លោកពូទីនបញ្ជាឱ្យក្រសួងការពារជាតិ "ត្រៀមខ្លួនឆ្លើយតបស៊ីមេទ្រី" បន្ទាប់ពីអាមេរិកសាកល្បងប្រភេទមីស៊ីលហាមឃាត់តាំងពីជាង៣០ឆ្នាំមុន

លោកវ្ល៉ាឌីមៀរ ពូទីនបានបញ្ជាឱ្យក្រសួងការពារជាតិរបស់គាត់វិភាគការគំរាមកំហែងដែលបង្កឡើងដោយមីស៊ីលរបស់អាមេរិក និង ត្រៀមខ្លួន "ធ្វើការឆ្លើយតបស៊ីមេទ្រី"។ នេះបើយោងតាមកាសែត Daily Mail សរសេរកាលពីថ្ងៃសុក្រទី២៣សីហា។

សេចក្តីណែនាំរបស់ប្រធានាធិបតីរុស្ស៊ីធ្វើឡើងបន្ទាប់ពីទីក្រុងវ៉ាស៊ីនតោនបានសាកល្បងមីស៊ីលបញ្ជាទិសធ្លាប់ហាមឃាត់កាលពីជាង៣០ឆ្នាំមុន ឈ្មោះ Tomahawk កាលពីថ្ងៃអាទិត្យសប្តាហ៍មុន។

មន្ទីរបញ្ចកោណបាននិយាយថាមីស៊ីលដែលបាញ់ចេញពីកោះ San Nicolas ក្នុងរដ្ឋកាលីហ្វ័រញ៉ា បានវាយប្រហារចំគោលដៅរបស់វា បន្ទាប់ពីហោះជាង ៥០០ គីឡូម៉ែត្រ។

អាវុធប្រភេទនេះត្រូវបានហាមឃាត់ក្រោមសន្ធិសញ្ញាកម្លាំងនុយក្លេអ៊ែរចម្ងាយមធ្យមឆ្នាំ ១៩៨៧ (INF) ដែលរឹតត្បិតការប្រើប្រាស់អាវុធនុយក្លេអ៊ែរនិងអាវុធចម្ងាយមធ្យមដទៃទៀត។

មូស្គូនិងវ៉ាស៊ីនតោនបានហែកចោលសន្ធិសញ្ញានេះចោលកាលពីដើមខែសីហានេះ បន្ទាប់ពីចោទប្រកាន់គ្នាជាច្រើនខែថាបានរំលោភសន្ធិសញ្ញានេះ។ 

កាលពីថ្ងៃសុក្រម្សិលមិញ លោកពូទីននិយាយថា រុស្ស៊ីមិនអាចឈរឱបដៃមើលបានទេ និងថាការលើកឡើងរបស់អាមេរិកអំពីការដាក់ពង្រាយមីស៊ីលថ្មីៗនៅតំបន់អាស៊ីប៉ាស៊ីហ្វិក គឺប៉ះពាល់ដល់ផលប្រយោជន៍ស្នូលរបស់រុស្ស៊ី ពីព្រោះតំបន់នេះមានទីតាំងស្ថិតនៅកៀកនឹងព្រំដែនរបស់រុស្ស៊ី។ នេះបើយោងតាមអត្ថបទចម្លងជាលាយលក្ខណ៍អក្សរនៃសម្តីរបស់គាត់នៅលើវេបសាយរបស់វិមានក្រឹមឡាំង។ 

លោកពូទីនបាននិយាយថា "អ្នកបានដឹងហើយថា យើងមិនដែលចង់បាន មិនចង់ ហើយនឹងមិនចូលរួមការប្រណាំងប្រជែងសព្វាវុធដ៏ខាតបង់និងដ៏វិនាសកម្មនោះឡើយ"។ 

លោកបានបញ្ជាឱ្យក្រសួងការពារជាតិ និងបណ្តាទីភ្នាក់ងារនានា "ឱ្យចាត់វិធានការគ្រប់ជ្រុងជ្រោយដើម្បីត្រៀមខ្លួនធ្វើការឆ្លើយតបស៊ីមេទ្រី"។ 

និយាយនៅក្នុងកិច្ចប្រជុំមួយរបស់រដ្ឋាភិបាល លោកពូទីននិយាយថា ការបាញ់សាកល្បងមីស៊ីល Tomahawk ដែលមានសមត្ថភាពដឹកក្បាលគ្រាប់នុយក្លេអ៊ែរជាមួយជើងទម្រមីស៊ីល MK-41 បានបញ្ជាក់ឱ្យដឹងអំពីការសង្ស័យជាមុនថា សហរដ្ឋអាមេរិកបានរៀបចំផែនការដាក់សព្វាវុធហាមឃាត់នៅអឺរ៉ុប។ 

លោកពូទីននិយាយថា មូស្គូជំទាស់នឹងការដាក់ជើងទម្របាញ់មីស៊ីលនៅប៉ូឡូញនិងរ៉ូម៉ានី ប៉ុន្តែអាមេរិកបានបដិសេធថា ជើងទម្រទាំងនោះមិនមែនសម្រាប់ប្រើដើម្បីបាញ់មីស៊ីល Tomahawk ទេ។ 

លោកពូទីននិយាយថា "ឥឡូវការពិតនៃការរំលោភច្បាប់គឺឃើញច្បាស់ក្រឡែត្រហើយ ចឹងគ្មានប្រយោជន៍អីត្រូវបដិសេធវាទេ។ សំណួរគឺថា តើយើងធ្វើម៉េចទើបដឹងថាគេដាក់មីស៊ីលអ្វីនៅរ៉ូម៉ានី និង ប៉ូឡូញ?"៕ 

 

adverise with khmeread

អ្នកនឹងចូលចិត្ត

tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab