ស្រវឹងដាបយកស្នរមកគំរាមចាក់សម្លាប់ត្រូវប៉ូលិសវ៉ៃខ្នោះ

កណ្ដាល​ ៖ ជនសង្ស័យម្នាក់ ត្រូវបានប៉ូលិសស្រុកពញាឮឃាត់ខ្លួន បន្ទាប់ពីផឹកស្រាស្រវឹង មករករឿងជេរប្រមាថគេឯង ហើយនៅតែមិនអស់ចិត្ដ ជនសង្ស័យរូបនេះ បានយកស្នរ មកគំរាមបម្រុងនឹងចាក់សម្លាប់គេឯងទៀត បានកើតឡើងនៅវេលាម៉ោង១០និង៣០នាទីយប់ថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩ ស្ថិតក្នុងភូមិដងគោម ឃុំកំពង់អុស ស្រុកពញាឮ ខេត្តកណ្តាល ។

ប៉ូលិសនិយាយថា ជនសង្ស័យឈ្មោះ កែវ ស ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ ។ ចំណែកជនរងគ្រោះមានគ្នា២នាក់ ទី១-ឈ្មោះ សំ សុគន្ធ ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ ។ ជនរងគ្រោះនិងជនសង្ស័យ មានទីលំនៅភូមិដងគោម ឃុំកំពង់អុស ស្រុកពញាឮខេត្តកណ្តាល និងជនរងគ្រោះទី២-ឈ្មោះ ឈួយ សើយ ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខែ្មរ មុខរបរកម្មករសំណង់ មានទីលំនៅភូមិស្ដៅ ឃុំស្ដៅ ស្រុកព្រៃកណ្ដៀង ខេត្ដព្រៃវែង ។ ដោយឡែកវត្ថុតាងដកហូតបានមានស្នរចំនួន១ ប្រវែង៤,៥0ម៉ែត្រ ដងធ្វើអំពីដើមឫស្សី ផ្លែដែកមូលចុងស្រួច ។

ប៉ូលិសបន្ដថា ដំបូង ជនរងគ្រោះទាំង២នាក់ បន្ទាប់ពីសម្រាកការងារសំណង់វិញ បានបបួលគ្នាហូបបាយនៅលើផ្ទះមេជាងរបស់ខ្លួនឈ្មោះ សុខ ប៊ុនសឿន មានប្រពន្ធឈ្មោះ កែវ ឡង់ឌី ។ ខណៈដែលជនរងគ្រោះកំពុងតែអង្គុយហូបបាយ ស្រាប់តែជនសង្ស័យឈ្មោះ កែវ ស ភេទប្រុស អាយុ២៩ឆ្នាំ ដែលជាប្អូនបង្កើតរបស់ឈ្មោះ កែវ ឡង់ឌី បានដើរត្រឡប់មកពីស៊ីផឹកវិញ ដោយមានសភាពស្រវឹងស្រា ។ 

ឃើញជនរងគ្រោះកំពុងហូបបាយ ក៏កាន់ស្នរផ្លែរដែកចុងស្រួចមួយដើម រួចជេរប្រមាថ ទៅលើជនរងគ្រោះទាំង២នាក់ ព្រមទាំងគំរាមថា «បើខ្លាំងពួកឯងចុះដីមក អញចាក់ឱ្យងាប់ បើមិនចុះមកទេគង់ថ្ងៃណាមួយអញសម្លាប់ពួកឯងចោលទាល់តែបាន» ។បន្ទាប់ពីនិយាយរួច ជនសង្ស័យបានលើកដងស្នរបម្រុងចាក់ឈ្មោះ ឈួយ សើយ ។ភ្លាមនោះប្រជាពលរដ្ឋជិតខាង ក៏បានចាប់ឃាត់ និងដកស្នរទុក ។ ភ្លាមៗនោះ ស្រ្ដីឈ្មោះ កែវ ឡង់ឌី ដែលត្រូវជាបងជនសង្ស័យ បានមកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍រដ្ឋបាលកំពង់អុស ដើម្បីឃាត់ខ្លួនចាត់ការតាមនីតិវិធីច្បាប់ ។

បន្ទាប់ពីមសត្ថកិច្ចប៉ុស្ដិ៍រដ្ឋបាល ទទួលបានពាក្យបណ្ដឹងពីស្រ្ដីដែលជាបងជនសង្ស័យរួច ភ្លាមនោះ សមត្ថកិច្ចក៏បានធ្វើការឃាត់ខ្លួនជនសង្ស័យ រួមទាំងវត្ថុតាង បញ្ជូនមកអធិការដ្ឋានស្រុក ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ ៕

adverise with khmeread
tiger
Loading ad ...