្រេច។ ការប្រកួតក្រោយមកត្រូវបានផ្អាក៕ 

 

adverise with khmeread
tiger
Loading ad ...