អ៊ីរ៉ង់ព្រមានអាមេរិកពីផលវិបាកធ្ងន់ធ្ងរ ប្រសិនបើហ៊ានចាប់នាវាដឹកប្រេងរបស់ខ្លួនឈ្មោះ Grace-1 ដែលទើបដោះលែងពី Gibraltar

អីរ៉ុងបានព្រមានអាមេរិកពី "ផលវិបាកធ្ងន់ធ្ងរ" ប្រសិនបើអាមេរិកព្យាយាមចាប់នាវាដឹកប្រេង ដែលទើបដោះលែងដោយដែនដីអង់គ្លេសឈ្មោះ Gibraltar កាលពីយប់ថ្ងៃអាទិត្យ។

Gilbraltar បានដោះលែងនាវា Grace-1 ដែលទើបប្ដូរឈ្មោះថា Adrian Darya 1 នៅប្រមាណជាម៉ោង ១១ ថ្ងៃអាទិត្យ គឺជាង ៦ សប្ដាហ៍ បន្ទាប់ពីវាត្រូវបានចាប់យកដោយកងម៉ារីនអង់គ្លេសដោយសង្ស័យថារំលោភបំពានលើទណ្ឌកម្មរបស់សហគមន៍អឺរ៉ុបប្រឆាំងនឹងស៊ីរី។

ចំណាត់ការនេះបានកើតឡើង ទោះបីជាមានការប៉ុនប៉ងវិនាទីចុងក្រោយដោយអាមេរិកដើម្បីរារាំងការដោះលែងនាវាដឹកប្រេងនេះ ដោយការចេញដីកាចាប់ខ្លួនវាមកវិញដោយតុលាការក្រុងវ៉ាស៊ីនតោនកាលពីថ្ងៃសុក្រក៏ដោយ។

ថ្លែងកាលពីថ្ងៃចន្ទអ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់លោក Abbas Mousavi បាននិយាយថា "អ៊ីរ៉ង់បានផ្តល់ការព្រមានចាំបាច់ដល់មន្រ្តីអាមេរិកតាមរយៈបណ្តាញផ្លូវការរបស់ខ្លួន។ កុំធ្វើឱ្យមានកំហុស នៃការព្យាយាមរឹបអូសយកនាវាដឹកប្រេងនោះ ពីព្រោះវានឹងមានផលវិបាកធ្ងន់ធ្ងរ"។

ទោះបីជាមានការដោះលែងនាវាដឹកប្រេងអ៊ីរ៉ង់ក៏ដោយក៏លោក Mousavi បានបដិសេធផ្តល់ការធានាលើនាវាដឹកប្រេងដោតទង់ជាតិអង់គ្លេសឈ្មោះ Stena Impero ដែលនៅកំពុងជាប់ឃុំនៅអ៊ីរ៉ង់នៅឡើយ៕

adverise with khmeread
tiger
Loading ad ...