ភ្នំពេញ ៖ គិតត្រឹមថ្ងៃទី២នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬហៅបាក់ឌុបមានបេក្ខជនអវត្តមាន១៨៣៨នាក់ អាចនិយាយបានថា "ពួកគាត់អាចបោះបង់ចោលការប្រឡង" ។ ក្រៅពីនេះ ចំពោះបេក្ខជនមានបញ្ហាសុខភាពចំនួន ១៥២ករណី ក្នុងនោះមិនអាចវិលត្រឡប់មកប្រឡងវិញ១១ករណី។ ដោយឡែក បេក្ខជនផ្សេងទៀតបន្តប្រឡងជាបន្តទៀតបាន បន្ទាប់ពីទទួលបានការសង្គ្រោះជាបឋមរួចមក។ព្រមជាមួយគ្នាការប្រឡងបានប្រព្រឹត្តទៅត្រូវបានបញ្ចប់ដោយជោគជ័យនិងយ៉ាងរលូនល្អ មិនមានអ្វីកើតឡើងគួរកត់សម្គាល់ឡើយ។
យោងតាមរបាយការណ៍របស់ក្រសួងអប់រំ យុវជន និងកីឡានាល្ងាចថ្ងៃទី២០សីហានេះ បានឱ្យដឹងថា ក្នុងចំណោមបេក្ខជនអវត្តមាន១៨៣៨នាក់ ក្នុងនោះមានស្រី ៦៩៦នាក់ គិតជាភាគរយ ១.៥៧ភាគរយ។ ក្រៅពីនេះ ចំពោះបេក្ខជនមានបញ្ហាសុខភាពចំនួន ១៥២ករណី ក្នុងនោះមិនអាចវិលត្រឡប់មកប្រឡងវិញ១១ករណី។ ដោយឡែក បេក្ខជនផ្សេងទៀតបន្តប្រឡងជាបន្តទៀតបាន បន្ទាប់ពីទទួលបានការសង្គ្រោះជាបឋមរួចមក។
បេក្ខជនប្រឡងឆ្នាំនេះ មានចំនួន ១១៧ ០៤៣ នាក់ ស្រី ៦០៤២៧ នាក់ មាន ២០២ មណ្ឌល ចែកជាថ្នាក់វិទ្យាសាស្ត្រមានបេក្ខជនចំនួន៤៤៦៩០នាក់ មាន ៧៥ មណ្ឌល និងថ្នាក់វិទ្យាសាស្ត្រសង្គមមានបេក្ខជនចំនួន ៧២៣៥៣នាក់ មាន ១២៧ មណ្ឌល។
សន្លឹកកិច្ចការរបស់បេក្ខជននៅតាមមណ្ឌលប្រឡងត្រូវបានវេចខ្ចប់ និងចុះហត្ថលេខា ដោយគណៈមេប្រយោគទូទាំងប្រទេស គណៈកម្មការអប្បមាទ ជំនួយការអប្បមាទ ប្រធាន-អនុប្រធានមណ្ឌល ព្រមទាំងបានយកទៅផ្ញើនៅកន្លែងដែលមានសុវត្ថិភាពបំផុតនៅសាលាខេត្ត។
ចំណែកបេក្ខជនដែលបានចេញពីការប្រឡងមានទឹកមុខស្រស់ស្រាយ សប្បាយរីករាយ ដែលបញ្ជាក់ថា ដំណើរការប្រឡងមធ្យមសិក្សាទុតិយភូមិពិតជាប្រព្រឹត្តទៅដោយគោរពតាមគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន។
បើទោះបីជាមណ្ឌលប្រឡងមួយចំនួន មានភ្លៀងធ្លាក់ក្ដី ក៏សន្តិសុខ សណ្ដាប់ធ្នាប់ របៀបរៀបរយ និងភាពស្ងប់ស្ងាត់ នៅតែរក្សាបានយ៉ាងល្អប្រសើរ។ វិញ្ញាសាសម្រាប់រសៀលថ្ងៃទី២នេះ គឺ សម្រាប់ថ្នាក់វិទ្យាសាស្ត្រ (គណិតវិទ្យា ពីម៉ោង ១៤ដល់ ១៦និង៣០នាទី) សម្រាប់ថ្នាក់វិទ្យាសាស្ត្រសង្គម ( អក្សរសាស្ត្រខ្មែរ ពីម៉ោង ១៤ដល់ម៉ោង ១៦និង៣០នាទី)។ នារសៀលថ្ងៃទី២នេះដែរ ស្ថានភាពក្នុងដំណើរការប្រឡង មានភាពស្ងប់ស្ងាត់ និងមានសណ្ដាប់ធ្នាប់របៀបរៀបរយល្អទាំងនៅក្នុង និងក្រៅមណ្ឌលប្រឡង។
ដំណើរការសំណេរព្រឹកថ្ងៃទី២ បានប្រព្រឹត្តទៅដោយរលូនល្អ មិនមានបាតុភាពកើតឡើង ភាពមិនប្រក្រតីណាមួយគួរឲ្យកត់សម្គាល់ឡើយ។ បើទោះបីមានភ្លៀងធ្លាក់នៅតាមមណ្ឌលមួយចំនួន ក្នុងខេត្តព្រះវិហារ ស្ទឹងត្រែង រតនគិរី និងកោះកុង ប៉ុន្តែដំណើរការសំណេរនៅតែ មានដំណើរការល្អ មានសភាពស្ងប់ស្ងាត់ និងរបៀបរៀបរយល្អ ។
ខាងលេីនេះគឺដោយមានការយកចិត្តទុកដាក់ និងទំនួលខុសត្រូវខ្ពស់ពី គណៈមេប្រយោគទូទាំងប្រទេស គណៈអប្បមាទទូទាំងប្រទេស ជំនួយការអប្បមាទទូទាំងប្រទេស ប្រធាន អនុប្រធានមណ្ឌល គណៈកម្មការកណ្ដាល គណៈកម្មការត្រួតពិនិត្យអគារ គណៈកម្មការអនុរក្ស ដោយមានការចូលរួមសហការដោយ សហភាពសហព័ន្ធយុវជនកម្ពុជា អង្គភាពប្រឆាំងអំពើពុករលួយ មន្ត្រីសុខាភិបាល និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ។
ដោយឡែកបេក្ខជន បានគោរពបទបញ្ញត្តិនៃការប្រឡងបានយ៉ាងល្អ និងប្រឹងប្រែង ក្នុងការធ្វើកិច្ចការតាមសមត្ថភាពរៀងៗខ្លួន ដោយគ្មានយកសំណៅឯកសារ ឬឧបករណ៍អេឡិចត្រូនិកចូលក្នុងមណ្ឌលប្រឡងឡើយ។
ក្នុងដំណើរការសំណេរនាព្រឹកថ្ងៃទី២នេះ មានពីរមុខវិជ្ជា សម្រាប់ថ្នាក់វិទ្យាសាស្ត្រ (អក្សរសាស្ត្រខ្មែរ និងរូបវិទ្យា) និងសម្រាប់ថ្នាក់វិទ្យាសាស្ត្រសង្គម (គណិតវិទ្យា និងសីលធម៌ ពលរដ្ឋវិជ្ជា)។
បើតាមមន្ត្រីជាន់ខ្ពស់នៃក្រសួងអប់រំយុវជននិងកីឡា បានឱ្យដឹងដែរថា សម្រាប់រៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០១៩នេះ បានចំណាយថវិកាប្រមាណ៥លានដុល្លារសហរដ្ឋអាមេរិក៕










