លោកត្រាំបញ្ចេញកំហឹងដាក់នាយករដ្ឋមន្ត្រីដាណឺម៉ាករឿងទិញកោះ Greenland ដោយបោះសម្តីថា "អ្នកឯងមិនអាចនិយាយដាក់សហរដ្ឋអាមេរិកតាមរបៀបចឹងៗបានទេ ក្រោមការដឹកនាំរបស់ខ្ញុំ"

កាលពីថ្ងៃពុធ (ព្រឹកថ្ងៃព្រហស្បតិ៍នៅកម្ពុជា) លោកដូណាល់ ត្រាំបានចោទនាយករដ្ឋមន្រ្តីដាណឺម៉ាកលោកស្រី Mette Frederiksen ថាជាមនុស្ស "កាចឆ្នាស់ឆ្នើម" នៅពេលលោកស្រីបាននិយាយថា ផែនការរបស់លោកត្រាំក្នុងការទិញកោះ Greenland គឺ "មិនសមទំនងសោះ"។

ប្រធានាធិបតីត្រាំបានប្រាប់អ្នកយកព័ត៌មាននៅលើវាលស្មៅភាគខាងត្បូងសេតវិមានថា សម្តីរបស់លោកស្រីលើបញ្ហានេះគឺ "កាចឆ្នាស់ឆ្នើមណាស់" ក្នុងអំឡុងការដោះដូរការសន្ទនាដោយសេរីរយៈពេល ៣៥ នាទីរួមទាំងគំនិតរបស់គាត់អំពីការពិនិត្យប្រវត្តិរូបមុននឹងប្រគល់សិទ្ធិប្រើកាំភ្លើង បញ្ហាអ៊ីស្រាអែល កាសែតញូវយ៉កថែមស៍ ចិន និងប្រធានាធិបតីរុស្ស៊ីវ៉្លាឌីមៀរ ពូទីន។

សុន្ទរកថារបស់លោកត្រាំបានធ្វើឡើងបន្ទាប់ពីលោកស្រី Frederiksen បាននិយាយកាលពីព្រឹកថ្ងៃពុធថា លោកស្រីមានការភ្ញាក់ផ្អើលចំពោះការសម្រេចចិត្តរបស់លោកត្រាំក្នុងការលុបចោលដំណើរទស្សនកិច្ចរយៈពេលពីរថ្ងៃរបស់គាត់។ ប៉ុន្តែប្រតិកម្មដំបូងរបស់លោកស្រីកាលពីថ្ងៃចន្ទបន្ទាប់ពីប្រធានាធិបតីត្រាំបានបញ្ជាក់ជាសាធារណៈនូវចំណាប់អារម្មណ៍របស់គាត់ក្នុងការទិញកោះ Greenland គឺហៅគំនិតរបស់លោកត្រាំថា "មិនសមទំនង"។

លោកស្រី Frederiksen បានកំពុងស្ថិតនៅកោះ Greenland កាលពីថ្ងៃចន្ទដើម្បីទៅជួបសមភាគីរបស់លោកស្រីនៅទីនោះ នៅពេលលោកស្រីនិយាយថា ការនិយាយអំពីការលក់កោះនេះ គឺ "ជាការពិភាក្សាមិនសមទំនង"។

លោកត្រាំបានបញ្ចេញកំហឹងរបស់គាត់ចំពោះការប្រើពាក្យសម្តីរបស់លោកស្រីនាយករដ្ឋមន្ត្រីដាណឺម៉ាក។

លោកត្រាំនិយាយថា «ខ្ញុំគិតថាសម្តីរបស់លោកស្រីនាយករដ្ឋមន្រ្តីថា "វាមិនសមទំនង ជាគំនិតមិនទំនងទាល់តែសោះនោះ" គឺពិតជាកាចឆ្នាស់ឆ្នើមណាស់។ ខ្ញុំគិតថាវាជាសម្តីមិនសមរម្យ។ អ្វីដែលលោកស្រីត្រូវធ្វើនោះគឺនិយាយថាអត់លក់ នោះយើងនឹងមិនចាប់អារម្មណ៍ទេ»។

លោកត្រាំបានត្រឡប់ទៅនិយាយពាក្យ "មិនសមទំនង" របស់លោកស្រី Frederiksen ដដែលៗ នៅពេលអ្នកកាសែតសួរអំពីទំនាក់ទំនងរវាងអាមេរិក និង ដាណឺម៉ាក បន្ទាប់ពីក្រុមមន្រ្តីដាណឺម៉ាកបដិសេធធ្វើការពិចារណាលើការផ្តល់ជូនរបស់លោកត្រាំក្នុងការទិញកោះធំបំផុតនៅលើពិភពលោក ហើយបានរអ៊ូរទាំថា លោកស្រី Frederiksen មិនអាចប្រព្រឹត្តដាក់អាមេរិកតាមរបៀបចឹងៗបានទេ។

លោកត្រាំនិយាយអំពីប្រតិកម្មរបស់លោកស្រី Frederiksen អំពីកោះ Greenland ថា "លោកស្រីមិនគួរប្រព្រឹត្តិដាក់សហរដ្ឋអាមេរិកតាមរបៀបចឹងៗនោះទេ។ លោកស្រីនិយាយថា មិនសមទំនង។ នោះមិនមែនជាពាក្យត្រឹមត្រូវក្នុងការប្រើប្រាស់ទេ"។

លោកបានបន្ថែមថា "ខ្ញុំគិតថាវាជាសម្តីមិនសមរម្យ។ អ្វីដែលលោកស្រីត្រូវធ្វើគឺនិយាយថាអត់លក់ នោះយើងនឹងមិនចាប់អារម្មណ៍ទេ។ ខ្ញុំគិតថាវាមិនមែនជាវិធីល្អក្នុងការនិយាយអ្វីមួយនោះទេ។ ពួកគេគួរតែប្រាប់ខ្ញុំថាអត់លក់ទេ។ អ្វីដែលពួកគេត្រូវធ្វើគឺនិយាយថាអត់លក់ទេ ចឹងយើងនឹងមិនទិញទេ ឬ យើងនឹងមិននិយាយអំពីបញ្ហានេះទេ។ កុំនិយាយពាក្យ មិនសមទំនង អ៊ីចឹងៗនោះ"។

លោកត្រាំបានចោទប្រកាន់លោកស្រីថាបានប្រមាថសហរដ្ឋអាមេរិកជាមួយនឹងការឆ្លើយតបរបស់លោកស្រី។

លោកត្រាំនិយាយអំពីលោកស្រី Frederiksen យ៉ាងដូច្នេះថា "លោកស្រីមិនបាននិយាយជាមួយខ្ញុំទេ។ លោកស្រីនិយាយទៅកាន់សហរដ្ឋអាមេរិក។ អ្នកឯងមិនអាចនិយាយដាក់សហរដ្ឋអាមេរិកតាមរបៀបចឹងៗបានទេ ក្រោមការដឹកនាំរបស់ខ្ញុំ"។

លោកបានបន្ថែមថា "ខ្ញុំគិតថាវាមិនមែនជាសម្តីល្អនោះទេ របៀបដែលលោកស្រីធ្វើកន្តើយដាក់ខ្ញុំ។ យើងបានធ្វើរឿងជាច្រើនសម្រាប់ដាណឺម៉ាក"៕

 

adverise with khmeread

អ្នកនឹងចូលចិត្ត

tiger
Loading ad ...