ជនសង្ស័យឆក់កាបូបពីស្រ្តីពោះធំម្នាក់បានសម្រេច ត្រូវបានប្តីដេញតាមតាំងពី ខណ្ឌទួលគោកមកដល់ខណ្ឌដូនពេញទើបចាប់បាន

ភ្នំពេញ ៖ ជនសង្ស័យម្នាក់ក្នុងចំណោម២នាក់ បានជិះម៉ូតូរត់បណ្ដាលឱ្យដួល ហើយត្រូវបានសន្តិសុខបឹងកក់ និងប្រជាពលរដ្ឋចាប់វាយឡើងចាស់ដៃទើបប្រគល់ឱ្យប៉ូលិសប៉ុស្ដិ៍រដ្ឋបាលស្រះចក ខណ្ឌដូនពេញ ក្រោយពីពួកគេធ្វើសកម្មភាពឆក់កាបូប ពីស្រ្តីពោះធំម្នាក់បានសម្រេច ហើយត្រូវបានប្តីជនរងគ្រោះជិះដេញតាម យកបានមកវិញ កាលពីវេលាម៉ោង៩និង២០ នាទីយប់ថ្ងៃអាទិត្យ ទី១៨ ខែសីហា ឆ្នាំ២០១៩បន្ទាប់ពីបានធ្វេីសកម្មភាពឆក់ នៅចំណុចក្បែរផ្សារគីឡូលេខ៤ ក្នុងសង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក   ។

ប៉ូលិសប៉ុស្ដិ៍រដ្ឋបាលស្រះចក បានឱ្យដឹងថា ជនសង្ស័យ ឈ្មោះ ស៊ុយ ទ្រី ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជិតស្ថានីយ៍ទូរទស្សន៍ CTN ក្នុងសង្កាត់គីឡូម៉ែត្រលេខ៦  ខណ្ឌឫស្សីកែវនិងជនសង្ស័យទី២ដែលរត់រួចមិនត្រូវបានស្គាល់អត្តសញ្ញាណនៅឡើយ ។ ម៉ូតូជនសង្ស័យមួយគ្រឿងជិះធ្វើសកម្មភាពម៉ាកហុកដាឌ្រីម ស៊េរីឆ្នាំ២០១០ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1AT.1301 ។   

ចំណែកជនរងគ្រោះឈ្មោះ តែ លាងហ៊ុយ ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ ស្នាក់នៅផ្ទះជិតផ្សារគីឡូលេខ៤ សង្កាត់ទឹកល្អក់ទី២  ខណ្ឌទួលគោកនិងប្រពន្ធពោះធំមិនត្រូវបានស្គាល់ឈ្មោះនោះទេ។

បើតាមសម្ដីបុរសរងគ្រោះបានប្រាប់ឱ្យដឹងថា មុនពេលកើតហេតុ រូបគាត់បានជិះម៉ូតូឌុបប្រពន្ឌតាមផ្លូវបំណងមកផ្ទះ ខណៈមកដល់ផ្ទះត្រង់ចំណុចកើតហេតុខាងលើ ប្រពន្ធរបស់គាត់បានចុះពីលើម៉ូតូដើរទៅបើកទ្វារផ្ទះដោយស្ពាយកាបូបនៅស្មា ក៏ស្រាប់តែលេចមុខជនសង្ស័យ២នាក់ខាងលើ ជិះម៉ូតូមួយគ្រឿងឌុបគ្នាមកដល់ហើយជនសង្ស័យម្នាក់បានចុះពីលើម៉ូតូដើរមកធ្វើសកម្មភាពចាប់ទាញកាបូប ពីប្រពន្ធរបស់គាត់បណ្តាលឱ្យដួលបានសម្រេច ហើយរត់ឡើងលើម៉ូតូព្យាយាមជិះគេចខ្លួន ។ 

តែភ្លាមៗគាត់(ប្តីនារីរងគ្រោះ)ក៏ជិះម៉ូតូដេញតាមស្រែកថាចោរៗរហូតមកដល់ផ្លូសហព័ន្ធរុស្ស៊ី (ទល់មុខក្រសួងការពារជាតិ) ធ្វើឱ្យជនសង្ស័យភ័យស្លន់ស្លោក៏ដួលម៉ូតូ ក៏រត់ចូលក្នុងបឹងកក់ រហូតដល់ផ្លូវR6 .2 ទើបសន្តិសុខនិងប្រជាពលរដ្ឋជួយចាប់បានម្នាក់រត់រួចម្នាក់ ។ ពេលនោះជនរងគ្រោះយកកាបូបបានមកវិញហើយជិះម៉ូតូចេញទៅមើលប្រពន្ធពោះធំ ដោយសារមានអាការៈចុកច្អល់ទើបរូបគាត់(ជាប្តី) បានដឹកប្រពន្ធទៅមន្ទីរពេទ្យដើម្បីពិនិត្យមើលពោះ។

រួចហើយរូបគាត់ក៏ត្រឡប់មកប៉ុស្តិ៍ស្រះចក ដើម្បីស្រាយបំភ្លឺឱ្យសមត្ថកិច្ចបានដឹង ចំណែកជនសង្ស័យត្រូវបានប្រជាពលរដ្ឋស្វាគមន៍ម្នាក់មួយដៃ មួយជើងឡើងទ្រមខ្លួន ទើបប្រគល់ឱ្យប៉ូលិស ប៉ុស្ដិ៍រដ្ឋបាលស្រះចក ចុះមកឃាត់ខ្លួនយកទៅសាកសួរ ។

ក្រោយពីធ្វើការសាកសួរជនសង្ស័យខាងលើរួចរាល់ទើបដឹងថា ករណីឆក់នេះកើតឡើងនៅសង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រួចក៏ទាក់ទងទៅប៉ូលិសប៉ុស្ដិ៍ទឹកល្អក់ទី២ មកទទួលជនសង្ស័យម្នាក់ និងជនរងគ្រោះ យកទៅបន្តតាមនីតិវិធី ៕ 

adverise with khmeread
tiger
Loading ad ...