ភ្នំពេញ ៖ ជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួក២នាក់ត្រូវបានប៉ូលិសព្រហ្មទណ្ឌក្រសួងមហាផ្ទៃឃាត់ខ្លួនរួចប្រគល់ឲ្យប៉ូលិសប៉ុស្តិ៍ចតុមុខនៅម៉ោង៤និង១០នាទី ល្ងាចថ្ងៃទី១៥ ខែមិនា ឆ្នាំ២០១៦ ពីបទឆក់កាបូបស្ពាយជនបរទេស នៅចំណុចកន្លែងលេងហ្គេមបាញ់ត្រីក្នុងកោះពេជ្រសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។
ប៉ូលិសប៉ុស្តិ៍ចតុមុខបានឲ្យដឹងថា ប៉ូលិសបានទទួលជនសង្ស័យម្នាក់ពីប៉ូលិសព្រហ្មទណ្ឌក្រសួងឈ្មោះ ហ៊ាន ភក្តី ភេទប្រុស អាយុ១៨ឆ្នាំមុខរបរមិនពិតប្រាកដស្នាក់នៅផ្ទះលេខ១៧០ ផ្លូវលេខ២១ BT ភូមិសន្សំកុសល សង្កាត់បឹងទំពុន ខណ្ឌមានជ័យ និងបក្សពួកម្នាក់ទៀតរត់គេចខ្លួនបាត់។ សម្ភារៈដកហូត កាបូបស្ពាយ១ មានលុយ១៦ ដុល្លា កូនសោរផ្ទះ២ ម៉ូតូ០១គ្រឿងម៉ាកអាយខុន ពណ៌ផ្កាឈូក ស្លាកលេខភ្នំពេញ 1AH3134។
ចំណែ ជនរងគ្រោះឈ្មោះ FTALL FTAUL INAEL IFABTH ភេទស្រី ជនជាតិអាល្លឺម៉ង់ អាយុ១៩ឆ្នាំ មុខរបរទេសចរណ៍ កាន់លិខិតឆ្លងដែនលេខ C79MMMX79។
ប៉ូលិសបន្តថា មុនពេលកើតហេតុ ម៉ោង៣និង៤០នាទី រសៀលថ្ងៃទី ១៥ ខែមិនា ឆ្នាំ២០១៦ ជនរងគ្រោះកំពុងជិះកង់ម្នាក់ឯងដល់ចំណុចសួនឌ្រីមលែន ក៏មានជនសង្ស័យ០២នាក់ជិះម៉ូតូចេញពីកោះពេជ្រ ក៏ឃើញជនរងគ្រោះស្ពាយកាបូប ក៏អែមជិតជនរងគ្រោះរួចធ្វើឆក់រួចគេចខ្លួនចេញលេងហ្គេម បាញ់ត្រីនៅកោះពេជ្រ។
ខណៈពេលពួកវាកំពុងតែឆែកឆេរក្នុងកាបូបក៏សមត្ថកិច្ចទៅដល់ពីក្រោយឃាត់ខ្លួនបានម្នាក់រីឯបក្សពួកដឹងខ្លួនទាន់ក៏រត់គេចខ្លួនបាត់តែម្តង។
បច្ចុប្បន្នជនសង្ស័យនិងសម្ភារៈរក្សាទុកនៅខណ្ឌដូនពេញ រីឯកាបូបប្រគល់ឲ្យម្ចាស់វិញ៕
