ត្រាំព្រមានចិនកុំឱ្យប្រើហិង្សាលើបាតុករហុងកុងយកស្ទីលដូចនៅទីលានធៀនអានមេន ពុំនោះទេកុំសង្ឃឹមមានកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយអាមេរិក

ប្រធានាធិបតីអាមេរិកដូណាល់ ត្រាំបានព្រមានចិនថា ប្រសិនបើរដ្ឋាភិបាលរបស់ប្រទេសនេះព្យាយាមអនុវត្តការបង្ក្រាបយកស្ទីលដូចនៅទីលានធៀនអានមេនលើក្រុមបាតុករ ដែលគាំទ្រលទ្ធិប្រជាធិបតេយ្យនៅហុងកុង នោះវានឹងជះឥទ្ធិពលអវិជ្ជមានដល់កិច្ចចរចាពាណិជ្ជកម្ម។ នេះបើយោងតាមកាសែត Daily Mail សរសេរកាលពីថ្ងៃចន្ទទី១៩សីហា។

លោកត្រាំបានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃអាទិត្យថា "ខ្ញុំគិតថាវាពិបាកនឹងដោះស្រាយជាមួយណាស់ ប្រសិនបើពួកគេប្រើអំពើហិង្សា ខ្ញុំមានន័យថា ប្រសិនបើវាជាទីលានធៀនអានមេនមួយទៀត។ គិតថាវាជារឿងពិបាកធ្វើខ្លាំងណាស់ ប្រសិនបើមានអំពើហិង្សា"។

លោកត្រាំនិយាយនេះគឺសំដៅទៅលើការបង្ក្រាបនៅទីលានធៀនអានមេននៅទីក្រុងប៉េកាំងក្នុងឆ្នាំ ១៩៨៩  នៅពេលចិនប្រើរថក្រោះជាមធ្យោបាយដើម្បីបញ្ចប់ការតវ៉ា ដែលដឹកនាំដោយសិស្សនិស្សិតដ៏បង្ហូរឈាម ដែលបណ្តាលឱ្យស្លាប់មនុស្សយ៉ាងហោចណាស់១.០០០នាក់។

ដោយនិយាយសំដៅដល់ការចរចាពាណិជ្ជកម្មជាមួយចិន លោកត្រាំបាននិយាយកាលពីថ្ងៃអាទិត្យថា ប្រសិនបើស្ថានភាពបែបនោះកើតឡើងម្តងទៀតនៅក្នុងទីក្រុងហុងកុង "ខ្ញុំគិតថានឹងមាន…អារម្មណ៍ប៉ះពាល់ខ្លាំងខាងនយោបាយ ដើម្បីកុំធ្វើអ្វីមួយ"។

ក្នុងប៉ុន្មានថ្ងៃថ្មីៗនេះប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិនបានចាក់ផ្សាយរូបភាពយោធានិងរថពាសដែកនៅទីក្រុងសិនចិននៅជាប់ព្រំដែនហុងកុង ដែលនាំឱ្យគេបារម្ភថាចិនអាចនឹងធ្វើការបង្ក្រាបទៅលើពួកបាតុករហុងកុង៕

adverise with khmeread
tiger
Loading ad ...