ទិញថ្នាំញៀនពីភ្នំពេញម្តងៗមួយលានរៀលទៅលក់នៅឃុំកំពង់លួងត្រូវប៉ូលិសវ៉ៃខ្នោះ

កណ្ដាល​ ៖​ ស្ត្រីម្នាក់ក្នុងចំណោមបក្ខពួក២នាក់ ត្រូវបានប៉ូលិសស្រុកពញាឮឃាត់ខ្លួន​ បន្ទាប់ពីទិញថ្នាំញៀនពីភ្នំពេញម្តងៗមួយលានរៀលទៅលក់បន្លំជាមួយទឹកភេសជ្ជៈ​ នៅឃុំកំពង់លួងនៅវេលាម៉ោង១និង១០នាទី ថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៩ ត្រង់ចំណុចក្រោមស្ពានព្រែកក្តាម ស្ថិតក្នុងភូមិទួលងោក ឃុំកំពង់លួង ស្រុកពញាឮ ខេត្តកណ្តាល ។

ប៉ូលិសនិយាយថា ជនសង្ស័យឈ្មោះ ឃីម វណ្ណៈ ហៅ ណាក់ ភេទស្រី អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរនៅក្រោមស្ពានព្រែកក្តាម មានទីលំនៅភូមិស្រះធុល ឃុំយុទ្ធសាមគ្គី ស្រុកឧត្តុង ខេត្តកំពង់ស្ពឺ (មានសារធាតុញៀនក្នុងទឹកនោម) និងជនសង្ស័យម្នាក់ទៀតរត់គេចខ្លួនឈ្មោះ ជុំ ធានី ហៅឃ្នី ភេទប្រុស អាយុ២៩ ឆ្នាំ មានទីលំនៅភូមិទួលងោក ឃុំកំពង់លួង ស្រុកពញាឮ ខេត្តកណ្តាល ។ 

ប៉ូលិសដកហូតវត្ថុតាងថ្នាំញៀនចំនួន៣កញ្ចប់ (កញ្ចប់មធ្យម២ និងកញ្ចប់តូច១), ទូរស័ព្ទដៃចំនួន២គ្រឿង, ប្រាក់រៀលចំនួន២១០៥០០រៀល (ម្ភៃមួយម៉ឺនប្រាំរយរៀលគត់) និងថង់សម្រាប់ច្រកវេចខ្ចប់សារធាតុញៀនមួយចំនួនទៀត។

ប្រភពដដែលបន្ដថា ដំបូងកម្លាំងប៉ូលិសទទួលព័ត៌មានថា មានជនសង្ស័យ២នាក់ខាងលើ កំពុងធ្វើសកម្មភាពជួញដូរគ្រឿងញៀន នៅផ្ទះជនសង្ស័យខាងលើ ។ ក្រោយពីទទួលបានករណីខាងលើ ភ្លាមនោះកម្លាំងប៉ូលិសផ្នែកជំនាញ សហការជាមួយកម្លាំងប៉ូលិសប៉ុស្តិ៍រដ្ឋបាលកំពង់លួង ធ្វើការឃ្លាំមើលចំណុចកើតហេតុ រួចឃើញជនសង្សយ័ឈ្មោះ ឃីម វណ្ណៈហៅណាក់ កំពុងលក់ថ្នាំញៀន ក្រោមរូបភាពលក់ភេសជ្ជៈពេលយប់។ 

ភ្លាមនោះកម្លាំងប៉ូលិស បានបង្ក្រាបឆែកឆេរបានរកឃើញថ្នាំញៀនចំនួន៣កញ្ចប់ ឈានដល់ឃាត់ខ្លួននារីសង្ស័យ រួមទាំងវត្ថុតាង យកមកអធិការដ្ឋានប៉ូលិសស្រុកដើម្បីចាត់ការតាមច្បាប់ ។ ចំណែកជនសង្ស័យម្នាក់ទៀតបានរត់គេចខ្លួន។

នៅចំពោះមុខប៉ូលិស​ ជនសង្ស័យបានសារភាពថា ខ្លួននិងឈ្មោះ ជុំ ធានី ហៅឃ្នី ពិតជាបានធ្វើសកម្មភាពជួញដូរថ្នាំញៀនមែន ហើយថ្នាំញៀនដែលយកមកលក់រាល់ថ្ងៃនេះឈ្មោះ ជុំ ធានី ហៅឃ្នី បានទៅទិញមកពីភ្នំពេញ ដោយទិញមកម្តងៗក្នុងតម្លៃជាងមួយលានរៀល ដើម្បីយកមកលក់បន្ដ ៕

adverise with khmeread
tiger
Loading ad ...