ស្តុបលោតភ្លើងក្រហម​ អ្នកបើកម៉ូតូនៅបន្តបើកជ្រុលបុកកុងតឺន័ររបួស២នាក់នៅក្រុងតាខ្មៅ

កណ្ដាល​ ៖​ មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូនិងរថយន្ដ កាលពីវេលាម៉ោងជាង១២រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៩ ត្រង់ចំណុចស្តុបA9 ផ្លូវជាតិលេខ២១ កែងផ្លូវ១១៥ ស្ថិតនៅភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល បណ្តាលឱ្យបុរស២នាក់រងរបួសធ្ងន់ស្រាល ។ 

ប៉ូលិសក្រុងតាខ្មៅនិយាយថា ជនរងគ្រោះជាអ្នកបើកបរម៉ូតូឈ្មោះ ដារ៉ា ភេទប្រុស អាយុ៣៣ឆ្នាំ មានទីលំនៅភូមិរក្សជ័យ ឃុំរក្សជ័យ ស្រុកបាភ្នំ ខេត្តព្រៃវែង (រងរបួសស្រាល) បើកបរម៉ូតូម៉ាកហុងដាឌ្រីម ធុនសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខព្រៃវែង 1N-6252 និងមានអ្នករួមដំណើរម្នាក់ពីក្រោយ មិនទាន់ស្គាល់អត្តសញ្ញាណ (រងរបួសធ្ងន់) ។  ចំណែកភាគីរថយន្ដ FUSO ពណ៌បៃតងខ្ចី ពាក់ស្លាកលេខ ភ្នំពេញ 3E-5774 អ្នកបើករថយន្ត មិនស្គាល់អត្តសញ្ញាណ ។

ប៉ូលិសបន្ដថា ដំបូងគេឃើញជនរងគ្រោះទាំង២នាក់ជិះម៉ូតូឌុបគ្នា តាមបណ្ដោយផ្លូវជាតិលេខ២១ ក្នុងទិសដៅពីជើងទៅត្បូង ។ លុះមកដល់ចំណុចផ្លូវបំបែកជាបួន ភ្លើងស្តុបចរាចរណ៍ ក៏បានលោតពណ៌ក្រហម ដែលត្រូវឱ្យឈប់ តែជនរងគ្រោះមិនឈប់នោះ គឺបែរជាបើកបន្ថែមល្បឿនទៅមុខបន្ដ ក៏ជ្រុលទៅបុករថយន្ដកុងតឺន័រមួយគ្រឿង ដែលកំពុងបើកក្នុងទិសដៅពីលិចទៅកើត បណ្ដាលឱ្យជនរងគ្រោះជាអ្នករួមដំណើរលើម៉ូតូទទួលរងរបួសធ្ងន់ រីឯអ្នកបើកបររងរបួសស្រាល ។ ចំណែកឯរថយន្ដកុងតឺន័រ ក៏បានរេចង្កូតជ្រុលទៅបុករបង កាកបាទក្រហម ខេត្តកណ្ដាល ផ្នែកខាងត្បូងរងការខូចខាតផងដែរ ។

ក្រោយពីមានហេតុការណ៍កើតឡើង ប៉ូលិសចរាចរណ៍ក្រុងតាខ្មៅ បានចុះអន្ដរាគមន៍ យករថយន្ដសាមុយ ដឹកជនរងគ្រោះរងរបួសធ្ងន់ បញ្ជូនទៅមន្ទីរពេទ្យជ័យជំនះក្រុងតាខ្មៅ ។ ឯមធ្យោបាយពាក់ព័ន្ធ ត្រូវបានសមត្ថកិច្ចជំនាញ ធ្វើការវាស់វែង រួចកសាងឯកសារដកហូត យកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងចាត់ការតាមនីតិវិធីច្បាប់ ។ករណីនេះ សមត្ថកិច្ចជំនាញសន្និដ្ឋានថា បណ្ដាលមកពីអ្នកបើកបរម៉ូតូបើកមិនគោរពភ្លើងសញ្ញាចរាចរណ៍ ចំណែករថយន្តបើកបរខ្វះការប្រុងប្រយ័ត្ន ៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab