រុស្ស៊ីនិងចិនពន្លះអាមេរិក រឿងយកមីស៊ីលហាមឃាត់តាំងពី៣០ឆ្នាំមុន មកធ្វើតេស្តផ្អើលអស់លោកិយ

រុស្ស៊ីនិងចិនបានព្រមានកាលថ្ងៃអង្គារថា ការសាកល្បងមីស៊ីលរបស់អាមេរិកបានបង្កើនភាពតានតឹងផ្នែកយោធានិងអាចបង្កឱ្យមានការប្រណាំងប្រជែងសព្វាវុធជាថ្មី គឺប៉ុន្មានសប្តាហ៍ប៉ុណ្ណោះ បន្ទាប់ពីរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនបានហែកចោលសន្ធិសញ្ញាសព្វាវុធសម័យសង្គ្រាមត្រជាក់ជាមួយរដ្ឋាភិបាលក្រុងមូស្គូ។

សហរដ្ឋអាមេរិកនិងរុស្ស៊ីបានហែកចោលសន្ធិសញ្ញាកម្លាំងនុយក្លេអ៊ែរចម្ងាយមធ្យម (INF) នៅក្នុងខែសីហានេះ បន្ទាប់ពីចោទប្រកាន់គ្នាទៅវិញទៅមកពីបទរំលោភសន្ធិសញ្ញានេះ។

វ៉ាស៊ីនតោនបាននិយាយថា សន្ធិសញ្ញានេះក៏បានចងដៃរបស់ខ្លួនក្នុងការដោះស្រាយជាមួយមហាអំណាចផ្សេងទៀតផងដែរ ដូចជា ចិន។

ក្រសួងការពារជាតិអាមេរិកបានប្រកាសនៅថ្ងៃចន្ទថា ខ្លួនកាលពីថ្ងៃអាទិត្យបានសាកល្បងមីស៊ីលបាញ់ចេញដី ឈ្មោះ Tomahawk ដែលត្រូវបានហាមឃាត់ក្រោមសន្ធិសញ្ញា INF ឆ្នាំ ១៩៨៧ ដែលរឹតត្បិតការប្រើប្រាស់មីស៊ីលធម្មតា និងអាវុធនុយក្លេអ៊ែរចម្ងាយមធ្យម។

អនុរដ្ឋមន្រ្តីក្រសួងការបរទេសរុស្ស៊ីលោក Sergei Ryabkov បានប្រាប់ទីភ្នាក់ងារសារព័ត៌មានរដ្ឋ TASS ថា "សហរដ្ឋអាមេរិកច្បាស់ណាស់គឺកំពុងដើរឆ្ពោះទៅរកការកើនឡើងភាពតានតឹងផ្នែកយោធា។ យើងនឹងមិនបញ្ចេញប្រតិកម្មចំពោះការបង្កហេតុឡើយ។ យើងនឹងមិនអនុញ្ញាតឱ្យខ្លួនយើងធ្លាក់ចូលទៅក្នុងការប្រណាំងប្រជែងសព្វាវុធដ៏ខាតបង់នោះឡើយ"។

លោក Ryabkov បាននិយាយថា ការសាកល្បងនេះសបញ្ជាក់ថាវ៉ាស៊ីនតោនបានធ្វើការងារលើមីស៊ីលបែបនេះជាយូរមកហើយ មុនពេលដកខ្លួនជាផ្លូវការចេញពីសន្ធិសញ្ញា INF។

ក្នុងទីក្រុងប៉េកាំងឯណោះវិញ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Geng Shuang និយាយថា "វិធានការរបស់អាមេរិកនឹងបង្កឱ្យមានការប្រណាំងប្រជែងសព្វាវុធសាជាថ្មី ដោយនាំឱ្យកើនឡើងការប្រឈមមុខដាក់គ្នាខាងយោធា"។ 

លោកបានព្រមានថា ការសាកល្បងមីស៊ីលនេះ "នឹងជះផលប៉ះពាល់អវិជ្ជមានធ្ងន់ធ្ងរដល់ស្ថានភាពសន្តិសុខអន្តរជាតិនិងតំបន់"។ លោកបានបន្ថែមថា សហរដ្ឋអាមេរិក "គួរបោះបង់ចោលគំនិតនៃសង្គ្រាមត្រជាក់ និង ធ្វើរឿងច្រើនផ្សេងទៀតដែលផ្តល់ប្រយោជន៍ដល់សន្តិភាពនិងភាពស្ងប់សុខរបស់អន្តរជាតិនិងតំបន់"។ 

គួរបញ្ជាក់ថា អាមេរិកបានបាញ់សាកល្បងមីស៊ីល Tomahawk ចេញពីជើងទម្របាញ់ចល័តរបស់វា និង បាញ់ចំគោលដៅរបស់វាយ៉ាងត្រឹមត្រូវនៅចម្ងាយជាង ៥០០ គីឡូម៉ែត្រពីកោះ San Nicolas ក្នុងរដ្ឋកាលីហ្វ័រញ៉ាកាលពីថ្ងៃអាទិត្យ។ មីស៊ីលប្រភេទនេះអាចហោះបានចម្ងាយពី ៥០០ ទៅ ៥.៥០០ គីឡូម៉ែត្រ ហើយវាជាប្រភេទមីស៊ីលដែលត្រូវបានហាមឃាត់នៅក្នុងសន្ធិសញ្ញា INF ឆ្នាំ១៩៨៧៕

adverise with khmeread

អ្នកនឹងចូលចិត្ត

tiger
Loading ad ...