ស្វាមីជួបគ្រោះថ្នាក់ចរាចរណ៍សន្លប់បាត់ស្មារតី៥ឆ្នាំក្លាយជាមនុស្សរុក្ខជាតិ តែឧត្តមភរិយាមិនបោះបង់ចោលប្តី សុខចិត្តមើលថែទាំងយប់ទាំងថ្ងៃ រហូតគាត់ដឹងខ្លួនឡើងវិញយ៉ាងអច្ឆរិយៈ

បុរសម្នាក់នៅក្នុងប្រទេសចិន បានដឹងខ្លួនឡើងវិញពីការសន្លប់អស់រយៈពេល ៥ឆ្នាំ បន្ទាប់ពីភរិយារបស់គាត់បានមើលថែគាត់យ៉ាងស្មោះត្រង់ទាំងយប់ទាំងថ្ងៃ ជាង២០ម៉ោងក្នុងមួយថ្ងៃ សម្រាប់រយៈពេលជិត ២០០០ថ្ងៃ។

លោក Li Zhihua មកពីទីក្រុងសៀងយ៉ាង ខេត្ត Hubei រងរបួសខួរក្បាលធ្ងន់ធ្ងរក្នុងគ្រោះថ្នាក់ចរាចរណ៍ក្នុងឆ្នាំ ២០១៣។ ភរិយារបស់គាត់បានក្លាយជាអ្នកថែរក្សាតែម្នាក់គត់របស់គាត់ ហើយក្រោយមកនាងបានគេងតែ ២ ទៅ ៣ម៉ោងប៉ុណ្ណោះក្នុងមួយថ្ងៃ ដើម្បីសម្អាត ផ្តល់អាហារ និងនិយាយជាមួយគាត់។

រឿងដំបូងបំផុតដែលលោក Li បាននិយាយទៅកាន់ប្រពន្ធរបស់គាត់បន្ទាប់ពីភ្ញាក់ដឹងខ្លួនគឺ "ប្រពន្ធសម្លាញ់ បងស្រឡាញ់អូន!"។

រឿងរ៉ាវដ៏គួរឱ្យស្ញប់ស្ញែងរបស់ពួកគេទាំងពីរត្រូវបានចេញផ្សាយនៅក្នុងសប្តាហ៍នេះដោយសារព័ត៌មានចិនជាច្រើន។ យោងតាមប្រព័ន្ធផ្សព្វផ្សាយចិនបានឱ្យដឹងថា លោក Li ត្រូវបានបុកឱ្យសន្លប់ស្មារតីដោយម៉ូតូមួយគ្រឿងនៅក្នុងខែសីហា ឆ្នាំ២០១៣ ខណៈដែលគាត់ជិះម៉ូតូកូនទាទៅធ្វើការ។

បរិយាយពីស្ថានភាពរបស់គាត់ លោកដុកទ័រ Wan Qing'an បានប្រាប់ទៅអ្នកសារព័ត៌មានថា "ពេលដែលគាត់ត្រូវបានបញ្ជូនដល់មន្ទីរពេទ្យ គាត់បានស្ថិតក្នុងស្ថានភាពមនុស្សរុក្ខជាតិ។ គាត់មិនអាចឆ្លើយតបទៅនឹងអ្វីបានទេ"។ ប្រពន្ធរបស់គាត់វ័យ​ ៥៧ឆ្នាំអ្នកស្រី Zhang Guihuan បានរំលឹកឡើងវិញថា "វេជ្ជបណ្ឌិតបានប្រាប់ខ្ញុំថាវាអាចទៅរួច ដែលគាត់អាចនឹងជម្នះនឹងស្ថានភាពមនុស្សរុក្ខជាតិនេះបាន"។ អ្នកស្រីបាននិយាយថា ខ្លួនមិនមានឆន្ទៈក្នុងការទទួលយកការធ្វើរោគវិនិច្ឆ័យទេ ហើយចង់បង្ហាញឱ្យគ្រូពេទ្យដឹងថាពួកគេកំពុងគិតខុស។

ពីមួយថ្ងៃទៅមួយថ្ងៃ ប្រពន្ធដែលមានចិត្តប្តេជ្ញាដ៏ខ្លាំងក្លារូបនេះ បាននៅក្បែរគ្រែលោក Li ដើម្បីជជែកជាមួយគាត់ និងលេងបទចម្រៀងដែលគាត់ចូលចិត្តដោយសង្ឃឹមថាស្ថានភាពរបស់គាត់នឹងប្រសើរឡើង។

លោកវេជ្ជបណ្ឌិត Wan និយាយថា "ការធ្វើរឿងទាំងនេះ ពិតជាមានសារប្រយោជន៍ខ្លាំងណាស់ដើម្បីជួយជំរុញប្រព័ន្ធសរសៃប្រសាទរបស់គាត់"។

ភរិយាដែលមានឆន្ទៈខ្ពស់រូបនេះបានដេកតែ ២ ទៅ ៣ម៉ោងប៉ុណ្ណោះក្នុងមួយថ្ងៃ ហើយមើលថែលោក Li តាមគ្រប់រូបភាពដែលអាចធ្វើទៅបាន។ ជាលទ្ធផលអ្នកស្រីបានស្រកទម្ងន់អស់ ១០គីឡូក្រាមអំឡុងការមើលថែដ៏អំណត់មួយនេះ។ លោក Li បានដឹងខ្លួនឡើងវិញយ៉ាងអព្ភូតហេតុកាលពីឆ្នាំមុន។ បុរសដ៏មានសំណាងរូបនេះ បានបន្តស្នាក់នៅក្នុងមន្ទីរពេទ្យដើម្បីទទួលការព្យាបាលបន្ថែម។

វីដេអូដែលបានថតកាលពីថ្ងៃពុធកន្លងទៅនៅក្នុងមន្ទីរពេទ្យ បង្ហាញឱ្យឃើញពីសកម្មភាពរបស់ភរិយាលោក Li កំពុងជួយគាត់ឱ្យអនុវត្តការដើរជាមួយនឹងជំនួយពីដងបង្កាន់ដៃដែក៕

 

adverise with khmeread
tiger
Loading ad ...