បុរសហុងកុងម្នាក់ធ្វើការនៅស្ថានកុងស៊ុលអង់គ្លេសបាត់ខ្លួនជាច្រើនថ្ងៃ ទីបំផុតចិនបញ្ជាក់ថារូបគេត្រូវចាប់ខ្លួននៅចិនដីគោកពីបទ "ជួលស្រីខូច"

ប៉ូលិសចិនបានអះអាងថា បុគ្គលិកស្ថានកុងស៊ុលអង់គ្លេសប្រចាំនៅហុងកុងមួយរូបត្រូវបានឃុំខ្លួនក្នុងទីក្រុង Shenzhen ពីបទ "ជួលស្រីខូច"។ នេះបើយោងតាមកាសែត Daily Mail សរសេរកាលពីថ្ងៃទី២២សីហា។

ដំណឹងនេះត្រូវបានលាតត្រដាងដោយប៉ូលិសសង្កាត់ Luohu ក្នុងទីក្រុង Shenzhen ទៅកាន់កាសែតរដ្ឋចិន Global Times។ 

លោក Simon Cheng Man-kit វ័យ ២៨ ឆ្នាំ ដែលធ្វើការនៅស្ថានកុងស៊ុលអង់គ្លេសក្នុងទីក្រុងហុងកុង បានបាត់ខ្លួន បន្ទាប់ពីដំណើរទស្សនកិច្ចជំនួញមួយទៅចិនដីគោកកាលពីថ្ងៃទី ៨ សីហា។

ក្រសួងការបរទេសចិនបានបញ្ជាក់នៅថ្ងៃពុធថា លោក Cheng ត្រូវបានឃុំខ្លួនពីបទ "រំលោភច្បាប់"។ យោងតាមក្រសួងបានឱ្យដឹងថា បុគ្គលិកស្ថានកុងស៊ុលរូបនេះត្រូវបានឃុំខ្លួនរយៈពេល ១៥ ថ្ងៃ។

ក្រុមគ្រួសាររបស់លោក Cheng បាននិយាយថាពួកគេ "មានអារម្មណ៍អស់សង្ឃឹមនិងព្រួយបារម្ភខ្លាំងណាស់"។ ពួកគេបាននិយាយថា មេធាវីរបស់ពួកគេមិនអាចទទួលបានព័ត៌មានអំពីទីតាំងរបស់គាត់ពីអាជ្ញាធរចិនបានទេ។

អ្នកនាំពាក្យរបស់ប៉េកាំងលោក Geng Shuang បាននិយាយកាលពីថ្ងៃពុធថា បុគ្គលិករូបនេះបានរំលោភច្បាប់ស្តីពីទណ្ឌកម្មរដ្ឋបាលសន្តិសុខសាធារណៈរបស់ប្រទេសចិន ដោយមិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមទៀតនោះទេ។

លោកក៏បានសង្កត់ធ្ងន់ដែរថា បុគ្គលិកនោះគឺជាពលរដ្ឋហុងកុង។ ហេតុដូច្នេះហើយ លោកនិយាយថា បញ្ហានេះមិនមែនជាបញ្ហាការទូតទេ ប៉ុន្តែជាកិច្ចការផ្ទៃក្នុងរបស់ចិន៕ 

adverise with khmeread

អ្នកនឹងចូលចិត្ត

tiger
Loading ad ...