មាន​បេក្ខជន​១រូប​​ដែល​មាន​បញ្ហា​សុខភាព​ធ្ងន់ធ្ងរ​ដែល​មិន​អាច​បន្ត​ការប្រឡង​បាក់ឌុបបាន

    ភ្នំពេញ​ ៖​ ដំណើរការ​ថ្ងៃ​ទី១ នៃ​ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ១៩ សីហា ២០១៩ បេក្ខជនមានបញ្ហាសុខភាពមាន​ចំនួន ៤៣ករណី ប៉ុន្តែ​អាច​ដំណើរការ​ប្រឡង​បន្តទៀត​បាន បន្ទាប់ពីទទួលបានការសង្គ្រោះបឋម។ មានតែ​បេក្ខជន​ ១រូប​ប៉ុណ្ណោះ​ដែល​មាន​បញ្ហា​សុខភាព​ធ្ងន់ធ្ងរ​ដែល​មិន​អាច​បន្ត​ការប្រឡង​បាន ។ 

​     ក្រសួងអប់រំបានប្រកាសនៅល្ងាចថ្ងៃទី១៩សីហាឆ្នាំ២០១៩ថា​  ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ​នៅ​ថ្ងៃ​ទី១ ដំណើរ​ការ​បាន​ល្អ និង​ដោយ​រលូន ​ហើយ​មិន​មាន​បាតុភាព​មិន​ប្រក្រតីធំ​ដុំ​កើត​ឡើង​គួរ​ឱ្យ​កត់សម្គាល់ឡើយ ដោយសារ​បេក្ខជន​គោរព​តាម​បទប្បញ្ញត្តិ ដែល​ក្រសួង​បាន​ដាក់ចេញ ​មន្ដ្រី​អប់រំ​គ្រប់​លំដាប់​ថ្នាក់​​អនុវត្ត​ការងារ​ប្រកប​ដោយ​ការ​ទទួល​ខុស​ត្រូវ​ខ្ពស់​ និង​គោរព​តាម​កម្រងភារកិច្ច​ និង​សេចក្ដីណែនាំ​បច្ចេកទេសរបស់​ក្រសួង​អប់រំ យុវជន​​ និង​កីឡា​ និង​ដោយ​មាន​កិច្ចសហការ​យ៉ាង​ជិតសិ្នទ្ធ និង​ប្រកប​ដោយ​ប្រសិទ្ធភាព​ខ្ពស់ ពី​អាជ្ញាធរគ្រប់​លំដាប់​ថ្នាក់ ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ មន្ដ្រី​សុខាភិបាល កង​កម្លាំង​ប្រដាប់​អាវុធ​គ្រប់ប្រភេទ​ អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ និង​សហភាពសហព័ន្ធ​យុវជន​កម្ពុជា។ 

​      អាកាសធាតុ​នា​ថ្ងៃទី​១​នេះ មាន​ភាព​អំណោយផល​ល្អ​ដល់​បេក្ខជន និង​ដល់ដំណើរការ​រៀបចំ​ការ​ប្រឡង​ផងដែរ។ ដោយសារតែអាកាសធាតុក្តៅហួតហែង​ សមត្ថកិច្ចបានបញ្ជូនរថយន្តពន្លត់អគ្គិភ័យជួយបាញ់ទឹកតាមមណ្ឌលមួយចំនួនឱ្យបេក្ខជនបានត្រជាក់​ កាត់បន្ថយកម្តៅបានមួយចំនួន។ 

​     ប្រកាសរបស់បន្តថា នៅតាមមណ្ឌលប្រឡងនីមួយៗ មាន​ភាពស្ងប់ស្ងាត់ របៀបរៀបរយ និង​សណ្ដាប់ធ្នាប់​ល្អ។ ដំណើរការ​សំណេរ​នៅ​តាម​មណ្ឌល​នីមួយៗប្រព្រឹត្ត​ទៅ​បាន​យ៉ាង​ល្អ​ប្រសើរ​ ដោយសារ​មានការបំពេញ​ការងារប្រកប​ដោយ​ការ​យកចិត្តទុកដាក់ និងទំនួលខុសត្រូវខ្ពស់ពី គណៈ​មេប្រយោគ​ទូទាំង​ប្រទេស គណៈអប្បមាទទូទាំងប្រទេស​ប្រចាំ​មណ្ឌល ជំនួយការ​អប្បមាទទូទាំងប្រទេស ប្រធាន​ អនុ​ប្រធានមណ្ឌល​ប្រឡង គណៈកម្មការ​កណ្ដាល គណៈកម្មការ​ត្រួត​ពិនិត្យ​អគារ និង​គណៈកម្មការអនុរក្ស។ 

​     នៅ​ថ្ងៃ​ទី​១​នេះ បេក្ខជន​ថ្នាក់​វិទ្យាសាស្ដ្រ​បាន​ប្រឡង​មុខវិជ្ជាប្រវត្តិវិទ្យា​ ជីវវិទ្យា គីមីវិទ្យា និងភាសាបរទេស ចំណែកឯបេក្ខជន​ថ្នាក់វិទ្យាសាស្ត្រសង្គម បាន​ប្រឡង​មុខវិជ្ជា ផែនដីនិងបរិស្ថានវិទ្យា ប្រវត្តិវិទ្យា ភូមិវិទ្យា និងភាសាបរទេស។ 

​       ជារួម​ បេក្ខជន​បានគោរពបទប្បញ្ញត្តិនៃការប្រឡងបានយ៉ាងល្អ និង​បាន​ខិតខំ​ប្រឹងប្រែង​ធ្វើ​កិច្ចការ​ទៅ​តាម​សមត្ថភាព​របស់​ខ្លួន​រៀងៗខ្លួន ដោយ​មិន​យក​សំណៅឯកសារ ទូរសព្ទ​ដៃ ឬ​ឧបករណ៍​អេឡិចត្រូនិក​ចូល​ក្នុង​មណ្ឌល​ប្រឡង​ឡើយ ។ ទន្ទឹម​នឹង​នេះ នៅ​ថ្ងៃ​ទី​១​នេះ​មាន​បេក្ខជន​តែ​ ១​រូប​ប៉ុណ្ណោះ​ដែល​បាន​យក​សំណៅឯកសារ​ចូល​បន្ទប់​ប្រឡង និង​មាន​បេក្ខជន​មួយ​រូប​ទៀត​ បាន​យក​ទូរសព្ទ​ដៃ​ចូល​ក្នុង​បន្ទប់​ប្រឡង។ ដូច្នេះ​ក្រសួង​នឹង​អនុវត្ត​យ៉ាង​ម៉ឺងម៉ាត់​ នូវ​បទប្បញ្ញត្តិ និងកម្រិត​វិន័យ​ចំពោះ​បេក្ខជន​ទាំងពីរ​រូបនេះ​ដោយ​កំណត់​ឱ្យ​ធ្លាក់​ជា​ស្វ័យ​ប្រវត្តិ។ 

​     នៅ​ថ្ងៃ​ទី​១​នេះ​បេក្ខជនប្រឡងសរុប​មានចំនួន ១១៧ ០៤៣ នាក់ ស្រី ៦០៤២៧ នាក់ និង​បេក្ខជន​អវត្តមាន​សរុប​ចំនួន ១៧៤៥នាក់ (១.៤៩%) ស្រី ៦៧៨ នាក់។ បេក្ខជនមានបញ្ហាសុខភាពមាន​ចំនួន ៤៣ករណី ប៉ុន្តែ​អាច​ដំណើរការ​ប្រឡង​បន្ត​ទៀត​បាន បន្ទាប់ពីទទួលបានការសង្គ្រោះបឋម។ មានតែ​បេក្ខជន​ ១រូប​ប៉ុណ្ណោះ​ដែល​មាន​បញ្ហា​សុខភាព​ធ្ងន់ធ្ងរ​ដែល​មិន​អាច​បន្តការប្រឡង​បាន ៕

adverise with khmeread
tiger
Loading ad ...