adverise with khmeread 1

​តើ​នឹងមាន​អភិនីហារ​កើតឡើង​សម្រាប់​កាំភ្លើង​ធំ​ទេ​ក្នុង​រាត្រី​នេះ​?

​    ​បី​រដូវ​កាល​មកហើយ​ដែល Arsenal ធ្លាក់​ចេញពី​វគ្គ ១៦ ក្រុម​ចុងក្រោយ​ក្នុង​ក្របខ័ណ្ឌ Champions League ហើយ​វា​ច្បាស់​ជា​រឿង​អច្ឆរិយៈ​ប្រសិន​ពួកគេ​បំបាក់ Barcelona ក្នុង​យប់​នេះ​មែន​នោះ​។ ក្រុម​អ្នកមាន​បុណ្យ​បាន​គ្រប់គ្រង​បាល់​ភាគច្រើន​កាលពី​នៅ​ទឹកដី Emirates ហើយ Lionel Messi ចំណាយពេល​តែ ១៥ នាទី​ប៉ុណ្ណោះ​ដើម្បី​រក​គ្រាប់​បាល់​ពីរ​គ្រាប់​យ៉ាង​ងាយស្រួល​។ កាំភ្លើង​ធំ​មិនសូវមាន​កំណត់ត្រា​ល្អ​នៅក្រៅ​ផ្ទះ​ក្នុង​តំបន់​អឺរ៉ុប​ឡើយ​។ ពួកគេ​បាន​ចាញ់​នៅ​ទឹកដី Dinamo Zagreb និង​ត្រូវបានធ្វើ​ស៊ី​ដោយ Bayern ដល់​ទៅ ៥-១ ដែល​វា​ពិតជា​ពិបាក​ក្នុង​ការជំរុញ​ទឹកចិត្ត​កីឡាករ​ឱ្យធ្វើ​ការតស៊ូ​ក្នុងការ​ប្រកួត​។ Arsenal ក៏​មិនសូវ​ធ្វើ​បានល្អ​នៅក្នុង​ស្រុក​ផងដែរ​ក្នុងឆ្នាំនេះ ដោយ​ចាញ់​ក្រុម Watford និង Swansea នៅក្នុង​ផ្ទះ​កាលពីពេល​ថ្មីៗ​នេះ​។​

​    ​រីឯ Barcelona វិញ នៅតែ​បន្ត​ជ័យជម្នះ​របស់ខ្លួន​ពីមួយ​សប្តាហ៍​ទៅមួយ​សប្តាហ៍​និង​រក​គ្រាប់​បាល់​បាន​យ៉ាងច្រើន​។ កាលពី​ថ្ងៃ​សៅរ៍​កន្លងទៅ ពួកគេ​បាន​បំបាក់ Getafe ក្នុងផ្ទះ​ដល់​ទៅ ៦-០ ដែល​សរុប​គ្រាប់​បាល់​បី​ប្រកួត​ចុងក្រោយ​របស់​ពួកគេ​គឺ​ដល់​ទៅ ១៥ គ្រាប់​ឯណោះ​។ បី​ប្រកួត​ក្នុងផ្ទះ​ក្នុង​ក្របខ័ណ្ឌ​នេះ ពួកគេ​រកបាន ១១ គ្រាប់​ទៅហើយ ប៉ុន្តែ​ភ្លាត់​តែ​ពីរ​គ្រាប់​ទេ​។​

​    ​លោក Arsene Wenger ប្រហែលជា​មិន​លេង​ដូច​មុន​ទៀតឡើយ​បន្ទាប់ពី​រង​ការរិះគន់​ខ្លាំងៗ​ពី​ក្រុម​អ្នកគាំទ្រ​ខណៈ​គាត់​កំពុងតែ​ព្យាយាម​ធ្វើឱ្យ​អ្នក​រិះគន់​ទាំង​ប៉ុន្មាន​ខុសស្រឡះ​។ ប៉ុន្តែ​យើង​ក៏​មិនអាច​មើលស្រាល Barcelona បានទេ ព្រោះ​ពួកគេ​ហាក់ដូចជា​មិនអាច​បំបាក់​បាន​ទាល់តែសោះ​នាពេលនេះ ដូច្នេះ​ក្រុម​អ្នកមាន​បុណ្យ​អាច​ទទួល​ជ័យជម្នះ​ក្នុង​យប់​នេះ​យ៉ាង​ងាយស្រួល​ម្តងទៀត​៕

adverise with khmeread

មតិយោបល់