ខណៈដែលក្រុមហ៊ុន Apple កំពុងមមាញឹកតស៊ូប្រឆាំងនឹងដីកាបង្គាប់ពីចៅក្រមសហព័ន្ធអាមេរិកដើម្បីជួយទីភ្នាក់ងារស៊ើបការណ៍ FBI ចូលឆែកទិន្នន័យនៅលើ iPhone មួយគ្រឿងដែលប្រើប្រាស់ដោយភេរវជន ក្រុមហ៊ុនផ្សេងទៀតនៅក្នុងឧស្សាហកម្មបច្ចេកវិជ្ជាបានកំពុងខ្នះខ្នែងពន្លឿនកិច្ចប្រឹងប្រែងរបស់ខ្លួនដើម្បីការពារទិន្នន័យរបស់អ្នកប្រើប្រាស់។
កម្មវិធីផ្ញើសារភ្លាមៗ WhatsApp ដែលមានអ្នកប្រើប្រាស់សកម្ម ១ ពាន់លាននាក់ បានប្រាប់កាសែត The Guardian ថាខ្លួននឹងចាប់ផ្តើមដាក់កូដសម្ងាត់លើ Voice Call និង Group Chat នៅប៉ុន្មានសប្តាហ៍ខាងមុខនេះ។ សេចក្តីប្រកាសផ្លូវការអំពីការផ្តល់ជូននូវការដាក់លេខកូដសម្ងាត់បន្ថែមរបស់ខ្លួននឹងត្រូវឡើងនៅប៉ុន្មានសប្តាហ៍ខាងមុខ។
វាជារឿងគួរឱ្យកត់សម្គាល់ផងដែរ ដែលស្ថាបនិកក្រុមហ៊ុន WhatsApp លោក ជែន ខូម (Jan Koum) បានបង្ហាញការគាំទ្រដល់ក្រុមហ៊ុន Apple ក្នុងការតស៊ូដែលកំពុងធ្វើឡើងរបស់ក្រុមហ៊ុននេះប្រឆាំងនឹង FBI ជាមួយនឹងសារលើហ្វេសប៊ុកមួយសរសេរថា "សិទ្ធិសេរីភាពរបស់យើងកំពុងរងការគំរាមហើយ"។ ក្រុមហ៊ុនបច្ចេកវិជ្ជាយក្សជាច្រើនទៀត ដូចជា Facebook, Google, Snapchat និង Twitter ក៏កំពុងពង្រីកការដាក់កូដសម្ងាត់លើទិន្នន័យរបស់អ្នកប្រើប្រាស់នៅទូទាំងសេវាកម្មនានារបស់ខ្លួនផងដែរ៕
