កណ្តាល ៖ ស្ត្រីម្នាក់ត្រូវបានប៉ូលិសស្រុកស្អាងឃាត់ និងរឹបអូសលុយដុល្លារ ក្លែងក្លាយ(លុយសែន) ចំនួន៥០ម៉ឺនដុល្លារ បន្ទាប់ពី ប្រើល្បិចយកទៅឲ្យជនរងគ្រោះរួចសុំសាហ៊ុយ៤០០០ ដុល្លារ ត្រឡប់វិញ ដោយជនរងគ្រោះ មានការសង្ស័យព្រោះកន្លងមក ជនសង្ស័យធ្លាប់បោក ជនរងគ្រោះអស់ ១០៥០០ដុល្លារ រួចមកហើយ ក៏ប្ដឹងប៉ូលិសឲ្យឃាត់ខ្លួនកាលពីថ្ងៃទី១៥ ខែមិនា ឆ្នាំ២០១៦នៅចំនុច ភូមិកោះខែល ឃុំកោះខែល ស្រុកស្អាង ខេត្តកណ្ដាល។
ប៉ូលិសនិយាថា ជនរងគ្រោះឈ្មោះ ទូច ផាន់ ភេទប្រុស អាយុ ៥៥ឆ្នាំ មានមុខរបរ ជាងជួសជុលទូរទស្សន៍ រស់នៅ ភូមិព្រែកខ្នាច ឃុំលើកដែក ស្រុកកោះធំ ខេត្តកណ្ដាល ។ ចំណែកជនសង្ស័យឈ្មោះ ស៊ុន ណារី ភេទស្រី អាយុ៣៨ឆ្នាំ មានមុខរបរ កម្មការិនីរោងចក្រកាត់ដេរ រស់នៅភូមិត្រពាំងរាំង ឃុំស្នោរ ស្រុកព្រៃកប្បាស់ ខេត្តតាកែវ។
ប៉ូលិសបន្តថា មុនពេលកើតហេតុជនរងគ្រោះ បានមកប្តឹងប៉ូលិសឲ្យជួយពិនិត្យជនសង្ស័យដែលបានប្រគល់លុយដើម្បីធ្វើទុនរកស៊ី។ លុះពេលជនសង្ស័យ មកដល់ផ្ទះដោយមាន ហិបលុយមកជាមួយ ពេលនោះប៉ូលិសបានធ្វើការត្រួតពិនិត្យ ជាមួយជនសង្ស័យ ដោយមានការឯកភាព ពីលោកព្រះរាជអាជ្ញា និងលោកស្នងការរង ផងដែរ បន្ទាប់ពីពិនិត្យរួច រកឃើញលុយចំនួន ៥០ម៉ឺនដុល្លារ ជាលុយក្លែងក្លាយ (លុយសែន) រួចក៏ឃាត់តែម្តង។
តាមចម្លើយសារភាពរបស់ជនសង្ស័យថា នៅថ្ងៃទី១៤ ខែមិនា ២០១៦ ម៉ោង៩ព្រឹកឈ្មោះ ផល ភេទប្រុស អាយុប្រហែល៤០ឆ្នាំ បានទូរស័ព្ទមកខ្លួនឲ្យយកលុយប្រគល់ទៅជនរងគ្រោះ ចំនួន៥០ម៉ឺនដុល្លារ។ ពេលនោះក៏បាន ណាត់ជួបគ្នា ទទួលឡាំង ដាក់ក្នុងស្បោងស ពីមនុស្សប្រុសម្នាក់ នៅមុខធនាគារ ANZ ក្រុងតាខ្មៅ ហើយបានប្រាប់ខ្លួនថា យកទៅឲ្យតាមឿន។ ពេលឲ្យលុយរួចត្រូវ យកលុយពីគាត់ ចំនួន៤០០០ដុល្លារ មកផងបងផលផ្ដាំចឹង រួចក៏ជួលរថយន្តជិះ យកលុយមកកន្លែង ណាត់តែម្ដង។
ជនសង្ស័យបានបន្តថា កន្លងមក ខ្លួនធ្លាប់ទទួលលុយ ពីជនរងគ្រោះ សរុបចំនួន១០៥០០$ យកទៅឲ្យឈ្មោះផល និងឈ្មោះសារឿន។ ដើម្បីរកស៊ីដោយសន្យា បានចំណេញច្រើនចែកគ្នា។
ដោយមូលហេតុ ដូចខាងលើ លោកនាយការិយាល័យ បានសុំគោលការពីលោក ព្រះរាជអាជ្ញារង ឯក ស៊ុនរស្មី ឲ្យឃាត់ខ្លួនជនសង្ស័យ ពីបទឆរបោក និងចរាចរក្រដាស ប្រាក់ក្លែងក្លាយ៕
