ជនជាតិចិនមួយក្រុមស្រវឹងស្រាជោកជាំបើករថយន្តតាកូមាបុករបាំងថ្មពុះចែកទ្រូងផ្លូវនិងបង្គោលភ្លើងបំភ្លឺផ្លូវបាក់រៀបដល់ដី

ភ្នំពេញ​ ៖ បង្គោលភ្លើងមួយដើមបានបាក់កាត់ទទឹងផ្លូវ និងរបាំងថ្មពុះចែកទ្រូងផ្លូវចំនួន៤កង់រងការខូចខាតដោយសារជនជាតិចិនមួយក្រុម ស្រវឹងស្រាបើករថយន្តតាកូមាក្នុងល្បឿនលឿនបួងចង្កូតមិនទាន់ជ្រុលបុកពេញទំហឹង។ 

គ្រោះថ្នាក់ខាងលើនេះកើតឡើង កាល​ពីវេលាម៉ោង១និង៣០នាទីយប់ រំលងអធ្រាត្រឈានចូលថ្ងៃសុក្រ ទី២៣ ខែសីហា​ ឆ្នាំ២០១៩​ នៅមុខស្ថានីយ៍ប្រេងឥន្ទនៈ តូតាល់​ តាមបណ្តោយផ្លូវមហាវិថីសហព័ន្ធរុស្ស៊ី កែងផ្លូវលេខ២០០៩ ស្ថិតក្នុងភូមិតាងួន​ សង្កាត់កាកាបទី១​ ខណ្ឌពោធិ៍សែនជ័យ​  ។

ជនជាតិចិនជាអ្នកបើកបរម្នាក់ត្រូវបានសមត្ថកិច្ចចាប់យកទៅប៉ុស្តិ៍រដ្ឋបាលកាកាបទី១រង់ចាំប្រគល់ឱ្យទៅជំនាញចរាចរណ៍រាជធានីភ្នំពេញ ឃុំខ្លួនបណ្តោះអាសន្ន រង់ចាំដោះស្រាយគ្នានៅពេលក្រោយ។

សាក្សីនៅកន្លែងកើតហេតុបានឱ្យដឹងថា​ មុនពេលកើត ហេតុគេបានឃើញរថយន្តម៉ាកតាកូមាពណ៌សំបកឪឡឹក​ ពាក់ស្លាកលេខ​ ភ្នំពេញ2AK-6983​ ធ្វើដំណើរ តាមបណ្តោយផ្លូវ២០០៩ ក្នុងទឹសដៅពីត្បូងទៅជើង ក្នុងល្បឿនយ៉ាងលឿន  ។ 

ខណៈមកដល់ចំណុចកើតហេតុខាងលើបួងចង្កូតទៅទិសខាងលិច ក៏ជ្រុលបុករបាំងថ្មពុះចែកទ្រូងផ្លូវបាក់អស់៤កង់ និង រុញរបាំងថ្មទៅបុកផ្ទប់បង្គោលភ្លើងបំភ្លឺផ្លូវដែលជាប់របាំងថ្មបណ្តាលឱ្យបាក់មួយដើមដួលកាត់ទទឹងផ្លូវ។ ចំណែករថយន្ត បង្ករងការខូចខាតផ្នែកខាងមុខស្ទើរតែទាំងស្រុង តែសំណាងល្អមិនបង្កឱ្យនរណាម្នាក់រងរបួសឬក៏ស្លាប់នោះទេ។

ក្រោយកើតហេតុគេឃើញជនជាតិចិនចំនួន៣នាក់ចេញពីរថយន្តដើរទ្រេតទ្រោតសុទ្ធតែស្រវឹងស្រាជោកជាំ។ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ចំណុចកើតហេតុក៏ឃាត់ អ្នកបើករថយន្តទៅសួរនាំរង់ចាំប្រគល់ឱ្យជំនាញចរាចរណ៍ជើងគោករាជធានីភ្នំពេញមកធ្វើកាវាស់វែងយករថយន្តនិងម្ចាស់ទៅដោះស្រាយតាមច្បាប់៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab